អន្តរជាតិ

មនុស្សពីរនាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់បិកាវ៉ាឡេរបស់លីបង់

ប្រែសម្រួល៖ ស-សម្បត្តិ

ឌូបៃ៖ មនុស្សពីរនាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់បិកាវ៉ាឡេរបស់លីបង់ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលលីបង់កាលពីថ្ងៃសុក្រ (ថ្ងៃទី៣១ មករា) បន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានប្រកាសថាខ្លួនបានវាយប្រហារគោលដៅហេសបុលឡាហ៍មួយចំនួននៅតំបន់បិកាវ៉ាឡេ និងតាមព្រំដែនស៊ីរី-លីបង់ កាលពីយប់មិញ។

កងទ័ពអ៊ីស្រាអែលបានថ្លែងក្នុងសេចក្តីប្រកាសមួយថា គោលដៅទាំងនោះរួមមានមូលដ្ឋានមួយដែលប្រើប្រាស់សម្រាប់ការអភិវឌ្ឍអាវុធក្រោមដី និងមួយផ្សេងទៀតដែលទាក់ទងនឹងការរត់ពន្ធអាវុធចូលទៅក្នុងប្រទេសលីបង់ពីប្រទេសស៊ីរីជិតខាង។

សេចក្តីប្រកាសរបស់កងទ័ពអ៊ីស្រាអែលមិនបានលើកឡើងអំពីការស្លាប់និងរបួសទេ។

ក្រសួងសុខាភិបាលលីបង់បានឱ្យដឹងថា មានមនុស្ស១០នាក់ផ្សេងទៀតត្រូវបានរងរបួស។ តួលេខរបស់ក្រសួងមិនបានបែងចែករវាងជនស៊ីវិលនិងយោធាទេ។

មន្ត្រីហិសបុលឡាហ៍ អ៊ីប្រាហ៊ីម មូស្សាវី បានថ្កោលទោសការវាយប្រហារតាមអាកាសនេះ ដោយហៅវាថាជា “ការរំលោភបំពានដ៏គ្រោះថ្នាក់ និងជាការឈ្លានពានយ៉ាងច្បាស់ក្រឡែត” ហើយបានអំពាវនាវឱ្យរដ្ឋលីបង់បញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែល។

ការវាយប្រហារនេះគឺជាការវាយប្រហារចុងក្រោយបំផុតដែលអ៊ីស្រាអែលធ្វើនៅលីបង់ ទោះបីជាមានកិច្ចព្រមព្រៀងបញ្ឈប់បាញ់ដែលសម្រេចបាននៅចុងខែវិច្ឆិកា រវាងអ៊ីស្រាអែលនិងហិសបុលឡាហ៍ដែលគាំទ្រដោយអ៊ីរ៉ង់ ដែលបានបញ្ចប់ការប្រយុទ្ធគ្នាអស់រយៈពេលជាងមួយឆ្នាំរវាងភាគីទាំងពីរដែលមានអាវុធធ្ងន់។

កិច្ចព្រមព្រៀងនេះតម្រូវឱ្យមានការដកអាវុធចេញពីក្រុមប្រដាប់អាវុធទាំងអស់នៅលីបង់ និងថា “អាវុធគ្មានការអនុញ្ញាត” និងហេដ្ឋារចនាសម្ព័ន្ធយោធាទាំងអស់គួរត្រូវបានរុះរើចេញ ដោយចាប់ផ្តើមពីភាគខាងត្បូងនៃលីបង់។

ទោះយ៉ាងណា ហិសបុលឡាហ៍បានអះអាងថា កិច្ចព្រមព្រៀងនេះអនុវត្តតែនៅភាគខាងត្បូងនៃលីបង់ប៉ុណ្ណោះ។

កិច្ចព្រមព្រៀងក៏បានតម្រូវឱ្យកងទ័ពអ៊ីស្រាអែលចាកចេញពីភាគខាងត្បូងនៃលីបង់ក្នុងរយៈពេល៦០ថ្ងៃ ប៉ុន្តែរយៈពេលនេះត្រូវបានពន្យារនៅសប្តាហ៍នេះដល់ថ្ងៃទី១៨ ខែកុម្ភៈ ដើម្បីផ្តល់ពេលវេលាបន្ថែមសម្រាប់កងទ័ពអ៊ីស្រាអែលដកថយ និងសម្រាប់កងទ័ពលីបង់ពង្រាយនៅក្នុងតំបន់នោះ។

អ៊ីស្រាអែលនិយាយថា លីបង់មិនទាន់បានអនុវត្តលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឱ្យបានពេញលេញនៅឡើយទេ ហើយក៏ចោទប្រកាន់ជាក់លាក់លើហិសបុលឡាហ៍ថាបានរំលោភកិច្ចព្រមព្រៀងបញ្ឈប់បាញ់ផងដែរ។

កាលពីថ្ងៃព្រហស្បតិ៍ អ៊ីស្រាអែលបាននិយាយថា ខ្លួនបានទប់ស្កាត់ដ្រូនឃ្លាំមើលមួយដែលបានបញ្ជូនដោយហិសបុលឡាហ៍ ដោយហៅវាថាជា “ការរំលោភបំពានកិច្ចព្រមព្រៀងបញ្ឈប់បាញ់”។ ហិសបុលឡាហ៍បានបដិសេធមិនធ្វើការអត្ថាធិប្បាយ។

មេដឹកនាំហិសបុលឡាហ៍ ណៃម កាស៊ីម បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមរបស់លោកនឹង “មិនទទួលយកហេតុផលណាមួយ” ដើម្បីពន្យារពេលកំណត់សម្រាប់កងទ័ពអ៊ីស្រាអែលដកថយ – ប៉ុន្តែក្រុមនេះមិនបានគំរាមដោយផ្ទាល់ក្នុងការចាប់ផ្តើមប្រតិបត្តិការយោធាឡើងវិញទេ។

នាយករដ្ឋមន្ត្រីលីបង់ ណាជីប មីកាទី បានថ្កោលទោសការវាយប្រហារជាបន្តរបស់អ៊ីស្រាអែល ហើយកងទ័ពរបស់ប្រទេសដែលគាំទ្រដោយសហរដ្ឋអាមេរិកបានចោទប្រកាន់អ៊ីស្រាអែលថាពន្យារពេលក្នុងការដកទ័ពរបស់ខ្លួន។

កងទ័ពអ៊ីស្រាអែលបានបញ្ជាឱ្យតំបន់ភាគខាងត្បូងលីបង់មួយចំនួននៅជិតព្រំដែននៅតែហាមឃាត់ប្រជាជនចូល ហើយកាលពីថ្ងៃអាទិត្យ កងកម្លាំងអ៊ីស្រាអែលបានសម្លាប់មនុស្សជាង២០នាក់ដែលបានព្យាយាមត្រឡប់ទៅផ្ទះរបស់ពួកគេក្នុងការប្រឆាំងនឹងបទបញ្ជាទាំងនោះ៕

ប្រភព៖ Reuters/ec