ប្រែសម្រួល៖ តារា
ការបណ្តេញចេញរបស់ Myles Lewis-Skelly ខ្សែការពារក្រុម Arsenal ក្នុងជ័យជម្នះ ១-០ លើទឹកដី Wolverhampton Wanderers កាលពីថ្ងៃសៅរ៍ បានធ្វើឱ្យលោក Mikel Arteta គ្រូបង្វឹកខឹងខ្លាំង ខណៈអ្នកវិភាគទូរទស្សន៍មានភាពភ្ញាក់ផ្អើលចំពោះការសម្រេចរបស់អាជ្ញាកណ្តាល Michael Oliver។
នេះជាកាតក្រហមទី៤ របស់ក្រុម Arsenal នៅរដូវកាលនេះ ពេល Lewis-Skelly ត្រូវបានបណ្តេញចេញក្រោយទាញជើង Matt Doherty នៅជិតប្រអប់គ្រោះថ្នាក់ក្រុម Wolves ពេលក្រុមម្ចាស់ផ្ទះព្យាយាមវាយបកវិញមុនចប់វគ្គទីមួយ។
Oliver បានបង្ហាញកាតក្រហមដោយផ្ទាល់ ហើយការសម្រេចនេះត្រូវបានគាំទ្រដោយអាជ្ញាកណ្តាលជំនួយវីដេអូ ដែលធ្វើឱ្យ Lewis-Skelly ត្រូវជាប់ទោសហាមឃាត់ ៣ប្រកួតបន្ទាប់របស់ Arsenal។
“ខ្ញុំខឹងខ្លាំងណាស់ ប៉ុន្តែខ្ញុំទុកឱ្យអ្នករាល់គ្នាវិនិច្ឆ័យ។ ដោយសារវាច្បាស់ណាស់ ខ្ញុំគិតថាពាក្យសម្តីរបស់ខ្ញុំមិនអាចជួយអ្វីបានទេ” នេះជាការប្រាប់ Sky Sports របស់លោក Arteta ក្រោយចប់ការប្រកួត។
លោក Arteta បានប្រាប់អ្នកកាសែតថា លោកមិនបានទទួលការពន្យល់អំពីកាតក្រហមនេះទេ ប៉ុន្តែសង្ឃឹមថាវានឹងត្រូវបានដកហូតដូចករណីកាតក្រហមរបស់ Bruno Fernandes ប្រឆាំងនឹងក្រុម Tottenham Hotspur កាលពីដើមរដូវកាលនេះដែរ។
“សង្ឃឹមថាយើងមិនចាំបាច់” ប្តឹងឧទ្ធរណ៍លើកាតក្រហមនេះ លោកបានថ្លែង។ “ប្រសិនបើយើងត្រូវធ្វើ វាជាករណីគំរូល្អមួយជាមួយនឹងអ្វីដែលបានកើតឡើងជាមួយ Bruno នៅរដូវកាលនេះ។ សង្ឃឹមថាអញ្ចឹង។”
Premier League បានចេញសេចក្តីថ្លែងការណ៍ថា កាតក្រហមនេះត្រូវបាន “ត្រួតពិនិត្យ និងបញ្ជាក់ដោយ VAR ដែលចាត់ទុកការប៉ះទង្គិចរបស់គេថាជាការលេងកីឡាមិនត្រឹមត្រូវធ្ងន់ធ្ងរ។”
ប៉ុន្តែលោក Mike Dean អតីតអាជ្ញាកណ្តាល Premier League បានថ្លែងថា កាតលឿងគួរតែគ្រប់គ្រាន់ហើយ។
“ខ្ញុំគិតថាវាធ្ងន់ធ្ងរពេក។ ខ្ញុំបានឃើញរូបភាព… ខ្ញុំគិតថាវាមិនមានកម្លាំងខ្លាំងទេ។ សម្រាប់ខ្ញុំ វាគ្រាន់តែជាការប៉ះគ្នាស្រាលៗពេលចុះមកប៉ុណ្ណោះ។ ខ្ញុំគិតថា VAR គួរតែចូលរួមពិនិត្យ” លោក Dean បានថ្លែង។
- មូលដ្ឋានសម្រាប់ការប្តឹងឧទ្ធរណ៍
លោក Dean ក៏បានថ្លែងថា Arsenal មានមូលដ្ឋានគ្រប់គ្រាន់សម្រាប់ការប្តឹងឧទ្ធរណ៍ ដែលប្រសិនបើជោគជ័យ នឹងធ្វើឱ្យ Lewis-Skelly អាចលេងប្រកួត Premier League ប្រឆាំងនឹងក្រុម Manchester City និង Leicester City ព្រមទាំងប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ League Cup ប្រឆាំងនឹងក្រុម Newcastle United ផងដែរ។
លោក Gary Lineker ពិធីករកម្មវិធី BBC Match of the Day បានពិពណ៌នាអំពីការបណ្តេញចេញនេះថាជា “ការសម្រេចចិត្តខុសឆ្គងយ៉ាងខ្លាំង” ហើយមានការភ្ញាក់ផ្អើលពេល Joao Gomes របស់ក្រុម Wolves មិនបានទទួលកាតក្រហមផ្ទាល់សម្រាប់ការប៉ះទង្គិចដែលហាក់ដូចជាធ្ងន់ធ្ងរជាង។
អ្នកវិភាគរួមគ្នា លោក Alan Shearer បានថ្លែងថា វាជា “ការសម្រេចចិត្តអាក្រក់បំផុតមួយដែលខ្ញុំបានឃើញក្នុងរយៈពេលយូរមកហើយ។”
“វាគួរតែជាកាតលឿង វាជាការសម្រេចចិត្តដ៏អាក្រក់មួយ។ មិនមានល្បឿន មិនមានភាពខ្លាំងក្លា វាមិនបានធ្វើឱ្យគូប្រកួតមានគ្រោះថ្នាក់ទេ ហើយវាកើតឡើងនៅចម្ងាយ ៩០ យ៉ាតពីគោលដៅ។ ដូច្នេះ មិនមែនជាកាតក្រហមឡើយ” គាត់បានថ្លែង។
“អ្វីដែលធ្វើឱ្យខ្ញុំព្រួយបារម្ភគឺមានជំនួយការ VAR និង VAR ដែលបានឃើញការចាក់ឡើងវិញច្រើនដង ហើយពួកគេគិតថាវាជាការលេងមិនត្រឹមត្រូវធ្ងន់ធ្ងរ។”
Riccardo Calafiori អ្នកស៊ុតបញ្ចូលទីរបស់ Arsenal បានថ្លែងថា វា “ច្បាស់ណាស់ថាមិនមែនជាកាតក្រហមទេ” ហើយថា Lewis-Skelly វ័យ ១៨ឆ្នាំ ដំបូងឡើយមានការខកចិត្តខ្លាំងជាមួយនឹងការសម្រេចនេះ។
“ឥឡូវនេះគេសប្បាយចិត្តណាស់ដែលក្រុមឈ្នះ និងរកឃើញវិធីឈ្នះ” Calafiori បានថ្លែង។
“គេព្រួយបារម្ភខ្លាំងអំពីអ្វីដែលនឹងកើតឡើងបន្ទាប់ ព្រោះគេមានអារម្មណ៍យ៉ាងមុតមាំថាមិនមានអ្វីត្រូវធ្វើជាមួយនឹងសកម្មភាពនោះទេ។”
ប្រភព៖ Reuters