បទវិភាគ

អត្ថបទវិភាគ៖ សង្រ្គាមពាណិជ្ជកម្មរបស់លោក Trump ជាមួយប្រទេសចិនទើបតែនឹងចាប់ផ្តើម

ប្រែសម្រួល៖ ស-សម្បត្តិ

ប៉ុន្មានថ្ងៃបន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានស្បថចូលកាន់តំណែងអាណត្តិទីពីរកាលពីខែមុន លោកហាក់បង្ហាញឥរិយាបថសម្របសម្រួលចំពោះប្រទេសចិន ដោយប្រាប់ថ្នាក់ដឹកនាំពិភពលោកនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកថា លោករំពឹងថានឹង “មានទំនាក់ទំនងល្អ” ជាមួយទីក្រុងប៉េកាំង។

សម្តីវិជ្ជមានដែលមិនបានរំពឹងទុក  ជាពិសេសបន្ទាប់ពីការគំរាមដាក់ពន្ធគយរហូតដល់ ៦០ភាគរយលើប្រទេសចិនក្នុងយុទ្ធនាការឃោសនារបស់លោក  បានធ្វើឱ្យអ្នកជំនាញនៅសងខាងប៉ាស៊ីហ្វិកព្យាករណ៍ថានឹងមានកិច្ចព្រមព្រៀងធំមួយរវាងសហរដ្ឋអាមេរិក និងចិន។

  • ពួកគេបានគណនាខុស

កាលពីថ្ងៃសៅរ៍ (ថ្ងៃទី១ ខែកុម្ភៈ) រដ្ឋបាលត្រាំបានបញ្ជាឱ្យដំឡើងពន្ធគយ១០ភាគរយលើទំនិញពីប្រទេសចិន ព្រមទាំងពន្ធគយ២៥ភាគរយលើការនាំចូលពីប្រទេសកាណាដា និងមិកស៊ិក។

បន្ទាប់ពីប៉ុន្មានថ្ងៃនៃការជំរុញឱ្យវ៉ាស៊ីនតោន “គ្រប់គ្រងភាពខុសគ្នា” និង “ជួបចិនពាក់កណ្តាលផ្លូវ” ប៉េកាំងបានតបតវិញនៅថ្ងៃទី៤ ខែកុម្ភៈ ដោយប្រកាសដាក់ពន្ធគយ១៥ភាគរយលើធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ (LNG) របស់សហរដ្ឋអាមេរិក និងពន្ធគយ១០ភាគរយលើប្រេងឆៅ គ្រឿងចក្រកសិកម្ម យានយន្តធុនធ្ងន់ និងរថយន្តដឹកទំនិញ ព្រមទាំងការស៊ើបអង្កេតដោយគោលដៅលើក្រុមហ៊ុន Google។ វិធានការទាំងនេះនឹងចូលជាធរមាននៅថ្ងៃទី១០ ខែកុម្ភៈ។

ទោះបីជាពន្ធគយទាំងនេះត្រូវបានផ្អាក ដូចជាករណីរវាងសហរដ្ឋអាមេរិកជាមួយកាណាដា និងមិកស៊ិកក៏ដោយ ក៏វានឹងមិនបង្ហាញពីការថយចុះនៃសង្រ្គាមពាណិជ្ជកម្មនេះដែរ។

  • សង្រ្គាមពាណិជ្ជកម្មកាន់តែធំកំពុងកើតឡើង

វិធានការតបតទាំងនេះគូសបញ្ជាក់ពីការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។

សម្រាប់សហរដ្ឋអាមេរិក ប្រភពនៃសង្រ្គាមពាណិជ្ជកម្មនេះចាប់ផ្តើមពីការដែលចិនមិនបានគោរពតាមការប្តេជ្ញារបស់ខ្លួនក្នុងអង្គការពាណិជ្ជកម្មពិភពលោក (WTO) បន្ទាប់ពីចូលជាសមាជិកក្នុងឆ្នាំ២០០១ និងយ៉ាងហោចណាស់១០ឆ្នាំមុន នៅពេលប៉េកាំងបានដាក់ចេញគម្រោង Made in China 2025 ដែលជាគោលនយោបាយឧស្សាហកម្មដ៏មហិច្ឆតាដែលមានគោលដៅគ្រប់គ្រងវិស័យសំខាន់ៗនៃសតវត្សរ៍ទី២១ តាមរយៈការឧបត្ថម្ភធនរបស់រដ្ឋ និងការបង្កើតឱកាសមិនស្មើគ្នាសម្រាប់អាជីវកម្មបរទេស។

