ប្រែសម្រួល៖ តារា
ម៉េនឆេស្ទ័រ អង់គ្លេស៖ ក្លិបម៉េនឆេស្ទ័រ យូណៃធីត បានចុះកុងត្រាជាមួយខ្សែការពារឆ្វេងដាណឺម៉ាក Patrick Dorgu វ័យ២០ឆ្នាំ ពីក្លិប Lecce នៃក្របខណ្ឌ Serie A អ៊ីតាលី ដោយកុងត្រានេះមានរយៈពេលរហូតដល់ឆ្នាំ២០៣០ នេះបើតាមការប្រកាសរបស់ក្លិបនៅក្របខណ្ឌPremier League កាលពីថ្ងៃអាទិត្យ។
ប្រភពព័ត៌មាននៅអង់គ្លេសបានរាយការណ៍ថា កិច្ចព្រមព្រៀងនេះមានតម្លៃ៣០លានអឺរ៉ូ (៣១,១លានដុល្លារ) ដោយមានការបង់បន្ថែម៥លានអឺរ៉ូទៀត អាស្រ័យលើលទ្ធផលការប្រកួត។
Dorgu បានផ្លាស់ទៅកាន់ក្លិប Lecce ពីក្លិប Nordsjaelland នៃប្រទេសដាណឺម៉ាកក្នុងឆ្នាំ២០២២ និងបានចូលរួមការប្រកួតចំនួន៥៧លើកជាមួយក្រុមអ៊ីតាលី។
“ខ្ញុំមិនអាចរង់ចាំក្នុងការធ្វើការជាមួយ (គ្រូបង្វឹក យូណៃធីត) Ruben Amorim ឡើយ។ ចក្ខុវិស័យរបស់គាត់សម្រាប់ក្រុមនេះ និងអនាគតរបស់ក្លិបគឺពិតជាគួរឱ្យរំភើបណាស់” នេះបើតាមការថ្លែងរបស់ Dorgu ក្នុងសេចក្តីថ្លែងការណ៍មួយ។
“មានផែនការច្បាស់លាស់សម្រាប់ការអភិវឌ្ឍន៍របស់ខ្ញុំ ហើយខ្ញុំមានអារម្មណ៍ថា ម៉េនឆេស្ទ័រ យូណៃធីត គឺជាកន្លែងល្អឥតខ្ចោះសម្រាប់ការសម្រេចសក្តានុពលរបស់ខ្ញុំ និងបំពេញមហិច្ឆតាដ៏ធំរបស់ខ្ញុំ។”
Dorgu ដែលបានលេងឱ្យក្រុមជម្រើសជាតិដាណឺម៉ាកចំនួន៤ដង គឺជាការចុះហត្ថលេខាលើកទីពីររបស់ក្លិប យូណៃធីត ចាប់តាំងពី Amorim ជំនួសតំណែង Erik ten Hag ជនជាតិហូឡង់កាលពីខែវិច្ឆិកា។
ក្លិបម៉េនឆេស្ទ័រ យូណៃធីត កំពុងស្ថិតនៅលេខ១២ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League ដោយទទួលបានជ័យជម្នះតែពីរប្រកួតប៉ុណ្ណោះក្នុងចំណោមប្រកួតលីកចំនួន៥លើកចុងក្រោយ៕
(១ដុល្លារ = ០,៩៦៥១អឺរ៉ូ)
ប្រភព៖ Reuters