ប្រែសម្រួលដោយ៖ ស-សម្បត្តិ
ស៊ីដនី៖ តំបន់អាគ្នេយ៍នៃប្រទេសអូស្ត្រាលីបានប្រឈមនឹងរលកកម្តៅនៅថ្ងៃចន្ទ (ថ្ងៃទី២៧ ខែមករា) ដែលបង្កើនហានិភ័យភ្លើងឆេះព្រៃ និងជំរុញឱ្យអាជ្ញាធរចេញបម្រាមហាមឃាត់ការដុតភ្លើងនៅតំបន់មួយចំនួននៃរដ្ឋវិចតូរៀ។
សីតុណ្ហភាពខ្ពស់ខ្លាំងនេះបានរំឭកឡើងវិញនូវមហន្តរាយ “រដូវក្តៅខ្មៅ” ឆ្នាំ២០១៩-២០២០ ដែលបណ្តាលឱ្យមានអគ្គិភ័យបំផ្លាញផ្ទៃដីធំស្មើនឹងប្រទេសតួកគី សម្លាប់មនុស្ស៣៣នាក់ និងសត្វរាប់ពាន់លានក្បាល។
នៅថ្ងៃចន្ទ អ្នកព្យាករណ៍អាកាសធាតុជាតិបានព្រមានថា សីតុណ្ហភាពអាចឡើងដល់ ៤១ អង្សាសេ នៅទីក្រុងម៉ែលប៊ន រដ្ឋធានីនៃរដ្ឋវិចតូរៀ ដែលខ្ពស់ជាងសីតុណ្ហភាពមធ្យមប្រចាំខែមករារបស់ទីក្រុងនេះ ១៤ អង្សាសេ។
អាជ្ញាធរបានវាយតម្លៃគ្រោះថ្នាក់អគ្គិភ័យថាស្ថិតក្នុងកម្រិតធ្ងន់ធ្ងរបំផុត ដែលជាកម្រិតទីពីរខ្ពស់បំផុត នៅក្នុងតំបន់ចំនួនប្រាំនៃរដ្ឋវិចតូរៀនៅថ្ងៃចន្ទ។
លោក ឌីន ណារ៉ាម៉រ ជាឧតុនិយមវិទូជាន់ខ្ពស់នៃស្ថាប័នព្យាករណ៍អាកាសធាតុ បានប្រាប់សារព័ត៌មានអូស្ត្រាលី (ABC) ថា ស្ថានភាពក្តៅនិងខ្យល់ខ្លាំងអាចបង្កឱ្យមាន “អគ្គិភ័យធំៗ” មុនពេលមានការផ្លាស់ប្តូរអាកាសធាតុត្រជាក់នៅរដ្ឋវិចតូរៀនៅថ្ងៃអាទិត្យក្រោយ។
នៅកន្លែងផ្សេងទៀត រដ្ឋញូវសៅវែល រដ្ឋអូស្ត្រាលីខាងត្បូង រដ្ឋអូស្ត្រាលីខាងលិច រដ្ឋឃ្វីនស្លែន និងដែនដីភាគខាងជើង ស្ថិតក្រោមការព្រមានអំពីរលកកម្តៅនៅថ្ងៃចន្ទ ដូចដែលបានចុះផ្សាយនៅលើគេហទំព័ររបស់អ្នកព្យាករណ៍។
នៅក្នុងរដ្ឋញូវសៅវែល ដែលជារដ្ឋមានប្រជាជនច្រើនជាងគេបំផុតនៅអូស្ត្រាលី លោក ណារ៉ាម៉រ បាននិយាយថា “ស្ថានភាពរលកកម្តៅពីកម្រិតទាបដល់កម្រិតធ្ងន់ធ្ងរ” ត្រូវបានរំពឹងថានឹងកើតមាននៅថ្ងៃចន្ទ ដោយព្យាករថារលកកម្តៅនឹងកាន់តែខ្លាំងឡើងនៅទីនោះនៅថ្ងៃអង្គារ៕
ប្រភព៖ Reuters/nh