ប្រែសម្រួល៖ ស-សម្បត្តិ

ទីក្រុងប៉េកាំង៖ កាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃទី៦ ខែកុម្ភៈ) ប្រធានាធិបតីចិន ស៊ី ជីនភីង បានថ្លែងអំណរគុណដល់លោកស្រីនាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra (ប៉ែតុងថាន ស៊ីណាវ៉ាត្រា) ចំពោះ «វិធានការរឹងមាំ» ដែលប្រទេសរបស់លោកស្រីបានចាត់វិធានការប្រឆាំងនឹងមជ្ឈមណ្ឌលឆបោកដែលកំពុងគោលដៅប្រជាជនចិនពីប្រទេសមីយ៉ាន់ម៉ាដែលនៅជាប់ព្រំដែន។
ចិនគឺជាទីផ្សារដ៏សំខាន់បំផុតសម្រាប់ប្រទេសថៃ ខណៈដែលប្រទេសនេះកំពុងព្យាយាមស្តារវិស័យទេសចរណ៍របស់ខ្លួនឡើងវិញ ក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩។
ប៉ុន្តែភ្ញៀវទេសចរជាច្រើនបានភ័យខ្លាចដោយសាររបាយការណ៍អំពីការចាប់ជនជាតិចិនដែលមកទស្សនាប្រទេសថៃ និងការនាំយកទៅកាន់មជ្ឈមណ្ឌលឆបោកនៅប្រទេសមីយ៉ាន់ម៉ាដែលនៅជិតខាង។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីថៃនៅទីក្រុងប៉េកាំង លោក ស៊ី បានមានប្រសាសន៍ថា «ចិនកោតសរសើរចំពោះវិធានការរឹងមាំដែលថៃបានចាត់វិធានការប្រឆាំងនឹងល្បែងស៊ីសងតាមអ៊ីនធឺណិត និងការឆបោកតាមទូរសព្ទ និងអនឡាញ» នេះបើយោងតាមការផ្សាយរបស់ស្ថានីយទូរទស្សន៍រដ្ឋ CCTV។
លោកបានបន្ថែមថា «ភាគីទាំងពីរត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការផ្នែកតុលាការ» ដើម្បី «ការពារជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន»។
អាជ្ញាធរថៃកាលពីថ្ងៃពុធបានកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីទៅកាន់តំបន់ចំនួន៥ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាទីតាំងស្ថិតនៅមជ្ឈមណ្ឌលឆបោក។
បាងកកបានពិពណ៌នាអំពីមជ្ឈមណ្ឌលឆបោកទាំងនេះថាជា «បញ្ហាសន្តិសុខជាតិ»។
មជ្ឈមណ្ឌលទាំងនេះបានរីកដុះដាលនៅតាមតំបន់ព្រំដែនគ្មានច្បាប់របស់មីយ៉ាន់ម៉ា ដែលដំណើរការដោយក្រុមឧក្រិដ្ឋជន និងមានបុគ្គលិកជាជនបរទេសដែលត្រូវបានជួញដូរ និងបង្ខំឱ្យបោកប្រាស់សញ្ជាតិរួមរបស់ពួកគេ នៅក្នុងឧស្សាហកម្មមួយដែលអ្នកវិភាគនិយាយថាមានតម្លៃរាប់ពាន់លានដុល្លារ។
កាលពីខែមករា តារាសម្តែងចិន វ៉ាង ស៊ីង ត្រូវបានរាយការណ៍ថាបានជួយសង្គ្រោះចេញពីមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតនៅមីយ៉ាន់ម៉ា។
បន្ទាប់ពីការចាប់ជំរិតដែលបានអះអាងនោះ ចំនួនភ្ញៀវទេសចរចិនដែលមកទស្សនាប្រទេសថៃក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិនបានធ្លាក់ចុះយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ៕
ប្រភព៖ AFP/lh
