ដោយ : បន្ទាយ
បន្ទាយមានជ័យ : ក្រុមការងារសុវត្ថិភាពចរាចរណ៍នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ រួមជាមួយកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ និងយុវជនស.ស.យ.ក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីពញ្ញាក់ស្មារតីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ កាលពីថ្ងៃទី៣០ខែមករា ឆ្នាំ២០២៥។
សកម្មភាពនោះ ដឹកនាំដោយលោកសុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ,លោកវរសេនីយ៍ឯក គី មករា នាយការិយាល័យចរាចរណ៍ជើងគោក នៅលើផ្លូវជាតិលេខ៥ ចំណុចរង្វង់មូលយាយច្រូតស្រូវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក គី មករា បានឲ្យដឹងថា៖មិនឲ្យបងប្អូនប្រជាពលរដ្ឋគោរពមន្ត្រីនគរបាលចរាចរណ៍នោះទេ គឺគ្រប់គ្នាត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីសុវត្ថិភាពខ្លួនឯងនិងអ្នកដទៃនៅពេលបើកបរច្បាប់តម្រូវអ្នកបើកបរម៉ូតូត្រូវមានពួកសុវត្ថិភាពឲ្យបានគ្រប់គ្នា។ ម៉ូតូត្រូវមានកញ្ចក់ និងភ្លើងគ្រប់គ្រាន់តាមស្តង់ដា អ្នកបើបររថយន្តត្រូវពាក់ខ្សែក្រវាត់ និងដឹកជញ្ជូនតាមកំណត់់។
លោកបានបន្តថា៖ ការចុះផ្សព្វផ្សាយលើកនេះ គឺសំដៅការធ្វើដំណើរតាមផ្លូវត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នា។ ជាពិសេស ការបើកបរគ្មានគ្រឿងស្រវឹង និងបើកបរចេះអធ្យាស្រ័យគ្នាទៅវិញទៅមកទើបគ្មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។
លោក សុក ចាន់ថា ប្រធានមន្ទីសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖ មន្ត្រីបានចែកសៀវភៅច្បាប់ចរាចរណ៍ខិត្តប័ណ្ណស្តីពីណែនាំការបើកបរទោចក្រយានយន្ត និងរថយន្តហើយចែកមួកសុវត្ថិភាពដល់អ្នកដំណើរដែលគ្មានពាក់មួកសុវត្ថិភាព គឺឆ្លើយសំនួរត្រូវ ទើបជូនមួកសុវត្ថិភាពចំនួន១ និងណែនាំអប់រំច្បាប់ចរាចរណ៍ផ្លូវគោក១ក្បាល ។
ប៉ុន្តែលើកក្រោយវិធានការតាមច្បាប់ដោយគ្មានលើកលែងឡើយចំពោះអ្នកបើកបរដែលគ្មានមួកសុវត្ថិភាព ៕