សេដ្ឋកិច្ច

ផលិតករទ្រូឈ្នាងអង្រុតអំពាវនាវដល់ផ្នែកពាក់ព័ន្ធជួយរកទីផ្សារដើម្បីបន្តរក្សាកេរដំណែលសម្បត្តិវប្បធម៌ខ្មែរ

ដោយ៖កំចាយ

កំពត÷ ដោយសារតែការលក់ផលិតផលស្ថិតនៅលើតម្លៃ និងកាលវេលាកំណត់របស់ឈ្មួញកណ្តាល អ្នកផលិតទ្រូ ឈ្នាង អង្រុត បានអំពាវនាវដល់គ្រប់ផ្នែកពាក់ព័ន្ធជួយរកទីផ្សារឲ្យទូលំទូលាយដើម្បីពួកគាត់មានកម្លាំងចិត្តថែរក្សាចំណេះជំនាញដែលជាកេរដំណែលសម្បត្តិវប្បធម៌ខ្មែរបន្តទៀត។

ស្ត្រីឈ្មោះ ស៊ន គឹម អាយុ ៤៣ឆ្នាំ កសិកររស់នៅភូមិស្រែសំរោង ឃុំស្រែសំរោង ស្រុកជុំគិរី ខេត្តកំពត បានរៀបរាប់ថា៖ ដោយទទួលបានការបណ្តុះបណ្តាលចំណេះជំនាញកាលពីឆ្នាំំ២០១៥ គាត់ និងប្តីក៏ចាប់យកមុខរបរធ្វើទ្រូ និងឈ្នាងដើម្បីបានប្រាក់កម្រៃផ្គត់ផ្គង់គ្រួសារ។ ទ្រូដែលពួកគាត់ធ្វើជាប្រភេទធំ គឺបណ្តោយ១,២០ម៉ែត មុខកាត់០,៤០ម៉ែត្រ និងបណ្តោយ០,៨០ម៉ែត្រ មុខកាត់០,២៥ម៉ែត្រ។ មួយថ្ងៃក្នុងម្នាក់ ពួកគាត់អាចធ្វើទ្រូ ឬឈ្នាងបានមួយដោយសម្រាកតែពេលដណ្តាំនិងហូបបាយប៉ុណ្ណោះ។ កសិករដដែលបានបញ្ជាក់ថា ទ្រូលក់បានថ្លៃតែរដូវវស្សាទេ គឺទំហំធំតម្លៃពី៣ម៉ឺនរៀលទៅ៣ម៉ឺន៥ពាន់រៀល ចំណែកប្រភេទតូចពី២ម៉ឺនរៀលទៅ២ម៉ឺន៥ពាន់រៀល។ ឯឈ្នាងថោកជាងទ្រូទើបគាត់មិនសូវធ្វើ។ ដោយឡែកខែវស្សា ប្រភេទទ្រូធំតម្លៃត្រឹម១ម៉ឺន២ពាន់រៀលទៅ១ម៉ឺន៥ពាន់រៀល និងប្រភេទតូចតម្លៃ៨ពាន់។

ស្រ្តី ស៊ន គឹម បានបន្តថា ទ្រូ និងឈ្នាង ឈ្មួញចុះមកប្រមូលទិញតែនៅខែវស្សា បើខែប្រាំងពិបាកលក់ណាស់។ ម្ល៉ោះហើយ ចាប់ពីចុងខែវស្សា ពួកគាត់ត្រឹមតែបិតបន្ទោះ រកកាប់វល្លិ ត្បាញប្រើស រួចរៀបចំទុកសម្រាប់ដំឡើងនៅមុនខែវស្សាចូលមកដល់។ ស្ត្រីដដែលបានអំពាវនាវថា ដើម្បីតម្លៃទ្រូ និងឈ្នាងប្រសើរជាងនេះ សូមអ្នកពាក់ព័ន្ធមេត្តាជួយរកទីផ្សារឲ្យបានទូលំទូលាយដើម្បីពួកគាត់មានចំណូលសមរម្យផង។ កន្លងទៅ មន្ត្រីសាលាស្រុកបានចុះជួប ហើយលើកទឹកចិត្តឲ្យពួកគាត់ធ្វើទ្រូតូចៗសម្រាប់តាំងលម្អ និងជួយផ្សព្វផ្សាយបន្ថែម តែក្រោយមកមិនឃើញមានអ្វីប្រែប្រួលសោះ ពោលគឺការប្រមូលទិញ និងតម្លៃស្ថិតក្នុងកណ្តាប់ដៃឈ្មួញជាអ្នកកំណត់ដដែល។

ស្ត្រីវ័យចំណាស់ម្នាក់រស់នៅក្នុងភូមិជាមួយគ្នានេះដែរបានប្រាប់ឲ្យដឹងថា៖ ជាង២០ឆ្នាំហើយដែលគាត់ចាប់ផ្តើមធ្វើទ្រូ និងអង្រុតតាមប្តីបង្រៀន។ ពីមុន នៅក្នុងភូមិមានអ្នកធ្វើឈ្នាង ទ្រូ អង្រុតច្រើនគ្រួសារណាស់ តែមកដល់សព្វថ្ងៃភាគច្រើបានបោះបង់ចោល ព្រោះតែរបស់ធ្វើបានពិបាកលក់។ សូម្បីកូនចៅគាត់ដែលតែងតែជួយធ្វើទ្រូ អង្រុតក៏សុខចិត្តទៅរកការងារនៅរោងចក្រដែរ។ ស្ត្រីដដែលបានបញ្ជាក់ថា ទោះជាយ៉ាងនេះក្តី គាត់នៅតែចូលចិត្តចំណេះជំនាញផលិតទ្រូ ឈ្នាង អង្រុតដែលធ្លាប់ឃើញចាស់ៗធ្វើតាំងពីយូរយារមកហើយនោះ។ ប្រសិនអាចមានផ្នែកណាមួយជួយជ្រោមជ្រែង នោះអ្នកភូមិពិតជាមានកម្លាំងចិត្តក្នុងការថែរក្សាកេរដំណែលសម្បត្តិវប្បធម៌ដូនតាខ្មែរមិនឲ្យបាត់បង់ឡើយ។

លោក ស្មាន់ វណ្ណនិមល អ្នកសម្របសម្រួលរបស់លេខាធិការដ្ឋានជំរុញចលនាភូមិមួយផលិតផលមួយនៃរដ្ឋបាលខេត្តកំពតបានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលបាន និងកំពុងជំរុញមន្ត្រីជំនាញចុះស្រាវជ្រាវដោយធ្វើកិច្ចការងារផ្ទាល់ជាមួយអ្នកផលិត។ ក្នុងករណីប្រជាពលរដ្ឋបង្កើតផលិតផលមាននិរន្តរភាព សមស្របតាមស្តង់ដារ នោះគណ:កម្មការនឹងប្រគល់វិញ្ញាបនបត្រ ព្រមទាំងផ្តល់ជូននូវសញ្ញាសម្គាល់ភូមិមួយផលិតផលមួយដើម្បីផ្សព្វផ្សាយជាសកល។ អ្នកសម្របសម្រួលដដែលបានបញ្ជាក់ថា៖ លេខាធិការដ្ឋានជំរុញចលនាភូមិមួយផលិតផលមួយមានតួនាទីនាំអតិថិជនជួបតាមរយ:លេខទូរសព្ទអ្នកផលិតផ្ទាល់ដើម្បីកាត់ផ្តាច់ល្បិចកលរបស់ឈ្មួញកណ្តាលដែលតែងអុកឡុកតាមអំពើចិត្តនោះ៕