សេដ្ឋកិច្ច

អូស្ត្រាលី ផ្តល់ជំនួយ២លានដុល្លារអូស្រ្តាលីសម្រាប់​គម្រោង​បោស​​សម្អាតមីន​

ដោយ៖ សិរីមតី

ភ្នំពេញ: ប្រទេសអូស្ត្រាលី បានផ្តល់ជំនួយ២លានដុល្លារអូស្រ្តាលីសម្រាប់​គម្រោង​បោស​​សម្អាតមីន​។

កិច្ច​ព្រមព្រៀងថវិកា​ជំនួយ​របស់​ប្រទេស​អូស្រ្តាលី​សម្រាប់​គម្រោង​បោស​​សម្អាតមីន​ដើម្បី​លទ្ធផល​ដំណាក់កាលទី៤(CFR4)នេះ បានត្រូវចុះហត្ថលេខាដោយឯកឧត្តម​ Derek Yip ឯកអគ្គរដ្ឋទូត​អូស្រា្តលី​ប្រចាំ​នៅ​កម្ពុជា​ តំណាងក្រសួង​ពាណិជ្ជកម្មនិង​ការ​បរទេស​អូស្រ្តាលី (DFAT)​ និងលោកស្រី​ Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)ប្រចាំ​កម្ពុជា​។

ពិធីចុះហត្ថលេខានារសៀលថ្ងៃទី៣០ ខែ​មករា ឆ្នាំ២០២៥ នៅ​ទីស្នាក់ការ​អាជ្ញាធរមីន នេះ ប្រារព្ធធ្វើឡើងក្រោមវត្តមានឯកឧត្តម​បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី​១ អាជ្ញាធរ​មីនតំណាងសម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង​ជា​ប្រធានអាជ្ញាធរមីន​ ។

ឯកឧត្តម​បណ្ឌិត លី ធុជ បានថ្លែងកោត​សរសើរ​ចំពោះ​ការ​រួមចំណែកបន្ថែម​របស់ប្រទេសអូស្រ្តាលី ចំនួន ២លាន​ដុល្លារ​​​អូស្រ្តាលី ក្នុង​វិស័យ​សកម្មភាព​មីន​ ដែល​ពិត​ជា​បាន​ឆ្លើយ​តប​នឹង​ការ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់ សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត​ នាយក​រដ្ឋមន្រ្តី​ ក្នុង​ការ​ដោះស្រាយ​បញ្ហាមីន​នៅ​កម្ពុជា ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​គោល​នយោបាយ​អភិវឌ្ឍន៍​ជាតិ​​។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា:ប្រទេស​កម្ពុជា​ ក្រោមការដឹកនាំរបស់​សម្តេច​ធិបតី​ នៅតែបន្តរក្សា​សន្ទុះ​ និង​ការខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ចំពោះអនាគត​កម្ពុជា​មួយ​ដែលគ្មានមីន ដើម្បីភាពរីកចម្រើនរបស់ប្រទេសជាតិ និងសុវត្ថិភាពរបស់ប្រជាជនកម្ពុជា​។

ឯកឧត្តម​ទេសរដ្ឋមន្រ្តី លី ធុជ បានបន្តទៀតថា ប្រទេសអូស្ត្រាលី គឺជាមិត្តដ៏​យូរអង្វែង​ និង​រឹងមាំ​របស់កម្ពុជា​ចាប់តាំង​ពី​ដើមទសវត្សរ៍ឆ្នាំ១៩៩០ ក្នុង​ការ​បង្កើត​នូវ​ការ​ប្តេជ្ញាចិត្ត​រួម​ក្នុង​ដោះស្រាយ​បញ្ហា​មីន​នៅ​កម្ពុជា​។ ថវិកា​​ជាង​ ១០០ ដុល្លារ​អូស្រ្តាលី តាម​រយៈកម្មវិធី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ បាន​រួម​ចំណែក​ក្នុង​ការ​ងារ​បោសសម្អាតមីន​នៅ​កម្ពុជា​ ក្នុង​នោះថវិកា​ជាង ៣៥ លាន​ដុល្លារ​អាមេរិក សម្រាប់គម្រោង​ CFR ចាប់តាំង​ពីឆ្នាំ​២០០៦។ ​

