ប្រែសម្រួល៖ ស-សម្បត្តិ
ក្រុងសេអ៊ូល៖ តុលាការក្រុងសេអ៊ូលបានបដិសេធសំណើទី២កាលពីថ្ងៃសៅរ៍ (ថ្ងៃទី២៥ មករា) ក្នុងការពន្យារការឃុំខ្លួនប្រធានាធិបតីយូន ស៊ុកយុល ដែលត្រូវបានដកតំណែង ពាក់ព័ន្ធនឹងការប៉ុនប៉ងប្រកាសច្បាប់អាជ្ញាសឹកដែលបរាជ័យ ដែលនេះបង្កសម្ពាធដល់រដ្ឋអាជ្ញាឱ្យចោទប្រកាន់លោកឱ្យបានឆាប់។
លោកយូនត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុនពីបទបះបោរ ដោយក្លាយជាប្រមុខរដ្ឋកូរ៉េខាងត្បូងដំបូងគេដែលត្រូវបានឃុំខ្លួនក្នុងការស៊ើបអង្កេតព្រហ្មទណ្ឌ។
ការប្រកាសច្បាប់អាជ្ញាសឹករបស់លោកកាលពីថ្ងៃទី៣ ខែធ្នូ មានរយៈពេលតែប្រហែល៦ម៉ោងប៉ុណ្ណោះ មុនពេលត្រូវបានបោះឆ្នោតច្រានចោលដោយសមាជិកសភា ប៉ុន្តែវាបានធ្វើឱ្យកូរ៉េខាងត្បូងធ្លាក់ចូលក្នុងវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។
តុលាការក្រុងសេអ៊ូលកណ្តាលបានបដិសេធសំណើសុំពន្យារការឃុំខ្លួននៅថ្ងៃសៅរ៍ ដូចដែលរដ្ឋអាជ្ញាបានថ្លែងក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ។
នេះបន្ទាប់ពីសាលក្រមរបស់តុលាការដដែលកាលពីមួយថ្ងៃមុន ពេលដែលចៅក្រមបានថ្លែងថា “ពិបាកក្នុងការរកឃើញមូលដ្ឋានគ្រប់គ្រាន់” ដើម្បីផ្តល់ការពន្យារពេល។
រដ្ឋអាជ្ញាបានគ្រោងទុកឃុំខ្លួនមេដឹកនាំដែលបាត់បង់កិត្តិយសរូបនេះរហូតដល់ថ្ងៃទី៦ ខែកុម្ភៈ សម្រាប់ការសាកសួរមុនពេលចោទប្រកាន់ជាផ្លូវការ ប៉ុន្តែផែនការនោះនឹងត្រូវកែសម្រួល។
លោក យូ ជុងហ៊ូន មេធាវី និងអ្នកវិភាគនយោបាយបានប្រាប់ AFP ថា “ជាមួយនឹងការបដិសេធពីតុលាការក្នុងការពន្យារពេល រដ្ឋអាជ្ញាត្រូវតែធ្វើការយ៉ាងឆាប់រហ័សដើម្បីចោទប្រកាន់លោកយូនជាផ្លូវការ ដើម្បីរក្សាការឃុំខ្លួនគាត់”។
លោកយូនបានបដិសេធមិនសហការជាមួយការស៊ើបអង្កេតព្រហ្មទណ្ឌ ដោយក្រុមមេធាវីការពារក្តីរបស់លោកលើកឡើងថា អ្នកស៊ើបអង្កេតខ្វះសិទ្ធិអំណាចស្របច្បាប់។
ប្រធានាធិបតីដែលត្រូវបានព្យួរតំណែងក៏កំពុងប្រឈមនឹងសវនាការដាច់ដោយឡែកមួយទៀតនៅតុលាការរដ្ឋធម្មនុញ្ញ ដែលប្រសិនបើតុលាការរក្សាការដកតំណែងរបស់លោក នឹងដកលោកចេញពីតំណែងជាផ្លូវការ។ ការបោះឆ្នោតមួយនឹងត្រូវធ្វើឡើងក្នុងរយៈពេល៦០ថ្ងៃ៕
ប្រភព៖ AFP/rc