ដោយ៖ កំចាយ
កំពត÷ ថ្ងៃដើរលេងដំបូងនៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ភ្ញៀវចូលមកលម្ហែកម្សាន្តនៅខេត្តកំពតប្រមាណជាង២៤.០០០នាក់។ រមណីយដ្ឋានដែលភ្ញៀវជាប់សែស្រឡាយចិនចូលចិត្តឡើងទៅលេងគឺរមណីយដ្ឋានឧទ្យានជាតិព្រះមុនីវង្សបូកគោ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានមានប្រសាសន៍ថា ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ដែលជាថ្ងៃដើរលេងដំបូងសម្រាប់ពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ខេត្តកំពតទទួលភ្ញៀវទេសចរបានចំនួន២៤.៣៥៩នាក់។ ក្នុងនោះភ្ញៀវជាតិមាន២៣.៩០៨នាក់ និងទេសចរបរទេសចំនួន៤៥១នាក់។ លោកប្រធានមន្ទីរបានបញ្ជាក់ថា បងប្អូនពលរដ្ឋខ្មែរជាប់សែស្រឡាយចិនច្រើនលើសលប់បាននាំគ្នាឡើងទៅលេងនៅលើភ្នំបូកគោដែលជាគោលដៅអុជធូបបន់ស្រន់ចំពោះមុខរូបសំណាកលោកយាយម៉ៅ និងព្រះអង្គវត្តសំពៅប្រាំដោយមិនអាចខកខានបាន។ និយាយរួម ឧទ្យានជាតិព្រះមុនីវង្សបូកគោជាគោលដោទេសចរណ៍ដ៏សំខាន់សម្រាប់ឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម។
ពលរដ្ឋខ្មែរជាប់សែស្រឡាយចិនមកពីរាជធានីភ្នំពេញបានរៀបរាប់ថា ពួកគាត់តែងតែនាំក្រុមគ្រួសារមកលេងភ្នំបូកគោរៀងរាល់ថ្ងៃចូលឆ្នាំចិន ព្រោះទីនេះមានទេសភាពស្អាត បរិយាកាសបរិសុទ្ធ និងអាកាសធាតុត្រជាក់។ ម្យ៉ាងទៀតភ្នំបូកគោ ក៏មានកន្លែងស័ក្តិសិទ្ធិសម្រាប់បួងសួងសុំសេចក្តីសុខចម្រើន រកស៊ីមានបាន និងសម្រេចគ្រប់បំណងប្រាថ្នា។ ក្រុមភ្ញៀវដដែលបានបន្តថា កន្លែងដែលពួកគាត់មិនអាចខកខានបានគឺទីតាំងលោកយាយម៉ៅ និងព្រះអង្គនៅវត្តសំពៅប្រាំ។ ភ្នំបូកគោពិតជាកន្លែងពិសេសដែលអាចព្យាបាលជំងឺតានតឹងអារម្មណ៍បាន៕