ប្រែសម្រួល៖ តារា
រដ្ឋធានីម៉ានីល៖ មន្ត្រីរក្សាឆ្នេរ និងមន្ត្រីនេសាទនៃប្រទេសហ្វីលីពីន សហរដ្ឋអាមេរិក វៀតណាម និងឥណ្ឌូនេស៊ី បានហ្វឹកហាត់បច្ចេកទេសឡើងនាវា និងចាប់ខ្លួន នៅក្នុងវគ្គបណ្តុះបណ្តាលរួមស្តីពីការអនុវត្តច្បាប់សមុទ្រ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកប្រចាំរដ្ឋធានីម៉ានីល កាលពីថ្ងៃចន្ទ (ថ្ងៃទី២៧ ខែមករា)។
វគ្គសិក្សារយៈពេលពីរសប្តាហ៍នេះ ត្រូវបានធ្វើឡើងនៅលើកោះមីនដាណាវ ភាគខាងត្បូងប្រទេសហ្វីលីពីន ក្នុងនាមជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងថ្នាក់តំបន់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ខណៈពេលដែលការភ័យខ្លាចអំពីជម្លោះសមុទ្រជាមួយប្រទេសចិនកើនឡើង។
មានការប៉ះទង្គិចជាញឹកញាប់ ឬការប្រឈមមុខដាក់គ្នាដ៏តានតឹងរវាងនាវាហ្វីលីពីន និងចិន នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនេះ ព្រមទាំងឧប្បត្តិហេតុថ្មីៗដែលពាក់ព័ន្ធនឹងនាវាវៀតណាម និងឥណ្ឌូនេស៊ី។
លោក Rejard V Marfe អគ្គបញ្ជាការរងរក្សាឆ្នេរហ្វីលីពីន បានមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយស្ថានទូតអាមេរិកថា “យើងទាំងអស់គ្នាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើង ក្នុងការធានាថាអធិបតេយ្យភាពសមុទ្ររបស់យើងនៅតែជាតំបន់សន្តិភាព សុវត្ថិភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា”។
លោក Marfe បានហៅការបណ្តុះបណ្តាលពីថ្ងៃទី១៣ ដល់ថ្ងៃទី២៤ ខែមករានេះថា “មានសារៈសំខាន់ណាស់ក្នុងការធានាថា យើងមានសមត្ថភាពល្អប្រសើរក្នុងការដោះស្រាយការគំរាមកំហែងសមុទ្រ” ទោះបីជាសេចក្តីថ្លែងការណ៍នេះមិនបានលើកឡើងអំពីប្រទេសចិនក៏ដោយ។
ការបណ្តុះបណ្តាលនេះគ្របដណ្តប់លើការឡើងនាវាប្រកបដោយសុវត្ថិភាពនៅសមុទ្រ ច្បាប់សមុទ្រ ការប្រមូល និងការរក្សាភស្តុតាង សុវត្ថិភាព និងការកាត់បន្ថយហានិភ័យ និងបច្ចេកទេសចាប់ខ្លួន យោងតាមសេចក្តីថ្លែងការណ៍។
កងកម្លាំងការពារព្រំដែនអូស្ត្រាលី បានចូលរួមជាមួយមន្ត្រីរក្សាឆ្នេរ មន្ត្រីគយ និងមន្ត្រីឃ្លាំមើលការនេសាទនៅក្នុងវគ្គបណ្តុះបណ្តាលនេះក្នុងនាមជាអ្នកសង្កេតការណ៍។
ប្រទេសចិនបានពង្រីកកងទ័ពជើងទឹករបស់ខ្លួនកាន់តែខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈដែលខ្លួនព្យាយាមពង្រីកឥទ្ធិពលនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងប្រកួតប្រជែងជាមួយសម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិក។
ក្នុងប៉ុន្មានខែថ្មីៗនេះ ប្រទេសចិនបានដាក់ពង្រាយនាវាចម្បាំង និងនាវារក្សាឆ្នេរ ដើម្បីរារាំងប្រទេសហ្វីលីពីនពីថ្មប៉ប្រះ និងកោះដែលមានសារៈសំខាន់ផ្នែកយុទ្ធសាស្ត្រនៅក្នុងសមុទ្រចិនខាងត្បូង។
កាលពីខែតុលាឆ្នាំមុន ក្រុងហាណូយបានចោទប្រកាន់ប៉េកាំងពីការវាយប្រហារ “ឃោរឃៅ” ដែលក្នុងនោះអះអាងថា អ្នកនេសាទវៀតណាម១០នាក់ត្រូវបានវាយដំដោយដំបងដែក និងប្លន់យកត្រីនិងសម្ភារ ដែលមានតម្លៃរាប់ពាន់ដុល្លារ។
ហើយនៅខែដដែលនោះ ឥណ្ឌូនេស៊ីបាននិយាយថា ខ្លួនបានបណ្តេញនាវារក្សាឆ្នេរចិនចេញពីដែនទឹកដណ្តើមគ្នាក្នុងសមុទ្រចិនខាងត្បូងចំនួនបីដងក្នុងរយៈពេលមួយសប្តាហ៍៕
ប្រភព៖ AFP/lh