ប្រែសម្រួល៖ ស-សម្បត្តិ
មានពាក្យពេចន៍មួយនិយាយថា នៅក្នុងទីក្រុងធំមួយ អ្នកមិនដែលនៅឆ្ងាយជាងប្រាំមួយហ្វីតពីកណ្តុរឡើយ។ វាគ្រាន់តែជាជំនឿទីក្រុងប៉ុណ្ណោះ ប៉ុន្តែអ្នកវិទ្យាសាស្ត្រកំពុងព្រមានថា ទីក្រុងនានាទូទាំងពិភពលោកកំពុងមានកណ្តុរកាន់តែច្រើនឡើង ហើយការកើនឡើងនេះបណ្តាលមកពីកត្តាមួយជាចម្បង៖ ការប្រែប្រួលអាកាសធាតុ។
លោក Jonathan Richardson សាស្ត្រាចារ្យជីវវិទ្យានៅសាកលវិទ្យាល័យ Richmond បានសម្រេចចិត្តស្រាវជ្រាវអំពីនិន្នាការកណ្តុរទីក្រុង បន្ទាប់ពីបានឃើញរបាយការណ៍ព័ត៌មានអំពីកណ្តុរដែលកំពុងគ្រប់គ្រងទីក្រុងនានា។ របាយការណ៍ទាំងនេះតែងផ្តោតលើទីតាំងតែមួយ ហើយ “ជាធម្មតាគ្មានទិន្នន័យច្បាស់លាស់ច្រើនទេ” នេះបើតាមការប្រាប់របស់លោកទៅកាន់ CNN។
លោកនិងក្រុមការងាររបស់លោកបានសម្រេចចិត្តផ្លាស់ប្តូរការណ៍នេះ។ ពួកគេបានស្នើសុំស្ថិតិកណ្តុរពីទីក្រុងធំៗចំនួន ២០០ នៅសហរដ្ឋអាមេរិកដោយផ្អែកលើចំនួនប្រជាជន ប៉ុន្តែរកឃើញថាមានតែ ១៣ ទីក្រុងប៉ុណ្ណោះដែលមានទិន្នន័យរយៈពេលវែងដែលពួកគេត្រូវការ។ ដើម្បីផ្តល់វិសាលភាពភូមិសាស្ត្រកាន់តែច្រើន អ្នកស្រាវជ្រាវក៏បានបញ្ចូលទីក្រុងអន្តរជាតិចំនួនបីផងដែរ៖ តូរ៉ុនតូ តូក្យូ និងអាំស្ទែរដាម។
ទិន្នន័យដែលប្រមូលបានគ្របដណ្តប់រយៈពេលជាមធ្យម ១២ ឆ្នាំ និងរួមមានការសង្កេតឃើញកណ្តុរ ការចាប់កណ្តុរ និងរបាយការណ៍អធិការកិច្ច។
ស្របតាមការសិក្សារបស់ពួកគេដែលត្រូវបានចេញផ្សាយនៅថ្ងៃសុក្រក្នុងទស្សនាវដ្តី Science Advances បានបង្ហាញពី “និន្នាការកើនឡើងគួរឱ្យកត់សម្គាល់” នៃចំនួនកណ្តុរនៅក្នុងទីក្រុងចំនួន ១១ ក្នុងចំណោម ១៦។ ទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សានហ្វ្រានស៊ីស្កូ តូរ៉ុនតូ ញូវយ៉ក និងអាំស្ទែរដាមមានការកើនឡើងច្រើនបំផុត។ មានតែបីទីក្រុងប៉ុណ្ណោះដែលមានការថយចុះ៖ ញូវអរលេអង់ លូអ៊ីវីល និងតូក្យូ។
ការសិក្សាបានភ្ជាប់ការកើនឡើងនៃកណ្តុរទៅនឹងកត្តាជាច្រើន រួមទាំងដង់ស៊ីតេប្រជាជនខ្ពស់ និងបរិមាណរុក្ខជាតិទីក្រុងតិច ប៉ុន្តែឥទ្ធិពលសំខាន់បំផុតគឺសីតុណ្ហភាពមធ្យមក្តៅជាងមុន។
កណ្តុរជាថនិកសត្វតូចៗ និងត្រូវបានកំណត់ដោយអាកាសធាតុត្រជាក់ នេះបើតាមលោក Richardson។ សីតុណ្ហភាពក្តៅជាងមុន ជាពិសេសនៅរដូវរងារ ផ្តល់ឱ្យពួកវាពេលវេលាច្រើនជាងមុនក្នុងការស្វែងរកចំណីនៅខាងក្រៅ និងសំខាន់ជាងនេះទៅទៀត គឺពេលវេលាច្រើនជាងមុនក្នុងការបន្តពូជពេញមួយឆ្នាំ។