បន្ថែមលើការបង្ខំឱ្យផ្ទេរបច្ចេកវិទ្យា ការលួចតាមអ៊ីនធឺណិត និងការដែលចិនខកខានមិនបានគោរពតាមការប្តេជ្ញាផ្នែកពាណិជ្ជកម្មរបស់ខ្លួន សហរដ្ឋអាមេរិករកឃើញហេតុផលគ្រប់គ្រាន់សម្រាប់ការដាក់ពន្ធគយដែលអនុវត្តដោយរដ្ឋបាលលោក Trump និង Biden និងការដាក់ពន្ធថ្មីក្នុងរដ្ឋបាល Trump 2.0។

ពីទស្សនៈរបស់វ៉ាស៊ីនតោន ចិនមិនមែនកំពុងព្យាយាមជៀសវាងសង្រ្គាមពាណិជ្ជកម្មទេ – គឺគ្រាន់តែចង់គេចពីការសងសឹកចំពោះសង្រ្គាមដែលខ្លួនបានចាប់ផ្តើមតែប៉ុណ្ណោះ។

នៅសល់ប៉ុន្មានថ្ងៃទៀតមុនពេលពន្ធគយតបតរបស់ចិនចូលជាធរមាន និងមានរបាយការណ៍បង្ហាញថាចិនកំពុងរៀបចំសំណើដំបូងសម្រាប់ការចរចាពាណិជ្ជកម្ម។ យោងតាមកាសែត Wall Street Journal សំណើនេះពាក់ព័ន្ធនឹងការរំឭកឡើងវិញនូវកិច្ចព្រមព្រៀង “ដំណាក់កាលទី១” ដែលលោក Trump បានចុះហត្ថលេខាជាមួយប្រធានាធិបតីចិន Xi Jinping ក្នុងឆ្នាំ២០២០។ មេដឹកនាំទាំងពីររូបត្រូវបានគ្រោងធ្វើការសន្ទនាតាមទូរស័ព្ទនៅសប្តាហ៍នេះ។

ទោះយ៉ាងណា សម្រាប់ដំណោះស្រាយពិតប្រាកដពីទស្សនៈរបស់វ៉ាស៊ីនតោន ចិនត្រូវតែឈានហួសពីគ្រាន់តែទិញអ្វីៗបន្ថែមពីសហរដ្ឋអាមេរិក និងត្រូវងាកចេញពីផ្លូវបច្ចុប្បន្នរបស់ខ្លួន។ ពិតណាស់ ចិនមិនចង់បានពន្ធគយពីសហរដ្ឋអាមេរិកទេ ប៉ុន្តែវាពិបាកនឹងមើលឃើញថាចិននឹងផ្លាស់ប្តូរឥរិយាបថជាក់ស្តែងណាមួយដើម្បីទប់ស្កាត់សហរដ្ឋអាមេរិកពីវិធានការតបតហួសពីពន្ធគយ ដូចជាការរឹតត្បិតការវិនិយោគ និងការរឹតត្បិតការនាំចេញដែលគោលដៅលើសមត្ថភាពរបស់ចិនក្នុងការផលិតសេមីកុងឌុចទ័រកម្រិតខ្ពស់។

អ្នកវិភាគចង្អុលបង្ហាញថា ការដែលចិនត្រូវបានដាក់ពន្ធគយ១០ភាគរយ ខណៈដែលកាណាដា និងមិកស៊ិកត្រូវបានដាក់ពន្ធគយ២៥ភាគរយ គឺជាភស្តុតាងថាលោក Trump កំពុងរៀបចំឆាកសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មនាពេលអនាគត។វាមិនមែនដូច្នោះទេ។

លោក Michael Cunningham នៃមជ្ឈមណ្ឌលសិក្សាអាស៊ីនៅមូលនិធិ Heritage បានប្រាប់ខ្ញុំថា លោក Trump ទំនងជាត្រូវចាត់វិធានការប្រឆាំងនឹងប៉េកាំងច្រើនដងក្នុងអំឡុងអាណត្តិប្រធានាធិបតីរបស់លោក។

