បច្ចេកវិទ្យា

ក្រសួងហិរញ្ញវត្ថុឥណ្ឌាស្នើឲ្យបុគ្គលិកជៀសវាងប្រើប្រាស់ឧបករណ៍បញ្ញាសិប្បនិម្មិត(AI) ដូចជា ChatGPT និង DeepSeek

ប្រែសម្រួល ៖ លន ស្រស់

ញូវដេលី៖ ក្រសួងហិរញ្ញវត្ថុឥណ្ឌាបានស្នើឲ្យបុគ្គលិករបស់ខ្លួនជៀសវាងការប្រើប្រាស់ឧបករណ៍បញ្ញាសិប្បនិម្មិត(AI)  រួមទាំង ChatGPT និង DeepSeek សម្រាប់ការងារផ្លូវការ ដោយលើកឡើងពីហានិភ័យចំពោះការសម្ងាត់នៃឯកសារ និងទិន្នន័យរដ្ឋាភិបាល យោងតាមសេចក្តីណែនាំផ្ទៃក្នុងរបស់ក្រសួង។

ប្រទេសមួយចំនួនដូចជាអូស្ត្រាលី និងអ៊ីតាលី បានដាក់ការរឹតត្បិតស្រដៀងគ្នានេះលើការប្រើប្រាស់ DeepSeek ដោយលើកឡើងពីហានិភ័យសន្តិសុខទិន្នន័យ។ របាយការណ៍នៃសេចក្តីណែនាំនេះបានលេចឡើងនៅលើបណ្តាញសង្គមកាលពីថ្ងៃអង្គារ មុនពេលដំណើរទស្សនកិច្ចគ្រោងទុករបស់លោក Sam Altman ប្រធាន OpenAI មកកាន់ប្រទេសឥណ្ឌានៅថ្ងៃពុធ ដែលគាត់ក៏នឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាព័ត៌មានផងដែរ។

“វាត្រូវបានកំណត់ថា ឧបករណ៍បញ្ញាសិប្បនិម្មិត និងកម្មវិធីបញ្ញាសិប្បនិម្មិត (ដូចជា ChatGPT, DeepSeek ជាដើម) នៅក្នុងកុំព្យូទ័រការិយាល័យ និងឧបករណ៍នានា បង្កហានិភ័យដល់ការសម្ងាត់នៃទិន្នន័យ និងឯកសាររដ្ឋាភិបាល” នេះជាសេចក្តីណែនាំរបស់ក្រសួងហិរញ្ញវត្ថុឥណ្ឌាចុះថ្ងៃទី២៩ ខែមករា កន្លងទៅ។

អ្នកតំណាងក្រសួងហិរញ្ញវត្ថុឥណ្ឌា ក្រុមហ៊ុនម្ចាស់ ChatGPT គឺ OpenAI និង DeepSeek មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។

មន្ត្រីក្រសួងហិរញ្ញវត្ថុ៣រូបបានថ្លែងថា លិខិតនេះពិតជាត្រឹមត្រូវ ហើយត្រូវបានចេញផ្សាយផ្ទៃក្នុងនៅសប្តាហ៍នេះ។

Reuters មិនអាចបញ្ជាក់ភ្លាមៗបានទេថាតើការណែនាំស្រដៀងគ្នានេះត្រូវបានចេញសម្រាប់ក្រសួងផ្សេងទៀតនៃប្រទេសឥណ្ឌាដែរឬទេ។

OpenAI កំពុងប្រឈមនឹងសម្ពាធនៅឥណ្ឌា ដោយសារជម្លោះរំលោភកម្មសិទ្ធិបញ្ញាដ៏ធំមួយជាមួយស្ថាប័នព័ត៌មានធំៗរបស់ប្រទេស ហើយបានថ្លែងនៅក្នុងឯកសារតុលាការថា ក្រុមហ៊ុនមិនមានម៉ាស៊ីនមេនៅក្នុងប្រទេសទេ ហើយតុលាការឥណ្ឌាមិនគួរស្តាប់រឿងនេះទេ៕…

ប្រភព៖ Reuters