អាកាសធាតុក្តៅក៏អាចពន្យាររដូវកាលដាំដុះផងដែរ ដែលផ្តល់ឱ្យកណ្តុរនូវចំណីអាហារកាន់តែច្រើន ព្រមទាំងរុក្ខជាតិសម្រាប់ពួនផងដែរ នេះបើយោងតាមលោក Michael Parsons ជាអ្នកអេកូឡូស៊ីទីក្រុងនិងជាអ្នកជំនាញផ្នែកកណ្តុរព្រៃ ដែលមិនបានចូលរួមក្នុងការស្រាវជ្រាវនេះ។ លោកបានប្រាប់ CNN ថា “សូម្បីតែក្លិនអាហារនិងសំរាមក៏អាចរីកសាយឆ្ងាយជាងមុននៅក្នុងអាកាសធាតុក្តៅដែរ។”
ចំនួនកណ្តុរដែលកំពុងកើនឡើងគឺជាបញ្ហាធំមួយសម្រាប់ទីក្រុងនានា។ កណ្តុរបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ បំពុលអាហារ និងអាចបង្កឱ្យមានអគ្គិភ័យដោយការកករខែ្សភ្លើង។ យោងតាមរបាយការណ៍ ពួកវាបង្កការខូចខាតប្រមាណ ២៧ ប៊ីលានដុល្លារក្នុងមួយឆ្នាំនៅសហរដ្ឋអាមេរិក។
ពួកវាក៏ជាគ្រោះថ្នាក់ដល់សុខភាពផងដែរ។ លោក Matt Frye ជាអ្នកជំនាញផ្នែកសត្វល្អិតចង្រៃនៅសាកលវិទ្យាល័យ Cornell ដែលមិនបានចូលរួមក្នុងការស្រាវជ្រាវនេះបាននិយាយថា “កណ្តុរមានទំនាក់ទំនងជាមួយមេរោគជាង ៥០ ប្រភេទដែលប៉ះពាល់ដល់មនុស្ស” ដែលពួកវាចម្លងតាមរយៈទឹកនោម លាមក ទឹកមាត់ សម្ភារៈសំបុក និងប៉ារ៉ាស៊ីត។
មេរោគខ្លះអាចមានភាពធ្ងន់ធ្ងរ ដូចជាជំងឺ leptospirosis ដែលគេហៅថាជំងឺ Weil ដែលអាចបណ្តាលឱ្យខូចតម្រងនោម និងថ្លើម ហើយអាចបណ្តាលឱ្យស្លាប់បានប្រសិនបើមិនព្យាបាល។
ក៏មានភស្តុតាងកាន់តែច្រើនបង្ហាញថា កណ្តុរមាន “ផលប៉ះពាល់ធ្ងន់ធ្ងរលើសុខភាពផ្លូវចិត្ត” ចំពោះអ្នកដែលរស់នៅជុំវិញពួកវា នេះបើតាមលោក Richardson។
ក្នុងចំណោមទីក្រុងដែលមានកណ្តុរច្រើនបំផុតដែលបានកំណត់ក្នុងការសិក្សា វ៉ាស៊ីនតោន ឌីស៊ី មានលក្ខណៈលេចធ្លោ។ ទីក្រុងនេះមានកំណើនចំនួនកណ្តុរច្រើនជាង ១.៥ ដងបើធៀបនឹងទីក្រុងញូវយ៉ក។
សញ្ញាបញ្ជាក់ពីបញ្ហាកណ្តុរនៅឌីស៊ី គឺរន្ធដែលកណ្តុរខាំនៅលើធុងសំរាមប្លាស្ទិករឹង។ លោក Gerard Brown ដែលគ្រប់គ្រងកម្មវិធីត្រួតពិនិត្យកណ្តុររបស់ទីក្រុងបាននិយាយថា “វិធីតែមួយគត់ដែលអ្នកអាចការពារធុងសំរាមពីកណ្តុរបាន គឺមិនត្រូវដាក់អាហារក្នុងនោះទេ។”
ឆ្នាំមុនគឺជាឆ្នាំក្តៅបំផុតដែលឌីស៊ីធ្លាប់មាន ដែលជាដំណឹងអាក្រក់សម្រាប់ការប៉ុនប៉ងគ្រប់គ្រងកណ្តុរ។ លោក Brown សង្ឃឹមថា រលកត្រជាក់នៅខែធ្នូនិងខែមករានឹងជួយកាត់បន្ថយចំនួនកណ្តុរ។ លោកបានមានប្រសាសន៍ថា “ភាពត្រជាក់ដើរតួជាថ្នាំសម្លាប់សត្វល្អិតធម្មជាតិ។”
លោក Brown និងមន្ត្រីទីក្រុងផ្សេងទៀតបានព្យាយាមធ្វើគម្រោងសាកល្បងថ្នាំពន្យារកំណើតកណ្តុរកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែបានបោះបង់វាចោលបន្ទាប់ពីទទួលបានលទ្ធផលមិនច្បាស់លាស់។ កណ្តុរត្រូវប្រើប្រាស់ថ្នាំពន្យារកំណើតជាទម្រង់រាវរាល់ថ្ងៃ ដែលជាភារកិច្ចដែលមិនអាចធានាបាន។