“ខ្ញុំមិននិយាយថាលោក Trump ធ្វើស្រាលៗជាមួយចិនដោយគ្រាន់តែដាក់ពន្ធគយ១០ភាគរយទេ។ លោកបានធ្វើកិច្ចព្រមព្រៀងជាមួយកាណាដា និងមិកស៊ិកដើម្បីផ្អាកពន្ធគយរបស់ពួកគេ ប៉ុន្តែពន្ធគយលើចិនបានដំណើរការទៅមុខតាមផែនការ ហើយលោកបាននិយាយច្រើនដងថានឹងមានពន្ធគយបន្ថែមទៀត” Cunningham បាននិយាយ។

Cunningham បានបន្ថែមថា “ការធ្វើបែបនេះបញ្ជូនសារថាលោកមានភាពម៉ឺងម៉ាត់ ដែលផ្តល់ឱ្យលោកនូវអំណាចក្នុងការចរចា ដោយមិនដើរលឿនពេកមុនក្រុមការងាររបស់លោកដែលកំពុងពិនិត្យពាណិជ្ជកម្មអាមេរិក-ចិន ដែលប្រហែលជានឹងជួយណែនាំផែនការពន្ធគយនាពេលអនាគត។”

លោកស្រី Barbara Weisel អតីតជំនួយការតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានផ្តល់ទស្សនៈផ្សេង។

“លោក Trump បានបង្ហាញច្បាស់ថាលោកត្រៀមខ្លួនធ្វើកិច្ចព្រមព្រៀងជាមួយលោក Xi ដែលលោកជឿថាមានទំនាក់ទំនងពិសេសជាមួយគ្នា ទោះបីជាការវាយតប់គ្នាអាចកើតឡើងច្រើនជុំក៏ដោយ” លោកស្រីបានប្រាប់ខ្ញុំ។

“ជាចុងក្រោយ ថាតើយើងនឹងឃើញសង្រ្គាមពន្ធគយអាមេរិក-ចិនអូសបន្លាយឬអត់ អាចនឹងអាស្រ័យលើថាតើចិនចាប់អារម្មណ៍លេងល្បែងរបស់លោក Trump ឬអត់។ ចិនអាចជ្រើសរើសសាកល្បងថាតើត្រូវផ្តល់អ្វីតិចតួចប៉ុណ្ណាដើម្បីទិញចិត្តលោក Trump ឬផ្ទុយទៅវិញ បង្កើនភ្នាល់ដោយប្រើប្រាស់អំណាចរបស់ខ្លួនលើសហរដ្ឋអាមេរិក។”

  • ដល់កម្រិតកំណត់

គ្រាន់តែប៉ុន្មានសប្តាហ៍ក្នុងអាណត្តិប្រធានាធិបតីរបស់លោក ការព្យាករណ៍ជំហានបន្ទាប់របស់លោក Trump គឺគ្មានប្រយោជន៍។

កាលពីប៉ុន្មានថ្ងៃមុន ការពិភាក្សាគ្នាបានផ្ទុះឡើងអំពីទិសដៅនៃសង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើង។ បន្ទាប់មក លោក Trump បានយល់ព្រមផ្អាកពន្ធគយលើកាណាដា និងមិកស៊ិករយៈពេល៣០ថ្ងៃ បន្ទាប់ពីសម្រេចបានកិច្ចព្រមព្រៀងនាទីចុងក្រោយជាមួយប្រទេសជិតខាងស្តីពីការពង្រឹងការគ្រប់គ្រងព្រំដែន។

ទាក់ទងនឹងរឿងនេះ លោក Mike McCurry អ្នកនាំពាក្យសេតវិមានក្រោមរដ្ឋបាលប្រធានាធិបតី Clinton បានប្រាប់ខ្ញុំថា៖ “ខ្ញុំគិតថានេះគ្រាន់តែជាការបលុពប៉ុណ្ណោះ។ កាណាដា និងមិកស៊ិកគ្រាន់តែធ្វើអ្វីដែលពួកគេកំពុងធ្វើរួចហើយ ប៉ុន្តែឃើញថាវាជាផលប្រយោជន៍របស់ពួកគេក្នុងការឱ្យលោក Trump ប្រកាសជ័យជម្នះ។ ការដោះស្រាយជាមួយចិននឹងមានភាពស្មុគស្មាញជាងនេះ។”

