កីឡា

អតីតកីឡាករប្រដាល់ហ្វីលីពីន ម៉ានី ប៉ាគីអាវ (Manny Pacquiao) ចូលរួមក្នុងកម្មវិធីប្រកួតប្រជែងតាមទូរទស្សន៍ Physical របស់ Netflix រដូវកាលថ្មី

ប្រែសម្រួល៖ តារា

Netflix Korea បានប្រកាសកាលពីថ្ងៃអង្គារ (ថ្ងៃទី៤ ខែកុម្ភៈ) ថា អតីតកីឡាករប្រដាល់ដ៏ល្បីល្បាញជនជាតិហ្វីលីពីន និងជាអតីតសមាជិកព្រឹទ្ធសភា ម៉ានី ប៉ាគីអាវ  (Manny Pacquiao) នឹងចូលរួមក្នុងរដូវកាលទី៣ នៃកម្មវិធីប្រកួតប្រជែងកីឡាដ៏ពេញនិយមរបស់ Netflix ដែលមានឈ្មោះថា Physical: Asia។

ដូចដែលឈ្មោះបានបង្ហាញស្រាប់ Physical: Asia នឹងដាក់បញ្ចូលគ្នារវាងអត្តពលិក និងកីឡាករមកពីប្រទេសនានាទូទាំងអាស៊ី ក្នុងការប្រកួតប្រជែងដ៏តានតឹងដែលសាកល្បងភាពស៊ូទ្រាំ ល្បឿន និងកម្លាំង។

លោក ប៉ាគីអាវ នឹងតំណាងឱ្យប្រទេសហ្វីលីពីន។ ការចូលរួមរបស់លោកក្នុងកម្មវិធីនេះត្រូវបានប្រកាសនៅក្នុងកម្មវិធី Next On Netflix 2025 Korea ដែលប្រារព្ធធ្វើនៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដែលក៏បានផ្តល់ព័ត៌មានថ្មីៗអំពីកម្មវិធីដែលនឹងចេញផ្សាយនាពេលខាងមុខ ដូចជា Culinary Class Wars រដូវកាលទី២។

លោក យូ គី-ហ្វាន នាយកផ្នែកខ្លឹមសាររបស់ Netflix Korea បានមានប្រសាសន៍ថា៖ “លើកនេះ យើងពង្រីកទៅកាន់ឆាកអាស៊ីជាមួយនឹង Physical: Asia។ អ្នកប្រកួតប្រជែងខាងកាយសម្បទាដ៏ខ្លាំងពូកែបំផុតមកពីប្រទេសអាស៊ីផ្សេងៗនឹងប្រកួតប្រជែងគ្នាក្នុងការប្រកួតជាក្រុមជាតិ ដើម្បីកិត្តិយសប្រទេសរបស់ពួកគេ។”

“រដូវកាលនេះធ្វើតាមទម្រង់ក្រុមជាតិ ដែលប្រសិនបើប្រទេសមួយត្រូវបានលុបចោល អ្នកប្រកួតទាំងអស់របស់ប្រទេសនោះក៏ត្រូវលុបចោលដែរ។”

លោកបានបន្ថែមថា៖ “ដោយសារវាជាការប្រកួតថ្នាក់ជាតិ ខ្ញុំនឹងគាំទ្រប្រទេសកូរ៉េ ប៉ុន្តែខ្ញុំក៏សង្ឃឹមថា ម៉ានី ប៉ាគីអាវនឹងអាចឈានដល់វគ្គផ្តាច់ព្រ័ត្រដែរ។”

កាលបរិច្ឆេទចេញផ្សាយសម្រាប់ Physical: Asia មិនទាន់ត្រូវបានប្រកាសនៅឡើយទេ។

ដែលត្រូវបានចាត់ទុកថាជាកីឡាករប្រដាល់ល្អបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រ ម៉ានី ប៉ាគីអាវ នៅតែជាអ្នកប្រដាល់តែម្នាក់គត់ដែលឈ្នះពានជើងឯកពិភពលោកក្នុងទម្ងន់ប្រាំបីថ្នាក់ ដោយឈ្នះខ្សែក្រវាត់ WBC Flyweight នៅឆ្នាំ១៩៩៨ និងខ្សែក្រវាត់ WBA (Super) Welterweight នៅឆ្នាំ២០១៩។

នៅឆ្នាំ២០១០ លោកត្រូវបានជ្រើសតាំងជាសមាជិកសភាតំណាងរាស្ត្រនៃប្រទេសហ្វីលីពីន តំណាងឱ្យស្រុក Sarangani និងក្លាយជាសមាជិកព្រឹទ្ធសភាពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២។ លោកក៏បានឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៅឆ្នាំ២០២២ និងទទួលបានលេខរៀងទី៣៕

ប្រភព៖ CNA/hq