កម្សាន្ដ

ខេត្តកំពតទទួលភ្ញៀវបានជាង៧ម៉ឺន២ពាន់នាក់ក្នុងឱកាសចូលឆ្នាំចិន-វៀតណាម៣ថ្ងៃ

ដោយ៖ កំចាយ

កំពត÷ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាមរយៈពេល៣ថ្ងៃ ខេត្តកំពតទទួលភ្ញៀវមកលេងកម្សាន្តបានជាង៧ម៉ឺន២ពាន់នាក់។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឲ្យដឹងថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម គិតត្រឹមថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ខេត្តកំពតមានវត្តមានភ្ញៀវទេសចរចំនួន៧២.៦១១នាក់។ ក្នុងនោះភ្ញៀវជាតិមាន៧០.៩៨២នាក់ និងទេសចរបរទេសចំនួន១.៦២៩នាក់។ លោកប្រធានមន្ទីរបានបញ្ជាក់ថា សម្រាប់ស្ថានភាពនៅតាមតំបន់រមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាមានលក្ខណ:ល្អប្រសើរដោយពុំមានភាពមិនប្រក្រតីណាមួយកើតឡើងទេ។

ដោយឡែក នៅខេត្តកែបឯណេះវិញ រយ:ពេល៣ថ្ងៃដូចគ្នានេះមានភ្ញៀវប្រមាណជិត៧ម៉ឺននាក់។

លោក ប៉ុក ទាំង ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តកែបបានប្រាប់ឲ្យដឹងថា ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែមករា ភ្ញៀវជាតិ អន្តរជាតិបានចូលមកលេងក្នុងខេត្តកែបចំនួន៦៨.៣៦៥នាក់។ ក្នុងនោះភ្ញៀវជាតិមាន៦៧.៩៣៦នាក់ និងទេសចរបរទេសចំនួន៤២៩នាក់។ លោកប្រធានស្តីទីបានបន្តថា អំឡុងថ្ងៃដើរកម្សាន្តនោះ មន្ត្រីជំនាញពុំទទួលបានបណ្តឹងពីភ្ញៀវណាម្នាក់ទាក់ទិននឹងភាពមិនប្រក្រតីពីគ្រប់សេវាកម្មទេសចរណ៍ទេ។ មន្ត្រីនៃមន្ទីរទេសចរណ៍បានបែងចែកក្រុមការងារចុះសង្កេតការណ៍តាមគោលដៅកម្សាន្តទាំងអស់ដោយមិនចន្លោះឡើយ៕