អន្តរជាតិ

តៃវ៉ាន់បានកំណត់នាវាចិនដែល “គួរឱ្យសង្ស័យ” ចំនួន ៥២ គ្រឿងសម្រាប់ការតាមដានយ៉ាងជិតស្និទ្ធ

ប្រែសម្រួល៖ ស-សម្បត្តិ

ក្រុងតៃប៉ិ៖ តៃវ៉ាន់បានកំណត់នាវាកម្មសិទ្ធិរបស់ចិនចំនួន ៥២ គ្រឿងដែល “គួរឱ្យសង្ស័យ” ដែលប្រើទង់ជាតិតាមការងាយស្រួល ដែលត្រូវការការតាមដានយ៉ាងជិតស្និទ្ធ ប្រសិនបើរកឃើញនៅជិតកោះនេះ នេះបើយោងតាមរដ្ឋបាលឆ្នេរសមុទ្រដែលបានថ្លែងកាលពីថ្ងៃចន្ទ (ថ្ងៃទី២៧ ខែមករា)។ ក្រុងតៃប៉ិព្យាយាមការពារខ្សែកាបអុបទិករបស់ខ្លួន។

របបតឹងរ៉ឹងនេះកើតឡើងបន្ទាប់ពីនាវាដែលប្រើទង់ជាតិកាមេរូនមួយគ្រឿងត្រូវបានឃាត់ខ្លួនដោយរដ្ឋបាលឆ្នេរសមុទ្រតៃវ៉ាន់កាលពីដើមខែនេះ ដោយសង្ស័យថាបានបំផ្លាញខ្សែកាបអន្តរជាតិនៅភាគឦសាននៃកោះនេះ។

នាវានោះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចុះបញ្ជីនៅហុងកុងដែលមានអាសយដ្ឋានចិនសម្រាប់នាយកតែម្នាក់គត់របស់ខ្លួន នេះបើយោងតាមរដ្ឋបាលឆ្នេរសមុទ្រដែលបានថ្លែងពីមុន។

តៃវ៉ាន់ភ័យខ្លាចថាចិនអាចកាត់ផ្តាច់ការតភ្ជាប់ទំនាក់ទំនងរបស់ខ្លួនជាផ្នែកមួយនៃការប៉ុនប៉ងកាន់កាប់កោះនេះ ឬធ្វើការហ៊ុមព័ទ្ធ។

ទង់ជាតិតាមការងាយស្រួលអនុញ្ញាតឱ្យក្រុមហ៊ុនដឹកជញ្ជូនចុះបញ្ជីនាវារបស់ពួកគេនៅក្នុងប្រទេសដែលពួកគេគ្មានទំនាក់ទំនងជាមួយ ដោយគ្រាន់តែបង់ថ្លៃសេវា និងមានសេរីភាពពីការត្រួតពិនិត្យ។

រដ្ឋបាលឆ្នេរសមុទ្របានឱ្យដឹងថា នាវាកម្មសិទ្ធិរបស់ចិនចំនួន ៥២ គ្រឿងដែល “គួរឱ្យសង្ស័យ” ដែលប្រើទង់ជាតិតាមការងាយស្រួលពីប្រទេសម៉ុងហ្គោលី កាមេរូន តង់សានី តូហ្គោ និងសៀរ៉ាឡេអូន ត្រូវបានកត់សម្គាល់សម្រាប់ការតាមដានយ៉ាងជិតស្និទ្ធ ដោយផ្អែកលើកំណត់ត្រាកំពង់ផែ និងទិន្នន័យពី Tokyo MOU ដែលជាស្ថាប័នពហុភាគីថ្នាក់តំបន់សម្រាប់ការត្រួតពិនិត្យរដ្ឋកំពង់ផែ។

ក្នុងចំណោមនាវាទាំង ៥២ គ្រឿង មាន ១៥ គ្រឿងត្រូវបានចាត់ទុកថាជា “ការគំរាមកំហែង” ដោយសារហេតុផលផ្សេងៗ រួមទាំងរយៈពេលដែលពួកគេចំណាយពេលវិលវល់ ឬបើកបរយឺតៗនៅជិតខ្សែកាបក្រោមសមុទ្ររបស់តៃវ៉ាន់ក្នុងឆ្នាំ២០២៤។

នាវាចំនួន ៥ គ្រឿង ដែលត្រូវបានចាត់ទុកថាបង្កការគំរាមកំហែងខ្លាំងបំផុត បានធ្វើសកម្មនៅក្នុងទឹកភាគខាងជើង ខាងលិច និងខាងត្បូងរបស់តៃវ៉ាន់ និងបានស្នាក់នៅ “ក្នុងទឹកដែនទឹកតៃវ៉ាន់លើសពី ១៥ ថ្ងៃ” នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលឆ្នេរសមុទ្រ។

អាជ្ញាធរតៃវ៉ាន់នឹងតាមដាន “ភាពមិនប្រក្រតី” នៅក្នុងប្រតិបត្តិការ AIS (ប្រព័ន្ធកំណត់អត្តសញ្ញាណស្វ័យប្រវត្តិ) របស់នាវា និង “ការក្លែងបន្លំ ឬការប្រើប្រាស់ខុសនូវឈ្មោះនាវា”។

នាវាដែលសង្ស័យថា “វិលវល់ បើកបរយឺតៗ ឬទម្លាក់យុថ្កា” នៅជិតខ្សែកាបក្រោមសមុទ្រនឹងត្រូវបានព្រមានតាមវិទ្យុឱ្យចាកចេញពីតំបន់នោះ នេះបើយោងតាមរដ្ឋបាលឆ្នេរសមុទ្រ។

“ប្រសិនបើនាវាមិនគោរពតាម នាវារដ្ឋបាលឆ្នេរសមុទ្រនឹងត្រូវបានបញ្ជូនទៅប្រមូលភស្តុតាង និងបណ្តេញនាវានោះចេញ” នេះបើយោងតាមរដ្ឋបាលឆ្នេរសមុទ្រ។

“ការត្រួតពិនិត្យលើនាវានឹងត្រូវធ្វើឡើងនៅពេលចាំបាច់ដើម្បីការពារសន្តិសុខសមុទ្រ និងទំនាក់ទំនងអន្តរជាតិរបស់តៃវ៉ាន់។”

ចិនអះអាងថាតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងបានគំរាមប្រើកម្លាំងដើម្បីនាំយកតៃវ៉ាន់មកក្រោមការគ្រប់គ្រងរបស់ខ្លួន។

តៃវ៉ាន់មានខ្សែកាបក្រោមទឹកអន្តរជាតិចំនួន ១៤ ខ្សែ និងខ្សែកាបក្នុងស្រុកចំនួន ១០ ខ្សែ។

នៅខែកុម្ភៈ ឆ្នាំ២០២៣ ខ្សែទូរគមនាគមន៍ចំនួន ២ ខ្សែដែលបម្រើឱ្យកោះម៉ាទ្សុដាច់ស្រយាលរបស់តៃវ៉ាន់ត្រូវបានកាត់ផ្តាច់ ដែលរំខានដល់ការទំនាក់ទំនងអស់រយៈពេលជាច្រើនសប្តាហ៍៕

ប្រភព៖ AFP/lh