ប្រែសម្រួល ៖ ស្រស់
វ៉ាស៊ីនតោន៖ សេតវិមានបានថ្លែងកាលពីថ្ងៃអាទិត្យ (ថ្ងៃទី២៦ ខែមករា) ថា ប្រទេសកូឡុំប៊ីបានចុះចាញ់ និងយល់ព្រមទទួលយកពលរដ្ឋរបស់ខ្លួនដែលត្រូវបញ្ជូនត្រឡប់មកវិញតាមជើងហោះហើរយោធា បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មធ្ងន់ធ្ងរ។
កូឡុំប៊ីបានថ្លែងថា ខ្លួនបាន “ដោះស្រាយភាពទាល់ច្រក” នៅក្នុងជម្លោះអន្តោប្រវេសន៍ជាមួយសហរដ្ឋអាមេរិក ហើយសេតវិមានបានថ្លែងថា ខ្លួននឹងផ្អាកផែនការភាគច្រើននៃការដាក់ពន្ធគយ និងទណ្ឌកម្មលើសេដ្ឋកិច្ចធំបំផុតលំដាប់ទី៤ នៅអាមេរិកឡាទីន។
កូឡុំប៊ីបានយល់ព្រម “ទទួលយកដោយគ្មានការរឹតត្បិតនូវជនបរទេសខុសច្បាប់ទាំងអស់មកពីកូឡុំប៊ី ដែលត្រូវបញ្ជូនត្រឡប់មកពីសហរដ្ឋអាមេរិក រួមទាំងតាមយន្តហោះយោធាអាមេរិក ដោយគ្មានដែនកំណត់ ឬការពន្យារពេល” នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន។
“ព្រឹត្តិការណ៍ថ្ងៃនេះបានបង្ហាញយ៉ាងច្បាស់ដល់ពិភពលោកថា អាមេរិកត្រូវបានគោរពម្តងទៀត” សេចក្តីថ្លែងការណ៍បានបន្ថែម។
“ប្រធានាធិបតីត្រាំនឹងបន្តការពារអធិបតេយ្យភាពជាតិរបស់យើងយ៉ាងមុតមាំ ហើយលោករំពឹងថា បណ្តាប្រទេសទាំងអស់នៅលើពិភពលោកនឹងសហការពេញលេញក្នុងការទទួលយកការនិរទេសពលរដ្ឋរបស់ខ្លួនដែលស្ថិតនៅដោយខុសច្បាប់ក្នុងសហរដ្ឋអាមេរិក។”
ប្រធានាធិបតីកូឡុំប៊ី លោក ហ្គូស្តាវ៉ូ ពេត្រូ ដែលជាមេដឹកនាំឆ្វេងនិយម បានធ្វើឱ្យលោកត្រាំខឹងសម្បា ដោយបដិសេធមិនទទួលយកយន្តហោះយោធាដែលដឹកជញ្ជូនជនជាតិកូឡុំប៊ី ដែលត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក។
កាលពីមុន លោកបានថ្លែងថា លោកនឹងទទួលយកជនអន្តោប្រវេសន៍ត្រឡប់មកវិញ ប៉ុន្តែ “ដោយសេចក្តីថ្លៃថ្នូរ” រួមទាំងតាមយន្តហោះស៊ីវិល៕
ប្រភព៖ AFP/rj