ដោយ : បន្ទាយ

បន្ទាយមានជ័យ: មានករណីអគ្គិភ័យបានឆាបឆេះផ្ទះហាងសាឡនមួយកន្លែង យីហោឌីវ៉ា នៅតាមបណ្តោយផ្លូវបេតុង មុខបុរីហ្គោដឡាក់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់បញ្ជានិងចាត់បញ្ជូនកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងវរនគរបាលការពារព្រំដែនគោកលេខ៨៩១, ៩១១ ប្រមាណ៥០នាក់ នាំយករថយន្តដឹកទឹក១គ្រឿង សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុង អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ជួយពន្លត់ករណីអគ្គិភ័យនេះរហូតគ្រប់គ្រងបាននិងភ្លើងរលត់ទៅវិញទាំងស្រុង។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា : ករណីអគ្គិភ័យនេះបណ្ដាលមកពីទុស្សេចរន្តអគ្គិសនីម៉ាស៊ីនត្រជាក់ បង្កឲ្យមានភ្លើងទើបបណ្តាលឲ្យឆាបឆេះបន្ទប់ជាន់លើ ឆេះពូក និងសម្ភារមួយចំនួនធំ តែមិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងរបួសឬបាត់បង់ជីវិតឡើយ។
សូមបញ្ជាក់ថា : ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ប្រើទឹកអស់ចំនួន៣ឡាន គឺរថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត , ក្រុមហ៊ុនកាស៊ីណូត្រូពីកាលណា និងក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតរីសត និងបន្ថែមបំពង់ពន្លត់អគ្គិភ័យចំនួន០៥ធុង៕
