ប្រែសម្រួលដោយ ៖ តារា
ឡុងដ៍៖ លោក Ruben Amorim គ្រូបង្វឹកក្លឹបម៉ានឆេស្ទ័រ យូណៃធីត បានការពារការសម្រេចចិត្តរបស់លោកក្នុងការដកខ្សែប្រយុទ្ធ Marcus Rashford ចេញពីក្រុមម្តងទៀតសម្រាប់ការប្រកួតឈ្នះក្លឹប Fulham ១-០ កាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ថា លោកចង់ដាក់គ្រូបង្វឹកអ្នកចាំទីនៅលើបង្អែកជាជាងកីឡាករដែលមិនប្តូរផ្តាច់ក្នុងការលេង។
Rashford មិនបានចូលលេងឱ្យក្លឹបម៉ានឆេស្ទ័រ យូណៃធីត តាំងពីពាក់កណ្តាលខែធ្នូមក បន្ទាប់ពីរូបគេបានទទួលស្គាល់ថា គេត្រៀមខ្លួនរួចរាល់សម្រាប់បទពិសោធថ្មីនៅក្នុងអាជីពរបស់គេ ដោយខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះមិនមានឈ្មោះក្នុងក្រុមដែលធ្វើដំណើរទៅប្រកួតជយលាភីតូចតាចនៅក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យ។
អាម៉ូរីម តែងតែប្រកាន់ជំហរថា លោកនឹងមិនអនុញ្ញាតឱ្យមានអ្វីដែលតិចជាងការប្តូរផ្តាច់ពេញទំហឹងពីកីឡាកររបស់លោកឡើយ ទោះបីជាក្លឹបកំពុងជួបការលំបាកក្នុងការរកទម្រង់លេងក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះក៏ដោយ។
“វាតែងតែមានហេតុផលដូចគ្នា” អាម៉ូរីម បានប្រាប់អ្នកកាសែត នៅពេលត្រូវបានសួរអំពីការដកឃ្លាត Rashford ថ្មីៗនេះ។ “ហេតុផលគឺការហ្វឹកហាត់ និងរបៀបដែលខ្ញុំមើលឃើញពីអ្វីដែលកីឡាករបាល់ទាត់គួរធ្វើ។”
“នៅក្នុងការហ្វឹកហាត់ ក្នុងជីវិត និងរាល់ថ្ងៃ គ្រប់ព័ត៌មានលម្អិត។ ដូច្នេះ ប្រសិនបើអ្វីៗមិនផ្លាស់ប្តូរទេ ខ្ញុំនឹងមិនផ្លាស់ប្តូរដែរ។ វាជាស្ថានភាពដូចគ្នាសម្រាប់កីឡាករគ្រប់រូប។ ប្រសិនបើអ្នកធ្វើអតិបរមា ប្រសិនបើអ្នកធ្វើរឿងត្រឹមត្រូវ យើងអាចប្រើកីឡាករគ្រប់រូបបាន។”
“អ្នកអាចឃើញវានៅថ្ងៃនេះនៅលើបង្អែក – យើងខ្វះល្បឿនបន្តិចដើម្បីទៅមុខ ដើម្បីផ្លាស់ប្តូរហ្គេម ដើម្បីផ្លាស់ប្តូរគ្រាប់ពិន្ទុខ្លះ ប៉ុន្តែខ្ញុំចូលចិត្តបែបនេះ។ ខ្ញុំនឹងដាក់ (គ្រូបង្វឹកអ្នកចាំទី Jorge) Vital មុនពេលខ្ញុំដាក់កីឡាករដែលមិនប្តូរផ្តាច់ជារៀងរាល់ថ្ងៃ។ ខ្ញុំនឹងមិនផ្លាស់ប្តូរក្នុងរឿងនោះទេ។”
នៅមុនខួបកំណើតអាយុ ៤០ ឆ្នាំរបស់លោក អាម៉ូរីម បានលេងសើចថា លោកមានអារម្មណ៍ចាស់ជាង ១០ ឆ្នាំ បន្ទាប់ពីពីរខែដំបូងដ៏លំបាកនៅក្លឹប។
ម៉ានឆេស្ទ័រ យូណៃធីត មានសំណាងដែលទទួលបានពិន្ទុបីពីដំណើរទស្សនកិច្ចរបស់ពួកគេទៅកាន់ Craven Cottage។ គ្រាប់បាល់ឈ្នះដ៏មានសំណាងរបស់ Lisandro Martinez នៅចុងម៉ោងគឺជាការស៊ុតត្រូវគោលដៅតែមួយគត់របស់ក្រុមភ្ញៀវក្នុងការប្រកួតដ៏អន់មួយនេះ។
ជ័យជម្នះនេះគឺជាលើកទីបួនប៉ុណ្ណោះដែល អាម៉ូរីម បានភ្លក់រសជាតិជោគជ័យក្នុងក្របខ័ណ្ឌលីគ ចាប់តាំងពីចូលមកជំនួស Erik ten Hag កាលពីខែវិច្ឆិកា ដោយក្លឹបជើងឯកលីគកំពូល ២០ សម័យកាលនេះនៅតែជាប់គាំងនៅពាក់កណ្តាលតារាង។
“វាមិនមែន ៤០ ទេ… ខ្ញុំអាយុ ៥០!” អាម៉ូរីម បានប្រាប់ BBC នៅពេលត្រូវបានសួរថាតើជ័យជម្នះលើ Fulham គឺជាកាដូខួបកំណើតដ៏ល្អឥតខ្ចោះឬទេ។
“បន្ទាប់ពីពីរខែនៅម៉េនឆេស្ទ័រ យូណៃធីត វាក្លាយទៅជា ៥០។ វាជាកិត្តិយសដែលបានចំណាយពេលខួបកំណើតអាយុ ៤០ ឆ្នាំរបស់ខ្ញុំនៅទីនេះ។”
“អារម្មណ៍នៃការឈ្នះ និងពិន្ទុបីពិតជាសំខាន់សម្រាប់យើង។ អ្នកមិនអាចឃើញការរីកចម្រើនដ៏អស្ចារ្យនៅក្នុងក្រុម ហើយនោះជាការពិត។ ប៉ុន្តែការឈ្នះជួយយើងឱ្យរីកចម្រើន៕”
ប្រភព៖ Reuters