អន្តរជាតិ

សេតវិមានបានឲ្យដឹងថា កិច្ចព្រមព្រៀងរវាងលីបង់និងអ៊ីស្រាអែលត្រូវបានពន្យារពេលដល់ថ្ងៃទី១៨ ខែកុម្ភៈ

ប្រែសម្រួលដោយ៖ តារា

វ៉ាស៊ីនតោន៖ សេតវិមានបានប្រកាសកាលពីថ្ងៃអាទិត្យ (ថ្ងៃទី២៦ ខែមករា) ថា កិច្ចព្រមព្រៀងរវាងលីបង់និងអ៊ីស្រាអែលត្រូវបានពន្យារពេលដល់ថ្ងៃទី១៨ ខែកុម្ភៈ ខណៈដែលអ៊ីស្រាអែលខកខានមិនបានដកកងទ័ពចេញតាមកាលកំណត់មុន។

សេតវិមានបានថ្លែងក្នុងសេចក្តីប្រកាសខ្លីមួយថា “កិច្ចព្រមព្រៀងរវាងលីបង់និងអ៊ីស្រាអែល ដែលត្រូវបានត្រួតពិនិត្យដោយសហរដ្ឋអាមេរិក នឹងនៅតែមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥”។

សេតវិមានរបស់លោក ដូណាល់ ត្រាំ ក៏បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងចរចាជាមួយអ៊ីស្រាអែលនិងលីបង់ ដើម្បីឲ្យមានការដោះលែងអ្នកទោសលីបង់ដែលត្រូវបានចាប់ខ្លួនចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលបានបង្កឲ្យមានការប្រយុទ្ធគ្នាស្របគ្នា ដំបូងក្នុងទ្រង់ទ្រាយតូច រវាងអ៊ីស្រាអែលនិងក្រុមហេសប៊ូឡាហ៍នៅលីបង់។

សេចក្តីប្រកាសនេះមិនបានលើកឡើងច្បាស់លាស់អំពីកិច្ចព្រមព្រៀងបញ្ឈប់បាញ់ឡើយ ដែលកាន់តែមានការសង្ស័យ ខណៈដែលកងកម្លាំងអ៊ីស្រាអែលបានសម្លាប់មនុស្ស២២នាក់កាលពីថ្ងៃអាទិត្យ យោងតាមក្រសួងសុខាភិបាលលីបង់។

សេតវិមានក៏មិនបានលើកឡើងអំពីបារាំងដែរ ដែលបានធ្វើការរួមគ្នាជាមួយសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី ចូ បៃដិន ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី២៧ ខែវិច្ឆិកា។

កិច្ចព្រមព្រៀងនេះបានបញ្ចប់យុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅលីបង់ប្រឆាំងនឹងក្រុមហេសប៊ូឡាហ៍ដែលគាំទ្រដោយអ៊ីរ៉ង់។ ក្រោមកិច្ចព្រមព្រៀងរយៈពេល៦០ថ្ងៃនេះ កងទ័ពលីបង់ត្រូវពង្រាយកម្លាំងរួមគ្នាជាមួយកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅភាគខាងត្បូង ខណៈដែលកងទ័ពអ៊ីស្រាអែលដកថយ។

អ៊ីស្រាអែលបានបញ្ជាក់យ៉ាងច្បាស់នាពេលថ្មីៗនេះថា ខ្លួនមិនមានបំណងគោរពតាមកាលកំណត់ឡើយ ដោយអះអាងថា កងទ័ពលីបង់ដែលទើបបង្កើតថ្មីមិនបានបំពេញតាមកិច្ចព្រមព្រៀងនៅផ្នែករបស់ខ្លួន។

កាលពីថ្ងៃអាទិត្យ កងកម្លាំងអ៊ីស្រាអែលបានបើកការបាញ់ប្រហារនិងសម្លាប់មនុស្ស២២នាក់ រួមទាំងស្ត្រី៦នាក់ ខណៈពេលដែលពួកគេត្រឡប់ទៅភូមិរបស់ខ្លួនវិញ យោងតាមក្រសួងសុខាភិបាលលីបង់។

កងទ័ពអ៊ីស្រាអែលបានថ្លែងថា ខ្លួនបានគ្រប់គ្រងគោលដៅជនសង្ស័យដែលបង្កការគំរាមកំហែងភ្លាមៗដល់កងកម្លាំងរបស់ខ្លួន៕

ប្រភព៖ AFP/cm