សន្ដិសុខសង្គម

រដូវប្រាំងហួតហែងងាយបង្កជាអគ្គិភ័យ ស្នងការខេត្តបាត់ដំបងអំពាវនាវឲ្យពលរដ្ឋបង្ការបំពង់ពន្លត់អគ្គិភ័យ និងសម្ភារសង្គ្រោះបឋមផ្សេងៗ

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង÷ រដូវប្រាំងហួតហែង ធ្លាក់ខ្យល់ ងាយឆាបឆេះបង្កជាអគ្គិភ័យ ស្នងការនគរបាលខេត្តបាត់ដំបង អំពាវនាវឲ្យពលរដ្ឋត្រៀមបង្ការបំពង់ពន្លត់អគ្គិភ័យ ប្រភពទាញយកទឹក និងសម្ភារសង្គ្រោះបឋមផ្សេងៗ។

នៅអំឡុងវេលាជិតថ្ងៃត្រង់ ថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ ២០២៥នេះ តាមរយ:ផេកផ្លូវការរបស់ខ្លួន លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងការការពារនូវប្រភពដែលអាចបង្កជាអគ្គិភ័យអាចកើតឡើងបានទាំងនៅតាមលំនៅដ្ឋាន តូបធ្វើអាជីវកម្ម ស្ថានីយប្រេងឥន្ធនៈ ឃ្លាំងផ្ទុកទំនិញ ឬរោងចក្រសហគ្រាសផ្សេងៗឲ្យបានល្អ ចៀសវាងកើតឡើងនូវគ្រោះមហន្តរាយជាយថាហេតុ។

លោកស្នងការបន្តថា÷ ចាប់តាំងដើមខែមករា ឆ្នាំ ២០២៥មក ក្រុងបាត់ដំបង និងសំឡូត បានកើតឡើងនូវករណីអគ្គិភ័យចំនួន ១៨លើក ក្នុងនោះក៏បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៣នាក់ និងខូចខាត​ទ្រព្យសម្បត្តិអស់ លំនៅដ្ឋាន ទ្រព្យសម្បត្តិ ផលដំណាំ ក៏ដូចជាសត្វចិញ្ចឹមមួយចំនួនផងដែរ ហេតុដូចនេះដើម្បីកាត់បន្ថយ​ទប់ស្កាត់ករណីអគ្គិភ័យបាន សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ជាប់ខ្ជួនដូច​ជា ៖ ពិនិត្យឲ្យបានល្អនូវភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងធូប ទៀន ការដុតសំរាម ដុតព្រៃ ដុតចម្ការ ស្រែ ការបោះ​ចោលកន្ទុយបារីផ្ដេសផ្ដាស ការ​តភ្ជាប់ ឬប្រើចរន្ដអគ្គិសនីមិនស្របតាមលក្ខណៈបច្ចេកទេស បូកទាំងការទុក​ដាក់ប្រេងឥន្ធនៈ ឧស្ម័នចំហេះ វត្ថុងាយឆាបឆេះ ឬងាយផ្ទុះឆេះឲ្យបានត្រឹមត្រូវ។

លើសពីនេះ ពលរដ្ឋ កសិករ ក៏គប្បីត្រៀមបម្រុងនូវសម្ភារចាំបាច់មួយ​ចំនួនទៀតដែលអាចសម្រួល ឬអន្តរាគមន៍ទប់ស្កាត់បានទាន់ពេលវេលារួមមាន៖ បំពង់ពន្លត់អគ្គិភ័យ ទុ​យោបាញ់ទឹកនៅជិតប្រភពទឹក ឈើវែង ខ្លី ដែល​អាចតភ្ជាប់ជាតម្ពក់ សម្រាប់ថ្ពក់ទាញកាត់ផ្តាច់ការឆ្លងឆាបឆេះពីឆេះតិចតួច ទៅទ្រង់ទ្រាយធំ។

ចុងក្រោយ ក្រោយពីការត្រៀមបង្ការ បងប្អូនពលរដ្ឋត្រូវផ្តល់ព័ត៌មានជាបន្ទាន់មកកាន់សមត្ថកិច្ចនគរបាលតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ឬអាចទំនាក់​ទំនងតាមលេខទូរ​សព្ទលេខ: ០៨៩ ៩៦០៩៧៩, ០៨៦៧៨៧៩៨៩ និង ០៩៧ ២៧៧០២០០៕