កីឡា

«អ្វីៗអាចកើតឡើងបាន» – អាម៉ូរីមនិយាយថា មេនឆេស្ទ័រយូណាយធីត ត្រូវតែប្រឹងប្រែងដណ្តើមពាន

ប្រែសម្រួល៖ តារា

ប៊ូការ៉េស្ត៖ លោក រូបិន អាម៉ូរីម បានអះអាងថា ទោះបីជាការចាប់ផ្តើមដំបូងរបស់លោកជាគ្រូបង្វឹកក្លឹបមេនឆេស្ទ័រ យូណាយធីត (Manchester United) មានការលំបាកក៏ដោយ ក្រុមរបស់លោកត្រូវតែប្រឹងប្រែងឈ្នះពានរង្វាន់ Europa League ក្រោយពីបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ដោយឈ្នះក្រុមស្ទៀវ៉ា ប៊ូការ៉េស្ត ២-០ កាលពីថ្ងៃព្រហស្បតិ៍។

អាម៉ូរីម បានក្លាយជាគ្រូបង្វឹកមេនឆេស្ទ័រ យូណាយធីតដំបូងគេ ដែលចាញ់៥ប្រកួតក្នុងចំណោម១០ប្រកួតដំបូង គ្រប់ពានរង្វាន់ ចាប់តាំងពីសម័យលោក វ៉តធ័រ គ្រីកម័រ កាលពីឆ្នាំ១៩៣២ ប៉ុន្តែការកែលម្អថ្មីៗនេះបានជួយឱ្យលោកស៊ាំនឹងជីវិតនៅមេនឆេស្ទ័រ។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ បានសារភាពក្រោយជ័យជម្នះលើក្លឹបហ្វូលហេម (Fulham) កាលពីថ្ងៃអាទិត្យថា លោកមានអារម្មណ៍ចាស់ជាង១០ឆ្នាំ ចាប់តាំងពីឡើងជំនួសលោក អេរិក ធិន ហាក កាលពីខែវិច្ឆិកា។

«ខ្ញុំមិនឃើញមានភាពខុសប្លែកច្រើនទេក្នុងរបៀបលេងរបស់យើង ប៉ុន្តែថ្ងៃនេះយើងមានពេលវេលាច្រើនដើម្បីគិត ហើយឥឡូវនេះអ្នកអាចឃើញចលនាមួយចំនួន គំនិតនៅទីនោះព្រោះយើងមានពេលវេលាច្រើនដើម្បីលេង និងយល់ពីហ្គេម» អាម៉ូរីម បានប្រាប់អ្នកកាសែត។

«ខ្ញុំគិតថាយើងអាចប្រកួតម្តងមួយៗ ហើយយើងអាចឈ្នះវា។ បន្ទាប់មកអ្នកមានការទទួលខុសត្រូវ មិនថាបរិបទយ៉ាងណាទេ អ្នកនៅមេនឆេស្ទ័រ យូណាយធីត ដូច្នេះអ្នកត្រូវតែប្រយុទ្ធដើម្បីឈ្នះពានរង្វាន់។»

«នៅពេលអ្នកឈានដល់ដំណាក់កាលនេះនៃការប្រកួតណាមួយ អ្វីៗអាចកើតឡើងបាន ហើយពួកគេអាចបង្ហាញថាពួកគេអាចឈ្នះគ្រប់គ្នា។»

ការបញ្ចប់នៅលេខបីក្នុងវគ្គដំបូងនៃ Europa League បានធ្វើឱ្យមេនឆេស្ទ័រ យូណាយធីត ជៀសផុតពីការប្រកួតវគ្គ playoff ទៅមកពីរជើងដើម្បីឡើងទៅវគ្គ១៦ក្រុម។

«វាពិតជាសំខាន់សម្រាប់យើង ដើម្បីមានពេលហ្វឹកហាត់ បង្កើតទំនាក់ទំនងរវាងគ្នាទាំងអស់ បុគ្គលិក មនុស្សគ្រប់គ្នានៅក្នុងការហ្វឹកហាត់ ចេញទៅទីលាន ស្គាល់គ្នាទៅវិញទៅមកក្នុងបរិយាកាសត្រឹមត្រូវ» អាម៉ូរីម បានបន្ថែម។

«បន្ទាប់មកយើងមានមួយសប្តាហ៍ដើម្បីត្រៀមប្រកួត ដើមសប្តាហ៍អ្នកអាចធ្វើការលើគំនិតរបស់អ្នក បន្ទាប់មកមានពេលវេលាត្រៀមប្រកួត និងផ្តោតលើគូប្រកួត។ ខ្ញុំអាចយល់កាន់តែច្បាស់ពីកីឡាកររបស់ខ្ញុំ។»

ប្រភព៖ Reuters