ប្រែសម្រួល៖ តារា
យន្តហោះអាជីវកម្មម៉ាស៊ីនពីរមួយគ្រឿងបានធ្លាក់នៅភាគឦសាននៃទីក្រុងហ្វីឡាដែលហ្វៀ ក្បែរផ្សារទំនើបរូសវែល ដោយយោងតាមអាជ្ញាធរបានឱ្យដឹង។
រដ្ឋបាលអាកាសចរស៊ីវិល (FAA) បានប្រាប់ CNN ក្នុងសេចក្តីថ្លែងការណ៍មួយថា “យន្តហោះ Learjet 55 បានធ្លាក់ប្រហែលម៉ោង ៦:៣០ នាទីល្ងាចម៉ោងក្នុងស្រុក នៅថ្ងៃសុក្រ ទី៣១ ខែមករា បន្ទាប់ពីចាកចេញពីព្រលានយន្តហោះភាគឦសាននៃទីក្រុងហ្វីឡាដែលហ្វៀ”។
FAA បានឱ្យដឹងថា យន្តហោះនោះមានមនុស្សពីរនាក់នៅលើយន្តហោះ ហើយកំពុងធ្វើដំណើរទៅកាន់ព្រលានយន្តហោះជាតិស្ព្រីងហ្វៀល-ប្រែនសុន នៅរដ្ឋមិសស៊ូរី។
លោកអភិបាលរដ្ឋផេនស៊ីលវេនៀ Josh Shapiro បាននិយាយថា លោកបាននិយាយជាមួយអភិបាលក្រុងហ្វីឡាដែលហ្វៀ ហើយកំពុងផ្តល់ធនធានរដ្ឋទាំងអស់ ខណៈពេលដែលការឆ្លើយតបបន្ទាន់កំពុងបន្ត។
ការិយាល័យគ្រប់គ្រងគ្រាអាសន្នរបស់ទីក្រុងបានថ្លែងក្នុងប្រកាសមួយនៅលើបណ្តាញ X ថា កំពុងដោះស្រាយ “ហេតុការណ៍ធំមួយ” នៅក្បែរមហាវិថី Cottman និង Bustleton ហើយផ្លូវនៅក្នុងតំបន់នោះត្រូវបានបិទ។
FAA និងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិនឹងស៊ើបអង្កេតករណីធ្លាក់យន្តហោះនេះ។
ករណីធ្លាក់យន្តហោះនេះកើតឡើងខណៈពេលដែលអាជ្ញាធរបន្តការស៊ើបអង្កេតលើករណីប៉ះទង្គិចដ៏សាហាវកាលពីថ្ងៃពុធ ប្រហែល ១៥០ ម៉ាយល៍ទៅភាគឦសាន នៅក្នុងតំបន់វ៉ាស៊ីនតោន ឌីស៊ី ដែលយន្តហោះតំបន់របស់ក្រុមហ៊ុន American Airlines និងឧទ្ធម្ភាគចក្រ Black Hawk របស់កងទ័ពអាមេរិកបានប៉ះទង្គិចគ្នានៅលើទន្លេ Potomac។
ព័ត៌មាននេះត្រូវបានធ្វើបច្ចុប្បន្នភាពជាមួយព័ត៌មានបន្ថែម៕