អន្តរជាតិ

បណ្ដាញក្រុមយុវជនប្រទេសថៃធ្វើយុទ្ធនាការឲ្យរដ្ឋាភិបាលលុបបំបាត់បារីអេឡិចត្រូនិចនៅតាមសាលារៀន

ប្រែសម្រួល ៖ លន ស្រស់

កាលពីថ្ងៃអង្គារ តំណាងមកពីបណ្ដាញយុវជនផ្សេងៗបានដាក់លិខិតជូនរដ្ឋមន្ត្រីក្រសួងអប់រំ ឯកឧត្តម ប៉ុល ប៉េនប៉ូន ជីតជប (Pol Gen Permpoon Chidchob) ស្នើសុំឱ្យលោកជំរុញគោលនយោបាយមិនអត់ឱនចំពោះបារីអេឡិចត្រូនិចនៅតាមសាលារៀនទូទាំងប្រទេស។

បណ្ដាញយុវជនទាំងនោះរួមមានចលនាលើកកម្ពស់សុខភាពយុវជន បណ្ដាញកាត់បន្ថយហានិភ័យយុវជន និងមូលនិធិអភិវឌ្ឍន៍យុវជននិងគ្រួសារ។

ពួកគេបានដាក់លិខិតនេះជូនលោក ព្រីឌី ភូសីណាម (Pridee Phusinam) អធិការនៅក្រសួងអប់រំ។

លោក អាប់ឌុលហ្វាតា យូសុហ្វ (Abdulfatah Yusof) អ្នកសម្របសម្រួលចលនាលើកកម្ពស់សុខភាពយុវជននៅភាគខាងត្បូងបានមានប្រសាសន៍ថា បណ្ដាញរបស់លោកបានធ្វើយុទ្ធនាការជាប្រចាំដើម្បីការពារកុមារនិងយុវជនពីគ្រោះថ្នាក់នៃបារីអេឡិចត្រូនិច។

លោក អាប់ឌុលហ្វាតា បានមានប្រសាសន៍ថា បណ្ដាញរបស់លោកបានជួបប្រជុំកាលពីឆ្នាំមុនជាមួយមេដឹកនាំយុវជនពីបណ្ដាញផ្សេងទៀត ហើយរកឃើញថា កុមារដែលមានអាយុត្រឹមតែ៩ឆ្នាំបានប្រើប្រាស់បារីអេឡិចត្រូនិចជារៀងរាល់ថ្ងៃ និងអាចទិញវាបានយ៉ាងងាយស្រួល ទោះបីជាមានការដាក់ទោសទណ្ឌតាមច្បាប់យ៉ាងធ្ងន់ធ្ងរក៏ដោយ។

យុវជនជាច្រើនខ្វះព័ត៌មានត្រឹមត្រូវអំពីគ្រោះថ្នាក់នៃបារីអេឡិចត្រូនិច ដោយសារការយល់ខុស ដូចជាការជឿថាវាមានគ្រោះថ្នាក់តិចជាង មិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ឬជាការនិយមព្រោះតារាល្បីៗច្រើនប្រើវា។

កញ្ញា ផេតឡាដា ស្រត្ថារត្នត្រៃ (Phetlada Srattharattanatrai) មេដឹកនាំបណ្ដាញកាត់បន្ថយហានិភ័យយុវជន បានជំរុញឱ្យក្រសួងដោះស្រាយការរាតត្បាតនៃបារីអេឡិចត្រូនិចនៅប្រទេសថៃ និងអំពាវនាវឱ្យក្រសួងប្រកាន់ជំហរដាច់ខាតប្រឆាំងនឹងការធ្វើឱ្យវាស្របច្បាប់ ៕