ប្រែសម្រួល៖ ស-សម្បត្តិ
វ៉ាស៊ីនតោន៖ សេវាប្រៃសណីយ៍សហរដ្ឋអាមេរិក (USPS) បានប្រកាសកាលពីថ្ងៃអង្គារ (ថ្ងៃទី៤ ខែកុម្ភៈ) ថាខ្លួនកំពុងផ្អាកជាបណ្ដោះអាសន្ននូវការដឹកជញ្ជូនកញ្ចប់ចូលពីប្រទេសចិន និងហុងកុង បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ពន្ធគយបន្ថែមលើទំនិញចិន។
ការផ្អាកនេះនឹងអនុវត្តរហូតដល់មាន “ការជូនដំណឹងបន្ថែម” ហើយធ្វើឡើងបន្ទាប់ពីលោក ត្រាំ បានចេញបទបញ្ជាឱ្យដាក់ពន្ធគយបន្ថែម ១០ ភាគរយទៅលើទំនិញនាំចូលពីចិន ចាប់ពីថ្ងៃអង្គារនេះ។
បទបញ្ជានេះដែលត្រូវបានបង្ហាញកាលពីចុងសប្តាហ៍ ក៏បានលុបចោលការលើកលែងពន្ធសម្រាប់កញ្ចប់តម្លៃទាបផងដែរ។
ការលើកលែងដែលហៅថា “ដឺ មីនីមីស” អនុញ្ញាតឱ្យទំនិញដែលមានតម្លៃ ៨០០ ដុល្លារអាមេរិក ឬតិចជាងនេះ អាចចូលទៅសហរដ្ឋអាមេរិកដោយមិនបង់ពន្ធគយ ឬពន្ធផ្សេងៗ។
ប៉ុន្តែការអនុវត្តនេះកំពុងស្ថិតក្រោមការត្រួតពិនិត្យ ដោយសារតែមានកំណើននៃការដឹកជញ្ជូនដែលទាមទារការលើកលែងនេះក្នុងប៉ុន្មានឆ្នាំចុងក្រោយ។
មន្ត្រីអាមេរិកបានចង្អុលបង្ហាញថា កំណើននៃក្រុមហ៊ុនលក់រាយតាមអនឡាញដែលបង្កើតដោយជនជាតិចិនដូចជា Shein និង Temu គឺជាកត្តាសំខាន់នៃការកើនឡើងនេះ ហើយការផ្អាកនៅថ្ងៃអង្គារនេះអាចធ្វើឱ្យមានការពន្យារពេលដឹកជញ្ជូនកញ្ចប់ពីក្រុមហ៊ុនទាំងពីរចូលទៅក្នុងប្រទេស។
វ៉ាស៊ីនតោនកំពុងព្យាយាមពង្រឹងច្បាប់នេះ ដោយលើកឡើងថាកំណើននៃការដឹកជញ្ជូនធ្វើឱ្យកាន់តែពិបាកក្នុងការត្រួតពិនិត្យទំនិញរកហានិភ័យសន្តិសុខ។
ទោះជាយ៉ាងណា USPS មិនបានផ្តល់ហេតុផលសម្រាប់ការផ្អាករបស់ខ្លួននៅថ្ងៃអង្គារនេះទេ។
ក្រុមហ៊ុនលក់រាយផ្សេងទៀតដូចជា Amazon ក៏អាចរងផលប៉ះពាល់ផងដែរ៕
ប្រភព៖ AFP/dy