លោក Brown បាននិយាយថា តួលេខរបស់ឌីស៊ីអាចខ្ពស់បែបនេះដោយសារតែទីក្រុងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋរាយការណ៍រាល់ពេលដែលឃើញកណ្តុរ។
លោក Parsons ជាអ្នកអេកូឡូស៊ីបាននិយាយថា របាយការណ៍សាធារណៈអំពីកណ្តុរមានប្រយោជន៍ខ្លាំងណាស់ ប៉ុន្តែអាចមានភាពមិនពេញលេញ។ លោកបានបន្ថែមថា ជាធម្មតា ប្រជាជនតែងតែរាយការណ៍នៅពេលដែលពួកគេឃើញអ្វីមួយ “ខុសប្រក្រតី” ហើយមិនរាយការណ៍នៅពេលដែលគេរំពឹងថានឹងឃើញកណ្តុរនៅតំបន់ណាមួយនោះទេ។
លោក Parsons បានបន្ថែមថា វាពិតជាពិបាកខ្លាំងណាស់ក្នុងការកំណត់ចំនួនកណ្តុរទីក្រុងឱ្យបានត្រឹមត្រូវ។ “កណ្តុរមានទំហំតូច រស់នៅលាក់កំបាំង ហើយជាធម្មតាចេញរកចំណីពេលយប់។”
លោក Richardson បាននិយាយថា ចំនួនកណ្តុរច្រើននៅក្នុងទីក្រុងមួយចំនួនមិនមែនជាការចោទប្រកាន់លើការប្តេជ្ញាចិត្តរបស់អាជ្ញាធរក្នុងការដោះស្រាយបញ្ហានេះទេ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយចំនួនកណ្តុរតែងតែខ្វះថវិកា។
លោកបាននិយាយថា មេរៀនអាចត្រូវបានរៀនសូត្រពីទីក្រុងបីដែលបានកាត់បន្ថយចំនួនកណ្តុរ។ លោកចាត់ទុកភាពជោគជ័យរបស់ពួកគេថាជាលទ្ធផលនៃយុទ្ធនាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីរបៀបជៀសវាងការទាក់ទាញកណ្តុរ និងការធ្វើឱ្យធនធានទីក្រុងមានសម្រាប់ការជួយ។
លោក Richardson ក៏បានលើកទឹកចិត្តឱ្យអាជ្ញាធរងាកចេញពីការប្រើប្រាស់វិធីសម្លាប់កណ្តុរ “ព្រោះវាគ្រាន់តែជាការឆ្លើយតបទៅនឹងការរាតត្បាតដែលមានរួចហើយ” ហើយគិតបន្ថែមអំពីរបៀបដកហូតការចូលដំណើរការទៅកាន់អ្វីដែលកណ្តុរពឹងផ្អែកលើ ដូចជាកាកសំណល់អាហារ ការចូលដំណើរការសំរាម និងគំនរសំណល់។
ការរកឃើញទាំងនេះគឺជាសញ្ញាព្រមានអំពីបញ្ហាប្រឈមដែលកណ្តុរអាចបង្កឡើងនៅក្នុងពិភពលោកដែលក្តៅជាងមុន នេះបើតាមលោក Richardson។ “ប្រសិនបើអ្នកមិនអាចគ្រប់គ្រងបញ្ហានេះបានទេ វានឹងកាន់តែអាក្រក់ទៅៗ។ អ្នកមិនចង់ដូចជា Sisyphus ដែលរុញដុំថ្មឡើងលើភ្នំនោះទេ។”
នៅក្នុងទីក្រុងឌីស៊ី លោក Brown បាននិយាយថា លោកមានសុទិដ្ឋិនិយមអំពីការប្រយុទ្ធរបស់ទីក្រុងដើម្បីរក្សាកណ្តុរឱ្យស្ថិតក្រោមការគ្រប់គ្រង។ “គ្មាននរណាម្នាក់នៅលើពិភពលោកគិតថាយើងនឹងកម្ចាត់កណ្តុរទាំងស្រុងទេ ប៉ុន្តែយើងអាចកាត់បន្ថយពួកវាឱ្យស្ថិតនៅក្នុងកម្រិតដែលអាចគ្រប់គ្រងបាន។ គោលដៅគឺការគ្រប់គ្រងនិងកាត់បន្ថយ៕”