ប្រែសម្រួល៖ ស-សម្បត្តិ
ទីក្រុងសេអ៊ូល៖ កាលពីថ្ងៃសៅរ៍ ទី២៥ មករា ឆ្នាំ២០២៥ កូរ៉េខាងជើងបានធ្វើការសាកល្បងមីស៊ីលយុទ្ធសាស្ត្រ តាមការរាយការណ៍របស់សារព័ត៌មានរដ្ឋ KCNA នៅថ្ងៃអាទិត្យ។
មេដឹកនាំប្រទេស លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការសាកល្បងនេះ ដែលត្រូវបានពិពណ៌នាថាជាការសាកល្បងបាញ់នៃ “ប្រព័ន្ធអាវុធសំខាន់”។
មីស៊ីលយុទ្ធសាស្ត្រក្រោមទឹកទៅលើផ្ទៃខាងលើបានហោះចម្ងាយ ១.៥០០ គីឡូម៉ែត្រ និងបានហោះរយៈពេលចន្លោះពី ៧.៥០៧ ទៅ ៧.៥១១ វិនាទី មុនពេលវាយប្រហារគោលដៅ។
ក្នុងរបាយការណ៍ដាច់ដោយឡែករបស់ KCNA នៅថ្ងៃអាទិត្យ ក្រសួងការបរទេសកូរ៉េខាងជើងបានប្រកាសធ្វើ “សកម្មភាពតបតវិញយ៉ាងខ្លាំងបំផុត” ប្រឆាំងនឹងសហរដ្ឋអាមេរិក ដរាបណាវ៉ាស៊ីនតោន “បដិសេធ” អធិបតេយ្យភាពរបស់ព្យុងយ៉ាង។
ក្រសួងបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយ KCNA ថា សម្ព័ន្ធយោធា និងការហ្វឹកហាត់រួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គឺជាមូលហេតុនៃភាពតានតឹងកើនឡើងក្នុងតំបន់។
សេចក្តីថ្លែងការណ៍នេះបានចេញមកក្រោយពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងទាក់ទងទៅកាន់លោក គីម ម្តងទៀត បន្ទាប់ពីពួកគេបានបង្កើតទំនាក់ទំនងការងាររួមគ្នាក្នុងអាណត្តិទីមួយរបស់លោក ត្រាំ។
លោក គីម ត្រូវបានដកស្រង់សម្តីថា មធ្យោបាយទប់ស្កាត់សង្គ្រាមរបស់កូរ៉េខាងជើងកំពុងត្រូវបាន “ធ្វើឱ្យកាន់តែល្អប្រសើរ” ខណៈដែលមេដឹកនាំរូបនេះក៏បានប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងពង្រឹងកងទ័ព។
“លោក គីម ជុងអ៊ុន បានអះអាងថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ នឹងខិតខំប្រឹងប្រែងជានិច្ច…ដើម្បីបំពេញបេសកកម្ម និងកាតព្វកិច្ចសំខាន់របស់ខ្លួនក្នុងការការពារសន្តិភាព និងស្ថិរភាពដ៏យូរអង្វែង និងចីរភាព ដោយផ្អែកលើកម្លាំងយោធាដែលអភិវឌ្ឍន៍កាន់តែខ្លាំងក្លានាពេលអនាគត។”
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ គឺជាឈ្មោះផ្លូវការរបស់កូរ៉េខាងជើង។
ក្នុងសេចក្តីថ្លែងការណ៍នៅពេលក្រោយមកនៅថ្ងៃដដែល មេបញ្ជាការកងទ័ពរួមកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលច្រើនគ្រាប់ពីតំបន់ដីគោក ឆ្ពោះទៅកាន់ទឹកដែនសមុទ្រនៅឆ្នេរខាងលិច នៅម៉ោងប្រមាណ ៤ រសៀល (៧ ព្រឹកម៉ោង GMT) នៅថ្ងៃសៅរ៍។
របាយការណ៍បានឱ្យដឹងថា ការសាកល្បងមីស៊ីលនេះជាផ្នែកមួយនៃផែនការកសាងសមត្ថភាពការពារជាតិប្រឆាំងនឹងសត្រូវដែលអាចកើតមាន ស្របទៅនឹងស្ថានភាពសុវត្ថិភាពក្នុងតំបន់ដែលកំពុងផ្លាស់ប្តូរ។
កាលពីដើមខែនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងក៏បានរាយការណ៍ថា លោក គីម បានត្រួតពិនិត្យការសាកល្បងដោយជោគជ័យនៃមីស៊ីលបាលីស្ទិកហៃពឺសូនិកចម្ងាយមធ្យមប្រភេទថ្មី។
ប្រភព៖ Reuters/ia