ដោយ : បន្ទាយ
![](https://cambodiaflashnews.com/wp-content/uploads/2024/11/720x90.jpg)
បន្ទាយមានជ័យ : ហេតុការណ៍អគ្គិភ័យមួយបានឆាបឆេះផ្សារត្រី ស្ថិតនៅប្លុកកាស៊ីណូក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំថ្ងៃសែនចូលឆ្នាំចិន នាកណ្តាលយប់ម៉ោង១២យប់ថ្ងៃទី២៨ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ។
ករណីនេះគេសង្ស័យបណ្តាលមកពីទុស្សេកុងទ័រភ្លើងក្នុងតូបលក់អីវ៉ាន់ ។អគ្គិភ័យនេះ អាជ្ញាធរក្រុងប៉ោយប៉ែត កម្លាំងនគរបាលក្រុង កម្លាំងកងរាជអាវុធហត្ថក្រុង កម្លាំងផ្នែកសឹករងក្រុង កម្លាំងសង្គ្រោះបឋមក្រុងប៉ោយប៉ែត រួមទាំងប្រជាពលរដ្ឋ បានអន្តរាគមន៍ជួយពន្លត់ ដោយបានយកថង់ច្រកទឹកគប់ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់រដ្ឋបាលក្រុង ១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ១គ្រឿង និងរថយន្តក្រុមហ៊ុនកាស៊ីណូ១គ្រឿង។
អាជ្ញាធរសង្កាត់ប៉ោយប៉ែតបានប្រាប់ថា : អគ្គិភ័យនៅក្នុងតូបលក់អីវ៉ាន់ចាប់ហួយ និងធ្វើក្រចកចំនួន៤តូបលើក្រោម ស្មើ៨បន្ទប់ បណ្តាលឲ្យសម្ភារឆេះខ្ទេចទាំងស្រុង ។
ម្ចាស់តូបរងគ្រោះរួមមាន៖ ១.ឈ្មោះ សែន គឹមសុង ម្ចាស់តូបអីវ៉ាន់ចាប់ហួយ ឆេះទាំងស្រុង, ២.ឈ្មោះ សែម ស្រីឡែន ម្ចាស់តូបអីវ៉ាន់ចាប់ហួយ ឆេះទាំងស្រុង, ៣.ឈ្មោះ ទឹម រស្មី លក់គ្រឿងក្មេងលេងនិងដូរលុយ ឆេះខាងលើ និងទី៤ ម្ចាស់តូបមិនទាន់ស្គាល់ឈ្មោះ ដោយម្ចាស់បានសេងឲ្យអ្នកថ្មី ហើយការខូចខាតនៅមិនទាន់សន្និដ្ឋានថាមានទំហំប៉ុន្មានទេ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា: អគ្គិភ័យនេះមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ គ្រាន់តែឆេះអស់តូបលក់ចាប់ហួយចំនួន៤តូប មានកេស មានចានស្នោ និងសម្ភារផ្សេងៗ តែមិនដឹងពីទំហំនៃការខូចខាតនៅឡើយ៕
![](https://cambodiaflashnews.com/wp-content/uploads/2024/04/cropped-Header-Middle-footer.png)