ប្រែសម្រួល ៖ លន ស្រស់
វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Honda Motor បានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងបង្កើនការវិនិយោគរបស់ខ្លួនចំនួន ៣០០ លានដុល្លារនៅរោងចក្រផលិតរថយន្តបីកន្លែងក្នុងរដ្ឋ Ohio ដើម្បីបង្កើនភាពបត់បែនក្នុងការផលិតរថយន្តអគ្គិសនី រថយន្តហាយប្រ៊ីដ និងរថយន្តប្រើប្រេង នៅលើខ្សែចង្វាក់ផលិតកម្មតែមួយ។
ក្រុមហ៊ុនរថយន្តជប៉ុនដ៏ធំមួយនេះបានប្រកាសផែនការវិនិយោគចំនួន ៧០០ លានដុល្លារនៅរោងចក្រទាំងបីក្នុងឆ្នាំ ២០២២ ប៉ុន្តែពេលនេះបានបង្កើនដល់ ១ ពាន់លានដុល្លារ នេះបើយោងតាមលោកស្រី Jennifer Thomas អនុប្រធានជាន់ខ្ពស់នៃផ្នែកក្រុមហ៊ុន Hondaនៅអាមេរិក។ លោកស្រីក៏បានសម្តែងក្តីបារម្ភអំពីផែនការរបស់រដ្ឋបាលប្រធានាធិបតី Donald Trump ក្នុងការកាត់បន្ថយការលើកទឹកចិត្តសម្រាប់រថយន្តអគ្គិសនីផងដែរ។
Honda ក៏កំពុងសាងសង់រោងចក្រផលិតថ្មរថយន្តរួមទុនជាមួយ LG Energy Solution នៅរដ្ឋ Ohio ដែលការវិនិយោគសរុបត្រូវបានរំពឹងថានឹងមានទឹកប្រាក់ ៤,៤ ពាន់លានដុល្លារ ដែលជាផ្នែកមួយនៃមជ្ឈមណ្ឌល Honda EV Hub នៅរដ្ឋ Ohio។
Honda កំពុងកែច្នៃឡើងវិញនូវរោងចក្រផលិតរថយន្ត Marysville រោងចក្រផលិតរថយន្ត East Liberty និងរោងចក្រផលិតម៉ាស៊ីន Anna នៅរដ្ឋ Ohio។
“យើងកំពុងបង្កើតភាពបត់បែនដើម្បីផលិតរថយន្តប្រើប្រេង រថយន្តហាយប្រ៊ីដ និងរថយន្តអគ្គិសនី នៅលើខ្សែសង្វាក់ផលិតកម្មដូចគ្នានៅរដ្ឋ Ohio។ នេះអាចឱ្យយើងឆ្លើយតបយ៉ាងរហ័សទៅនឹងការផ្លាស់ប្តូរតម្រូវការអតិថិជន និងស្ថានភាពទីផ្សារ” នេះបើតាមការលើកឡើងរបស់លោកស្រី Thomas។
រដ្ឋបាលអតីតប្រធានាធិបតី Joe Biden បានអនុម័តបទប្បញ្ញត្តិមួយចំនួនដែលត្រូវបានរចនាឡើងដើម្បីពន្លឿនការប្រើប្រាស់រថយន្តអគ្គិសនី។ លោក Trump បានសន្យាថានឹងបញ្ច្រាសបទប្បញ្ញត្តិទាំងនេះ ហើយក្រសួងដឹកជញ្ជូនបានចាប់ផ្តើមជំហានដំបូងដើម្បីធ្វើដូច្នេះកាលពីថ្ងៃអង្គារ។
“យើងត្រូវតែរកវិធីដើម្បីជៀសវាងការប្រែប្រួលនយោបាយយ៉ាងខ្លាំងរៀងរាល់បួនឆ្នាំម្តង ដោយគាំទ្រគោលនយោបាយដែលលើកកម្ពស់ស្ថិរភាព និងអនុញ្ញាតឱ្យឧស្សាហកម្មរបស់យើងធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ” នេះជាការលើកឡើងរបស់លោកស្រី Thomas នៅក្នុងក្រុងវ៉ាស៊ីនតោន។
លោកស្រី Thomas បានមានប្រសាសន៍ថា ការលើកទឹកចិត្តសម្រាប់រថយន្តអគ្គិសនី “គឺជាកត្តាដ៏សំខាន់ក្នុងសមត្ថភាពប្រកួតប្រជែងរបស់យើង ហើយការធ្វើឱ្យចុះខ្សោយនូវការលើកទឹកចិត្តនាំឱ្យមានការធ្លាក់ចុះនៃការលក់រថយន្តអគ្គិសនី។”
លោកស្រីក៏បានលើកឡើងអំពីតួនាទីរបស់លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោក Trump ក្នុងការធ្វើឱ្យប្រតិបត្តិការរដ្ឋាភិបាលមានភាពសាមញ្ញ ដែលត្រូវបានគេស្គាល់ថាជា DOGE និងកម្ចីរដ្ឋាភិបាលឆ្នាំ ២០១០ របស់ក្រុមហ៊ុនរថយន្ត។
“ពិចារណាទៅលើអ្នកដែលដឹកនាំកិច្ចខិតខំប្រឹងប្រែងនេះសម្រាប់រដ្ឋបាលថ្មី ខ្ញុំយល់ឃើញថាវាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ដែលថា ប្រសិនបើ DOGE មានអត្ថិភាពកាលពីប៉ុន្មានឆ្នាំមុន Tesla ប្រហែលជាមិនមានអត្ថិភាពទេ” លោកស្រី Thomas បានមានប្រសាសន៍។ “Tesla ក្លាយទៅជាអ្វីដែលវាមាននាពេលបច្ចុប្បន្ន ដោយសារតែគោលនយោបាយរដ្ឋាភិបាលបានរក្សាពួកគេឱ្យនៅរស់នៅពេលដែលប្រាក់ចំណេញលើផលិតផលត្រូវការពេលវេលាដើម្បីសម្រេចបាន។”
Tesla មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ៕
ប្រភព៖ Reuters