ដោយ ៖ បន្ទាយ

បន្ទាយមានជ័យ៖ កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ ពីសិរីសោភ័ណ ដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឬព្រំដែនអន្តរជាតិប្រវែង ៣៥,១៤គីឡូម៉ែត្រ មានវឌ្ឍនភាពដោយអន្លើៗ ។ ក្រុមហ៊ុនសាងសង់សម្រចបានលទ្ធផលសាងសង់បាន ២៩%ហើយ គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ។
នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន គឺលោក ផន រឹម បានឲ្យ Cambodia Flash News(CFN) ដឹងនៅពីថ្ងៃទី០៦ខែកុម្ភ: ។
កំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) គឺជាកំណាត់ចុងក្រោយ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ គម្រោងនៃកំណាត់ចុងក្រោយនេះ នឹងបញ្ចប់ក្នុងអំឡុងឆ្នាំ២០២៦ខាងមុខនេះ។
លោកផន រឹម សូមឲ្យអ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥នេះមេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ឬកាត់បន្ថយការហុយធូលីលើបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ ហើយក៏សុំការយោគយល់ អធ្យាស្រ័យក្នុងពេលដំណើរការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៥នេះ ៕
