អន្តរជាតិ

ការរៀបចំជំនួបរវាងលោក ពូទីន និងលោក ត្រាំ ស្ថិតក្នុងដំណាក់កាលកម្រិតខ្ពស់ បើតាមសមាជិកសភារុស្ស៊ី

ប្រែសម្រួល៖ ស-សម្បត្តិ

ទីក្រុងម៉ូស្គូ៖ ការរៀបចំសម្រាប់ជំនួបរវាងប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កំពុងស្ថិតនៅក្នុង “ដំណាក់កាលកម្រិតខ្ពស់” បើយោងតាមការដកស្រង់សម្ដីសមាជិកសភាជាន់ខ្ពស់ម្នាក់ដោយទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី RIA នៅថ្ងៃព្រហស្បតិ៍ (ថ្ងៃទី៦ ខែកុម្ភៈ)។

ទីភ្នាក់ងារនេះបានដកស្រង់សម្ដីលោក លេអូនីដ ស្លុតស្គី ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាដូម៉ា ដែលបានថ្លែងថា ជំនួបនេះអាចនឹងធ្វើឡើងនៅខែកុម្ភៈ ឬខែមីនា។

លោក ត្រាំ និងលោក ពូទីន បានសម្ដែងបំណងក្នុងការជួបគ្នា ដែលរបៀបវារៈអាចរួមបញ្ចូលការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ និងតម្លៃថាមពលសកល ព្រមទាំងគោលបំណងដែលលោក ត្រាំ បានប្រកាសក្នុងការបញ្ចប់សង្រ្គាមអ៊ុយក្រែនឱ្យបានឆាប់រហ័ស។

លោក ស្លុតស្គី បានថ្លែងថា លោករំពឹងថាពួកគេក៏នឹងពិភាក្សាអំពីស្ថានការណ៍នៅមជ្ឈិមបូព៌ាផងដែរ។

“ការងារនេះទាមទារការរៀបចំយ៉ាងហ្មត់ចត់ ដែល – ខ្ញុំមិនបង្ហាញការសម្ងាត់ទេ – បច្ចុប្បន្នស្ថិតនៅក្នុងដំណាក់កាលកម្រិតខ្ពស់” លោកបានមានប្រសាសន៍។

លោក ស្លុតស្គី បានបដិសេធមិនធ្វើការទស្សន៍ទាយអំពីពេលវេលាជាក់លាក់នៃជំនួបនេះទេ។

“ខែកុម្ភៈ ឬខែមីនា – យើងមិនទាយទេ ហើយសូមផ្ដល់ឱកាសឱ្យថ្នាក់ដឹកនាំរៀបចំវាឱ្យបានល្អិតល្អន់និងគ្រប់ជ្រុងជ្រោយ ប៉ុន្តែវានឹងកើតឡើងក្នុងពេលឆាប់ៗនេះ” RIA បានដកស្រង់សម្ដីលោក៕

ប្រភព៖ Reuters/fh