ប្រែសម្រួល៖ ស្រីនិច
តារាចម្រៀងរ៉េប កាន់យេ វ៉េស្ត បានអួតអាងថា ភរិយារបស់គាត់ ប៊ីយ៉ាងកា សិនសូរី បានបង្កចលនានៅលើអ៊ីនធឺណិត ដោយសារតែការស្លៀកពាក់សម្លៀកបំពាក់ថ្លានៅក្នុងកម្មវិធី Grammy Awards។
តារាចម្រៀងដែលមានភាពចម្រូងចម្រាសរូបនេះ ត្រូវបានគេចោទប្រកាន់ដោយមនុស្សជាច្រើនថា បានបង្ខំភរិយារបស់គាត់ឱ្យបង្ហាញផ្នែកឯកជននៃរាងកាយ តាមរយៈការស្លៀកពាក់សម្លៀកបំពាក់ថ្លានៅលើកម្រាលព្រំក្រហមនៅក្នុងកម្មវិធីនៅទីក្រុងឡូសអានជឺលេសកាលពីថ្ងៃអាទិត្យ (ថ្ងៃទី២ ខែកុម្ភៈ)។
ឥឡូវនេះ គាត់បានបង្ហោះនៅលើគណនី Instagram របស់គាត់អំពីស្ថិតិដែលបង្ហាញថា រូបកាយទទេរបស់សិនសូរី បានទទួលការស្វែងរកនៅលើ Google ច្រើនជាងអ្នកឈ្នះពានរង្វាន់នៅក្នុងពិធីប្រគំតន្ត្រីនេះ។ ស្ថិតិពី Google ដែលបានបង្ហោះដោយតារាចម្រៀងរ៉េបរូបនេះនៅក្នុង Instagram Stories របស់គាត់បានបង្ហាញថា ព្រឹត្តិការណ៍នេះបានធ្វើឱ្យមានការស្វែងរកឈ្មោះសិនសូរីលើសពី ៥ លានដង។
លោក វ៉េស្ត អាយុ ៤៧ ឆ្នាំ ក៏បានប្រកាសថា “យើងបានឈ្នះ Grammy” និងបានសរសើរសិនសូរី ដែលជាប្រធានផ្នែកស្ថាបត្យកម្មនៅក្រុមហ៊ុនម៉ូតរបស់គាត់ Yeezy ថាជា “មនុស្សដែលត្រូវបានគេស្វែងរកច្រើនជាងគេបំផុតនៅលើភពផែនដី”។
មានរបាយការណ៍ខុសៗគ្នាអំពីថាតើពួកគេត្រូវបានគេស្នើឱ្យចាកចេញពីកីឡដ្ឋាន Crypto.com Arena បន្ទាប់ពីព្រឹត្តិការណ៍នេះ ឬក៏ពួកគេបានចាកចេញដោយខ្លួនឯង។
ខណៈពេលដែលគាត់អួតអាងថាបានឈ្នះ Grammy ប៉ុន្តែវាមិនបានផ្តល់ផលប្រយោជន៍ច្រើនដល់ស្ថានភាពហិរញ្ញវត្ថុ ឬកិត្តិនាមរបស់លោក វ៉េស្ត នោះទេ ដោយតារាចម្រៀងរ៉េបរូបនេះត្រូវបានគេនិយាយថាបានបាត់បង់កិច្ចសន្យាដែលមានតម្លៃ ២០ លានដុល្លារអាមេរិកនៅប្រទេសជប៉ុន ដោយសារតែព្រឹត្តិការណ៍នេះ។
ប្រភពមួយបានប្រាប់ទៅកាន់គេហទំព័រព័ត៌មានអង់គ្លេស DailyMail.com ថា៖ “កាន់យេ កំពុងតែបំផ្លាញឱកាសទាំងអស់ដែលមកដល់គាត់។ ព្រឹត្តិការណ៍នេះគឺគួរឱ្យព្រឺខ្លាចលើសពីការស្មាន ហើយត្រូវបានគេទទួលដោយក្តីរន្ធត់នៅប្រទេសជប៉ុន។”
លោក វ៉េស្ត ត្រូវបានគ្រោងធ្វើការសម្តែងចំនួនពីរដងនៅកីឡដ្ឋាន Tokyo Dome នៅខែឧសភា ប៉ុន្តែព្រឹត្តិការណ៍ចុងក្រោយរបស់គាត់បានធ្វើឱ្យអ្នករៀបចំព្រឹត្តិការណ៍នៅប្រទេសជប៉ុនផ្លាស់ប្តូរគំនិត៕/
ប្រភព៖ Others/Bang Showbiz/cg”