អន្តរជាតិ

ក្រសួងពាណិជ្ជកម្មចិនថា ពន្ធគយរបស់សហរដ្ឋអាមេរិកគឺ «អាក្រក់» និង »ឯកតោភាគី»

ប្រែសម្រួល៖ ស-សម្បត្តិ

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិនបានថ្លែងនៅថ្ងៃព្រហស្បតិ៍ (ថ្ងៃទី៦ ខែកុម្ភៈ) ថា ពន្ធគយរបស់សហរដ្ឋអាមេរិកគឺ «អាក្រក់» និង «ឯកតោភាគី» ហើយបានធ្វើឱ្យភាពតានតឹងពាណិជ្ជកម្មពិភពលោកកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធគយលើដៃគូពាណិជ្ជកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិក។

លោក ហេ យ៉ុងឆាន អ្នកនាំពាក្យក្រសួង បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសផ្សេងទៀត ដើម្បីឆ្លើយតបរួមគ្នាទៅនឹងបញ្ហាប្រឈមនៃឯកតោភាគីនិយម និងការការពារពាណិជ្ជកម្ម នៅពេលត្រូវបានសួរអំពីផែនការដាក់ពន្ធគយរបស់សហរដ្ឋអាមេរិកលើប្រទេសកាណាដា និងម៉ិកស៊ិក។

លោក ត្រាំ បានព្យួរការគំរាមដាក់ពន្ធគយ២៥ភាគរយលើប្រទេសម៉ិកស៊ិក និងកាណាដារយៈពេល៣០ថ្ងៃ កាលពីថ្ងៃចន្ទ បន្ទាប់ពីប្រទេសជិតខាងទាំងពីរបាននិយាយថា ពួកគេនឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការត្រួតពិនិត្យព្រំដែន។

ប៉ុន្តែពន្ធគយ១០ភាគរយរបស់សហរដ្ឋអាមេរិកលើទំនិញចិនបានចូលជាធរមាននៅថ្ងៃអង្គារ ដោយលោក ត្រាំ បានព្រមានថា លោកអាចនឹងបង្កើនពន្ធគយនេះ។

សហរដ្ឋអាមេរិកនិយាយថា ចិនគឺជាប្រភពចម្បងនៃសារធាតុគីមីដើមដែលត្រូវបានសំយោគទៅជាថ្នាំហ្វិនតានីល នៅក្នុងប្រទេសម៉ិកស៊ិក។ ប៉ុន្តែចិននិយាយថា ខ្លួនបានចាត់វិធានការសំខាន់ៗដើម្បីបង្ក្រាបសារធាតុគីមី និងការជួញដូរគ្រឿងញៀនខុសច្បាប់ ហើយនឹងប្តឹងប្រឆាំងនឹងពន្ធគយនេះនៅអង្គការពាណិជ្ជកម្មពិភពលោក។

ចិនមានឆន្ទៈក្នុងការដោះស្រាយបញ្ហានេះតាមរយៈការចរចា ប៉ុន្តែនឹងចាត់វិធានការចាំបាច់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួនប្រឆាំងនឹងការ “គំរាមកំហែង” ឯកតោភាគី នេះជាការថ្លែងរបស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន៕

ប្រភព៖ Reuters/ec