ដោយ៖កំចាយ
កំពត÷ ក្រុមក្មេងទំនើង៦នាក់ត្រូវសមត្ថកិច្ចនៃអធិការដ្ឋានក្រុងកំពតឃាត់ខ្លួនបានជាបន្តបន្ទាប់ក្រោយពីពួកគេបង្កអុកឡុកដោយវាយគ្នាបែបអនាធិបតេយ្យកណ្តាលអធ្រាត្រ។
តាមការប្រាប់ឲ្យដឹងពីសមត្ថកិច្ចថា កាលពីម៉ោង១១យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ក្មេងទំនើង២ក្រុមមានគ្នាជាច្រើននាក់បានបង្កហិង្សាដោយវាយគ្នាបែបអនាធិបតេយ្យនៅក្នុងក្រុង ហាក់មិនញញើតច្បាប់បន្តិចសោះ។ ក្រោយកើតហេតុ និងមកដល់ល្ងាចថ្ងៃទី២៦ ខែមករា ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានក្រុងកំពតបានតាមដានស្រាវជ្រាវ រហូតឃាត់ខ្លួនក្រុមជនសង្ស័យបានជាបន្តបន្ទាប់។
ជាមួយលទ្ធផលនៃការបង្ក្រាបខាងលើ នាល្ងាចថ្ងៃទី២៦ ខែមករា លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបង្ហោះសារក្នុងផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតមានខ្លឹមសារថា៖ ក្រុមក្មេងទំនើងដែលបានវាយគ្នាកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នៅចំណុចរង្វង់មូលរូបសំណាកផ្លែទុរេន ត្រូវកម្លាំងអធិការដ្ឋានឃាត់ខ្លួនបាន៦នាក់ហើយ។ សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនក្រុមជនសង្ស័យទៅសាលាដំបូងនាពេលឆាប់ៗនេះ។ លោកឧត្តមសេនីយ៍ទោបានបញ្ជាក់ទៀតថា បើនៅផ្ទះមិនស្រណុកខ្លួន មានតែឲ្យទៅក្នុងពន្ធនាគារម្តង៕