បច្ចេកវិទ្យា

បញ្ជីទូរសព្ទ iPhone របស់ក្រុមហ៊ុន Apple នឹងគាំទ្រសេវាគ្របដណ្តប់ផ្ទាល់ពីផ្កាយរណបរបស់ Starlink នៅសហរដ្ឋអាមេរិក

ដោយ៖ រតនា

យោងតាមក្រុមហ៊ុន T-Mobile ដែលជាដៃគូនៃកម្មវិធីនេះ ទូរសព្ទ iPhone របស់ក្រុមហ៊ុន Apple ឥឡូវនេះមានសិទ្ធិសាកល្បងប្រើប្រាស់សមត្ថភាពបញ្ជូនសញ្ញាផ្ទាល់ទៅកាន់ទូរសព្ទពីផ្កាយរណប Starlink ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន SpaceX។

ក្រុមហ៊ុន T-Mobile និងក្រុមហ៊ុន SpaceX របស់លោក Elon Musk កំពុងសាកល្បងបណ្តាញទូរសព្ទ Starlink ក្នុងដំណាក់កាលសាកល្បង បន្ទាប់ពីទទួលបានការអនុម័តពីគណៈកម្មាធិការទូរគមនាគមន៍សហព័ន្ធកាលពីខែវិច្ឆិកាឆ្នាំមុន។

យោងតាមគេហទំព័រ T-Mobile ការសាកល្បងនេះផ្តល់ជូននូវ «ការផ្ញើសារតាមផ្កាយរណប» ខណៈដែលមុខងារសម្រាប់ការហៅទូរសព្ទ និងអ៊ីនធឺណិតនឹងត្រូវបន្ថែមនៅពេលក្រោយ។

ដំបូងឡើយ T-Mobile បានរាយបញ្ជីតែស្មាតហ្វូន Android មួយចំនួនប៉ុណ្ណោះសម្រាប់សាកល្បងបណ្តាញនេះ ប៉ុន្តែឥឡូវបានបន្ថែមឧបករណ៍ iPhone ដែលមានកម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS 18.3 ចុងក្រោយបង្អស់។

កាលពីថ្ងៃអង្គារ Bloomberg News បានរាយការណ៍ជាលើកដំបូងថា Apple, SpaceX និង T-Mobile បានធ្វើការជាសម្ងាត់ដើម្បីបន្ថែមការគាំទ្រសម្រាប់បណ្តាញនេះនៅក្នុងកម្មវិធីប្រព័ន្ធប្រតិបត្តិការ iPhone ចុងក្រោយបង្អស់របស់ខ្លួន។

Apple និង SpaceX មិនទាន់បានឆ្លើយតបទៅនឹងសំណើសុំការបញ្ជាក់ពី Reuters នៅក្រៅម៉ោងធ្វើការនៅឡើយទេ។

កាលពីខែតុលាឆ្នាំមុន FCC បានអនុញ្ញាតឱ្យ SpaceX និង T-Mobile បើកដំណើរការផ្កាយរណប Starlink ដែលមានសមត្ថភាពបញ្ជូនសញ្ញាផ្ទាល់ទៅកាន់ទូរសព្ទ ដើម្បីផ្តល់ការគ្របដណ្តប់សម្រាប់ទូរសព្ទចល័តនៅតំបន់ North Carolina ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារព្យុះហេឡេន៕

ប្រភព៖ Reuters