អន្តរជាតិ

តុលាការថៃអនុញ្ញាតឱ្យអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនចាកចេញពីប្រទេស

ប្រែសម្រួល៖ ស-សម្បត្តិ

តុលាការថៃមួយបានអនុញ្ញាតឱ្យអតីតនាយករដ្ឋមន្ត្រីថាក់ ស៊ីន ចាកចេញពីប្រទេសនៅថ្ងៃសុក្រ (ថ្ងៃទី៣១ ខែមករា) តាមសេចក្តីថ្លែងការណ៍របស់តុលាការ ដែលជាករណីលើកលែងដ៏កម្រមួយសម្រាប់ជនជាប់ចោទក្នុងបទប្រមាថព្រះមហាក្សត្រ។

មហាសេដ្ឋីវ័យ ៧៥ឆ្នាំរូបនេះ ត្រូវបានជាប់ពន្ធនាគាររយៈពេល៨ឆ្នាំពីបទពុករលួយ និងរំលោភអំណាច បន្ទាប់ពីគាត់បានវិលត្រឡប់មកប្រទេសថៃកាលពីពីរឆ្នាំមុន ក្រោយពីនិរទេសខ្លួនអស់រយៈពេល១៥ឆ្នាំ ប៉ុន្តែត្រូវបានព្រះមហាក្សត្រលើកលែងទោសក្រោយពេល៦ខែ។

កាលពីឆ្នាំមុន គាត់ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ ចំពោះមតិយោបល់ដែលគាត់បានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងកាលពី៩ឆ្នាំមុន ហើយត្រូវចូលបង្ហាញខ្លួននៅតុលាការក្នុងខែកក្កដា។

យោងតាមច្បាប់ថៃ ជនជាប់ចោទដែលត្រូវចូលបង្ហាញខ្លួននៅតុលាការ មិនអាចចាកចេញពីប្រទេសបានទេ លុះត្រាតែមានការអនុញ្ញាតពិសេសពីតុលាការ។

នៅថ្ងៃសុក្រ តុលាការបានសម្រេចអនុញ្ញាតឱ្យគាត់ចាកចេញ ដោយលើកឡើងពី “ផលប្រយោជន៍នៃទំនាក់ទំនងអន្តរជាតិ” ជាមូលហេតុសម្រាប់ការចាកចេញបណ្តោះអាសន្នរបស់គាត់ ប៉ុន្តែមិនបានបញ្ជាក់លម្អិតពីគោលបំណងនៃដំណើរនេះទេ។

កាលពីខែធ្នូ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ារ អ៊ីប្រាហីម បានតែងតាំងថាក់ស៊ីនជាទីប្រឹក្សាអាស៊ានរបស់គាត់ នៅពេលដែលប្រទេសម៉ាឡេស៊ីកាន់តំណែងជាប្រធានតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំនេះ។

ទោះបីជាថាក់ស៊ីនបាននិយាយពីមុនថា គាត់នឹងមិនចូលរួមក្នុងនយោបាយក៏ដោយ ក៏គាត់នៅតែសកម្ម រួមទាំងការឃោសនាឱ្យគណបក្សចាស់របស់គាត់គឺ ភឺថៃ។

“តុលាការបានពិចារណា និងអនុញ្ញាតឱ្យជនជាប់ចោទចាកចេញពីព្រះរាជាណាចក្រចន្លោះថ្ងៃទី២ ដល់ថ្ងៃទី៣ ខែកក្កដា ដែលមិនប៉ះពាល់ដល់ការជំនុំជម្រះ” នេះបើតាមសេចក្តីថ្លែងការណ៍របស់តុលាការ។

អតីតនាយករដ្ឋមន្ត្រីដែលជាមហាសេដ្ឋីរូបនេះ ត្រូវរាយការណ៍ទៅអាជ្ញាធរក្នុងរយៈពេលបីថ្ងៃក្រោយពេលត្រឡប់មកវិញ។

ប្រទេសថៃមានច្បាប់ប្រមាថព្រះមហាក្សត្រតឹងរឹងបំផុតមួយក្នុងពិភពលោក ដោយការរិះគន់ព្រះមហាក្សត្រមហា វជិរាឡុងកន ឬព្រះរាជវង្សានុវង្សផ្ទាល់របស់ព្រះអង្គ អាចត្រូវជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ។

អ្នករិះគន់ និងក្រុមសិទ្ធិមនុស្សនិយាយថា ច្បាប់នេះត្រូវបានគេប្រើប្រាស់ដើម្បីរារាំងការពិភាក្សាស្របច្បាប់៕

ប្រភព៖ AFP/lh