អន្តរជាតិ

ជប៉ុនបញ្ជូនយន្តហោះចម្បាំងពេលឃើញយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីហោះលើផ្ទៃសមុទ្រអន្តរជាតិ

ប្រែសម្រួល៖ រតនា

តូក្យូ៖ ជប៉ុនបានបញ្ជូនយន្តហោះចម្បាំងចេញទៅ បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីបានហោះហើរលើផ្ទៃទឹកអន្តរជាតិជុំវិញប្រទេស នេះបើយោងតាមការថ្លែងរបស់អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនកាលពីថ្ងៃសុក្រ (ថ្ងៃទី៣១ ខែមករា)។

លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា “យើងបានបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងយោធារុស្ស៊ី បានហោះហើរលើផ្ទៃសមុទ្រអូខុតស្ក និងសមុទ្រជប៉ុនកាលពីម្សិលមិញ ហើយយើងបានបញ្ជូនយន្តហោះចម្បាំងនៃកងកម្លាំងការពារខ្លួនតាមអាកាស” ជាការឆ្លើយតប។

លោកបានបន្តថា “វាពិបាកនឹងបញ្ជាក់ឲ្យច្បាស់អំពីគោលបំណងនៃការហោះហើរនេះ… ប៉ុន្តែកងទ័ពរុស្ស៊ីបានបន្តសកម្មភាពជាប្រចាំនៅតំបន់ជុំវិញប្រទេសជប៉ុន”។

តូក្យូបានលើកបញ្ហានេះជាមួយទីក្រុងម៉ូស្គូតាមបណ្តាញការទូតកន្លងមក រួមទាំងករណីយន្តហោះចម្បាំងរុស្ស៊ីបានចូលល្មើសដែនអាកាសក្នុងខែកញ្ញា ដែលរុស្ស៊ីបានបដិសេធ តាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។

លោក ហាយ៉ាស៊ី បានមានប្រសាសន៍ថា “យើងនឹងបន្តតាមដាន (ស្ថានការណ៍) យ៉ាងជិតស្និទ្ធ និងខិតខំអស់ពីសមត្ថភាពក្នុងការចាត់វិធានការល្បាត និងឆ្លើយតបទៅនឹងការល្មើសដែនអាកាស”។

ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងនៅលើកម្មវិធី Telegram កាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះទម្លាក់គ្រាប់បែកចម្ងាយឆ្ងាយចំនួនពីរគ្រឿងបានហោះហើរលើផ្ទៃទឹកអន្តរជាតិក្នុងសមុទ្រជប៉ុន និងសមុទ្រអូខុតស្ក។

ក្រសួងរុស្ស៊ីក៏បានផ្សព្វផ្សាយវីដេអូយន្តហោះ Tupolev-95 ចំនួនពីរគ្រឿង ដែលមានការអមដំណើរដោយយន្តហោះចម្បាំងរុស្ស៊ី កំពុងអនុវត្តអ្វីដែលខ្លួនហៅថាជាការហោះហើរជាធម្មតាអស់រយៈពេលជាងប្រាំបីម៉ោង។

សេចក្តីថ្លែងការណ៍របស់ក្រសួងបានបញ្ជាក់ថា “រាល់ការហោះហើររបស់យន្តហោះកងកម្លាំងអាកាសរុស្ស៊ី ត្រូវបានអនុវត្តដោយអនុលោមយ៉ាងម៉ឺងម៉ាត់តាមច្បាប់អន្តរជាតិស្តីពីការប្រើប្រាស់លំហអាកាស”៕

ប្រភព៖ AFP/lh