ប្រែសម្រួល៖ រតនា

ក្រសួងដឹកជញ្ជូនជប៉ុនបានព្យួរការហោះហើររបស់អតីតអ្នកបើកយន្តហោះក្រុមហ៊ុន Japan Airlines (JAL) ពីរនាក់នៅថ្ងៃអង្គារ (ថ្ងៃទី៤ ខែកុម្ភៈ) ដោយសារការផឹកគ្រឿងស្រវឹងហួសកម្រិតមុនពេលហោះហើរ និងការកុហកទៅនិយោជករបស់ខ្លួន។
ក្រសួងបានឱ្យដឹងថា អតីតមេបញ្ជាការទាំងពីរនាក់នេះ “បានផឹកគ្រឿងស្រវឹងលើសកម្រិតកំណត់ ទោះបីជាពួកគេដឹងអំពីវិធានដែលកំណត់បរិមាណគ្រឿងស្រវឹងដែលអាចប្រើប្រាស់បាន ១២ ម៉ោងមុនពេលហោះហើរតាមកាលវិភាគ”។
អ្នកទាំងពីរ “បានផ្តល់ការពន្យល់មិនពិតទៅក្រុមហ៊ុនក្រោយពេលមកដល់ និងព្យាយាមបិទបាំងការផឹកគ្រឿងស្រវឹងហួសកម្រិត” ក្រសួងបានឱ្យដឹង ដោយព្យួរការងាររហូតដល់ ៧ ខែ។
អ្នកទាំងពីរត្រូវបានបណ្តេញចេញពីក្រុមហ៊ុន JAL បន្ទាប់ពីជើងហោះហើរពីទីក្រុងម៉េលបើនទៅទីក្រុងតូក្យូកាលពីខែធ្នូត្រូវបានពន្យារពេល ៣ ម៉ោង ដោយសារគេរកឃើញជាតិអាល់កុលលើសកម្រិតអនុញ្ញាតក្នុងខ្លួនពួកគេ។
JAL បានឱ្យដឹងកាលពីខែមុនថា ថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួនពីររូបរបស់ខ្លួននឹងត្រូវកាត់ប្រាក់បៀវត្សរ៍ ៣០ ភាគរយរយៈពេលពីរខែ ដោយសារឧប្បត្តិហេតុនេះ។
ក្រសួងដឹកជញ្ជូនបានណែនាំឱ្យ JAL កាលពីឆ្នាំមុនឱ្យចាត់វិធានការបង្ការ បន្ទាប់ពីជើងហោះហើរពីដាឡាសទៅតូក្យូត្រូវបានលុបចោល ដោយសារអ្នកបើកយន្តហោះម្នាក់បានបង្កការរំខានបន្ទាប់ពីស្រវឹងនៅសណ្ឋាគារមួយ។
ជប៉ុនបានដាក់ចេញបទប្បញ្ញត្តិថ្មីក្នុងឆ្នាំ ២០១៩ ដើម្បីបង្ក្រាបការប្រើប្រាស់គ្រឿងស្រវឹងដោយអ្នកបើកយន្តហោះ បន្ទាប់ពីមានឧប្បត្តិហេតុជាច្រើនត្រូវបានចុះផ្សាយជាព័ត៌មាន។
ក្រុមហ៊ុន All Nippon Airways បានពន្យារពេលជើងហោះហើរក្នុងស្រុកមួយក្នុងឆ្នាំនោះ បន្ទាប់ពីអ្នកបើកយន្តហោះរងម្នាក់បានបរាជ័យក្នុងការធ្វើតេស្តខ្យល់ដង្ហើមរកជាតិអាល់កុល។

ក្នុងឆ្នាំ ២០១៨ អ្នកបើកយន្តហោះរងម្នាក់របស់ JAL ត្រូវបានចាប់ខ្លួននៅប្រទេសអង់គ្លេសភ្លាមៗមុនពេលហោះហើរ ដោយសារមានជាតិអាល់កុលក្នុងឈាមស្ទើរតែ ១០ ដងលើសកម្រិតច្បាប់កំណត់៕
ប្រភព៖ AFP/fh
