ប្រែសម្រួល៖ ស-សម្បត្តិ
សេអ៊ូល៖ ក្រុមហ៊ុនអាកាសចរណ៍ Air Busan របស់កូរ៉េខាងត្បូង នឹងមិនអនុញ្ញាតឱ្យអ្នកដំណើរដាក់ថ្មបម្រុង (Power Bank) នៅក្នុងកាបូបដែលត្រូវទុកដាក់ក្នុងទូដាក់អីវ៉ាន់ខាងលើឡើយ។ នេះជាវិធានការបង្ការមុនដែលប្រកាសកាលពីថ្ងៃអង្គារ (ថ្ងៃទី៤ ខែកុម្ភៈ) បន្ទាប់ពីយន្តហោះមួយគ្រឿងរបស់ខ្លួនត្រូវបានភ្លើងឆេះកាលពីសប្តាហ៍មុន។
ការស៊ើបអង្កេតដែលដឹកនាំដោយអាជ្ញាធរកូរ៉េខាងត្បូងទៅលើអគ្គិភ័យនេះបានចាប់ផ្តើមហើយ ប៉ុន្តែមិនទាន់រកឃើញមូលហេតុនៅឡើយទេ។ តាមអ្នកជំនាញ គ្រោះថ្នាក់អាកាសចរណ៍ស្ទើរតែទាំងអស់បណ្តាលមកពីកត្តាជាច្រើនរួមបញ្ចូលគ្នា។
កាបូបយកឡើងយន្តហោះរបស់អ្នកដំណើរដែលត្រូវបានត្រួតពិនិត្យនៅច្រកចេញចូល និងរកឃើញថាគ្មានថ្មបម្រុង នឹងត្រូវបានបិទស្លាក និងអនុញ្ញាតឱ្យដាក់ក្នុងទូដាក់អីវ៉ាន់ខាងលើ។ វិធានការនេះនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃសុក្រនេះលើជើងហោះហើរសាកល្បងមួយចំនួន មុននឹងពង្រីកទៅគ្រប់ជើងហោះហើរទាំងអស់។
ថ្មបម្រុងទាំងឡាយគួរតែត្រូវរក្សាទុកជាមួយអ្នកដំណើរ ដើម្បីឱ្យការឡើងកម្តៅ ផ្សែង ឬភ្លើងអាចត្រូវបានរកឃើញនិងដោះស្រាយបានយ៉ាងឆាប់រហ័ស។
ក្រុមហ៊ុន Air Busan បានឱ្យដឹងថា ការផ្លាស់ប្តូរទាំងនេះ ដែលរួមមានការបណ្តុះបណ្តាលបុគ្គលិកបន្ថែមអំពីការពន្លត់អគ្គិភ័យ និងឧបករណ៍ទប់ស្កាត់អគ្គិភ័យនៅលើយន្តហោះ គឺជាការឆ្លើយតបទៅនឹងការកើនឡើងនៃករណីថ្មបម្រុងឡើងកម្តៅ។
អគ្គិភ័យដែលចាប់ផ្តើមនៅថ្ងៃទី២៨ ខែមករា ខណៈពេលត្រៀមចេញដំណើរទៅហុងកុង ត្រូវបានរកឃើញដំបូងដោយអ្នកបម្រើលើយន្តហោះម្នាក់នៅក្នុងទូដាក់អីវ៉ាន់ខាងលើនៅផ្នែកខាងឆ្វេងផ្នែកខាងក្រោយនៃយន្តហោះ។ អ្នកដំណើរទាំងអស់ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។
ថ្មលីចូម គឺជាប្រភេទថ្មដែលអាចសាកឡើងវិញបាន ដែលមាននៅក្នុងឧបករណ៍ដូចជាកុំព្យូទ័រយួរដៃ ទូរស័ព្ទចល័ត ថេប្លេត ថ្មបម្រុង និងបារីអេឡិចត្រូនិក។
បទដ្ឋានអាកាសចរណ៍សកលបានចែងថា ថ្មទាំងនេះមិនត្រូវដាក់ក្នុងកាបូបដែលត្រូវពិនិត្យឆ្លងកាត់ឡើយ ព្រោះវាអាចបង្កើតអគ្គិភ័យយ៉ាងខ្លាំង ប្រសិនបើមានការឆ្លងចរន្តដោយសារការខូចខាត ឬកំហុសក្នុងការផលិត។
បុគ្គលិកលើយន្តហោះមានឧបករណ៍ពន្លត់អគ្គិភ័យ និងប្រអប់ឬថង់ទប់កម្តៅដើម្បីដាក់ដាច់ដោយឡែកនូវឧបករណ៍ដែលមានបញ្ហានៅលើយន្តហោះ៕
ប្រភព៖ Reuters/dy