ទន្ទឹមនឹងនោះ ឯកឧត្តបណ្ឌិត លី ធុជ បាន​វាយតម្លៃខ្ពស់ចំពោះ​ភាព​ជាដៃគូ​ជាមួយ​ UNDP ចាប់តាំង​ពី​ឆ្នាំ​១៩៩៣ ដែល​បាន​ដើរ​តួនាទីយ៉ាងសំខាន់ក្នុងការរៀបចំវិស័យសកម្មភាពមីនរបស់កម្ពុជា ព្រមទាំងបានចាត់ទុកកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមីន និង UNDP គឺជាដៃគូដ៏យូរអង្វែង និងមានទំនាក់ទំនងយ៉ាងល្អអស់រយៈពេលជាច្រើនឆ្នាំ ចំពោះ​ការ​ប្តេជ្ញាចិត្តក្នុងការចូលរួមក្នុងសកម្មភាពមីននៅកម្ពុជា តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។

ឯកឧត្តម​បណ្ឌិត​ លី ធុជ បាន​សង្កត់ធ្ងន់ទៀត​​ថា “​រាល់ចម្ការមីន​ដែល​យើង​បោសសម្អាតរួច គឺ​ជា​អំណោយជីវិត​​មិន​អាច​កាត់ថ្លៃបាន​សម្រាប់ប្រជាជន​កម្ពុជា​។ ភាព​ជាដៃគូ​ដែល​យើង​បាន​ពង្រឹង​ នឹង​នាំ​ឱ្យ​យើង​កាន់តែ​ខិត​ជិត​ទៅ​នឹង​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​គ្មានមីន​។ យើង​មិនត្រឹម​តែ​រួមគ្នាបោស​សម្អាតមីន​ប៉ុណ្ណោះទេ ប៉ុន្តែ​​យើងកំពុងកសាងស្ពាននៃក្តីសង្ឃឹម ភាពរុងរឿង និងសន្តិភាពសម្រាប់មនុស្សជំនាន់ក្រោយ។ យើង​ទាំង​អស់​គ្នា​ត្រូវ​បន្ត​រួប​រួមគ្នា និង​បន្តឈរ​យ៉ាង​រឹងមាំ​ជាមួយគ្នា​ ដើម្បី​សម្រេច​បាននូវគោលដៅ​រួមកម្ពុជា​មួយ​ដែល​គ្មានមីន ស្រប​តាម​ សុភាសិត​ខ្មែរ​បុរាណ​បាន​ពោល​​ថា​ “​ចង្កឹះមួយដើមគេកាច់បាក់ ចង្កឹះមួយ​បាច់​គេ​មិន​អាច​កាច់​បាក់​បាន​ឡើយ​​”​​​​។

ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ បន្ត​លើកឡើងទៀតថា “​ជាក់ស្តែង​ក្នុង​ភាព​ជា​ដៃគូ​យ៉ាង​រឹងមាំរវាង​​ កម្ពុជា​ អូស្រ្តាលី និង​ UNDP បាន​ភ្ជាប់​នូវ​កម្លាំង​ ធនធាន​ និង​ការ​ប្តេជ្ញាចិត្តរួម​ ដើម្បី​បង្កើត​នូវ​ចំណង​ដែល​មិន​អាច​បំបែកបាន​ក្នុងការបម្រើសុវត្ថិភាព វិបុល​ភាពរបស់ប្រជាជនកម្ពុជា និង​សេចក្តីថ្លៃ​ថ្នូរ​របស់​សហគមន៍​ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​”​។

ឆ្លៀត​ក្នុង​ឱកាស​នោះ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅជូនចំពោះកា​រ​ប្តេជ្ញាចិត្ត​ និង​បន្ត​ការគាំទ្រប្រកបដោយសប្បុរសរបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ ណូវែលហ្សឺឡង់ និង​ UNDP ក្នុងចំណោមម្ចាស់ជំនួយដទៃទៀត ដើម្បី​ធ្វើឱ្យ​ប្រទេស​កម្ពុជា​កាន់តែមាន​សុវត្ថិភាព​។

សូម​បញ្ជាក់ថា​​ សមិទ្ធផលទទួលបានពីការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ក្រោមការសម្របសម្រួលរបស់ UNDP ចាប់តាំងពីឆ្នាំ២០០៦ មក បានរំដោះផ្ទៃដីមានមីនចំនួន ៣៨៤ គីឡូម៉ែត្រក្រឡា និងមានអ្នកទទួលផលចំនួនជាង ១,២ លាននាក់៕