មិនដូចប្រធានាធិបតីអាមេរិកណាផ្សេងទេ លោក Donald Trump លេងនយោបាយពិភពលោករហូតដល់ដែនកំណត់។

  • លោក Xi Jinping ក៏ដូចគ្នាដែរ

ដោយសន្តិសុខជាតិឥឡូវនេះលើសពីសេដ្ឋកិច្ចនៅពេលនិយាយដល់គោលនយោបាយពាណិជ្ជកម្ម ការរក្សាតុល្យភាពរវាងសហរដ្ឋអាមេរិក និងចិនកាន់តែមានគ្រោះថ្នាក់។

ការចូលរួមរបស់ចិនក្នុងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែបានក្លាយជាចំណុចក្តៅ ដូចដែលបានបង្ហាញតាមរយៈដំណើរទស្សនកិច្ចអន្តរជាតិដំបូងរបស់រដ្ឋមន្ត្រីការបរទេស Marco Rubio ទៅអាមេរិកកណ្តាល និងការផ្តោតយ៉ាងខ្លាំងរបស់លោក Trump លើព្រែកប៉ាណាម៉ា ដូចដែលអតីតមន្ត្រីរដ្ឋ និងតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំអាមេរិកឡាទីន Kellie Meiman Hock បានលើកឡើងប្រាប់ខ្ញុំ។ ការផ្តោតអារម្មណ៍នៃការរឹតត្បិតឈីបរបស់សហរដ្ឋអាមេរិកលើចិនក៏បានពង្រីកទៅប្រទេសផ្សេងទៀតថ្មីៗនេះដែរ។

ដោយសារទំនាក់ទំនងប្រទាំងប្រទើសរវាងសហរដ្ឋអាមេរិកនិងចិន បញ្ហាទូលំទូលាយសម្រាប់រដ្ឋាភិបាលផ្សេងទៀតគឺជាបញ្ហានៃទំនុកចិត្តដែលសហរដ្ឋអាមេរិកមានចំពោះពួកគេ មិនមែនជាបញ្ហានៃការរំលោភជាក់លាក់ណាមួយឡើយ។

ទោះបីជាមានកិច្ចព្រមព្រៀងអស្ចារ្យមួយកើតឡើងរវាងចិននិងសហរដ្ឋអាមេរិក ហើយពន្ធគយថ្មីត្រូវបានលុបចោលក៏ដោយ ភាពតានតឹងនឹងនៅតែមាន ហើយការប្រកួតប្រជែងនឹងវិវត្តទៅជាសមរភូមិថ្មី។

ខណៈដែលរឿងរ៉ាវពាណិជ្ជកម្មអាចផ្អាក សង្រ្គាមបច្ចេកវិទ្យានឹងបន្តដោយគ្មានការរាថយ។ លោក Trump ទំនងជានឹងផ្តល់សិទ្ធិទូលំទូលាយដល់ក្រុមប្រឆាំងចិននៅជុំវិញលោក និងនៅក្នុងសភា ទាំងក្រុមប្រជាធិបតេយ្យនិងសាធារណរដ្ឋ ដែលមើលឃើញការបន្តពង្រឹងការរឹតត្បិតបច្ចេកវិទ្យានិងការវិនិយោគលើចិនថាជាអាទិភាពកំពូល។

ភ្នាល់កាន់តែខ្ពស់ឥឡូវនេះសម្រាប់រដ្ឋាភិបាលទាំងអស់ ជាពិសេសទាក់ទងនឹងសហរដ្ឋអាមេរិកនិងចិន។

Steven Okun ជានាយកប្រតិបត្តិក្រុមហ៊ុន APAC Advisors មានមូលដ្ឋាននៅសិង្ហបុរី និងបានបម្រើការក្នុងរដ្ឋបាល Clinton ក្នុងតួនាទីជាអនុប្រធានទីប្រឹក្សាច្បាប់នៃក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក៕

ប្រភព៖ CNA/aj