ដោយ៖ ឧត្ដរ
ឧត្តរមានជ័យ÷ក្រុមការងារមន្ទីរធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យ កំពុងបញ្ជាគ្រឿងចក្រកាយដីសាងសង់ទំនប់ស្ទាក់ទឹកសម្រាប់ប្រើប្រាស់ បានប្រទះឃើញគ្រាប់មីនតោនចំនួន៥៥គ្រាប់ ស្ថិតនៅចំណុចអូរយាង ក្នុងភូមិអូរពក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។
លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានឱ្យដឹងថា បន្ទាប់ពីប្រទះគ្រាប់ជាច្រើនខាងលើនេះ ក្រុមការងារបានធ្វើការទំនាក់ទំនងបន្ទាន់ទៅមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា(CMAC) បានប្រគល់និងដឹកជញ្ជូនទៅកាន់ទីបញ្ជាការស៊ីម៉ាក់យកទៅរក្សាទុនៅខេត្តបន្ទាយមានជ័យអស់ហើយនាពេលនេះ។
លោកបានឲ្យដឹងទៀតថា គ្រាប់មីនតោនដែលគ្រឿងចក្របានកាយដីប្រទះឃើញជាច្រើនគ្រាប់នេះ គឺជាទីតាំងកប់គ្រាប់មួយកន្លែងបម្រើដល់ការធ្វើសង្គ្រាមសមរភូមិចុងក្រោយនៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ក្រោមគោលនយោបាយឈ្នះ ឈ្នះរបស់រាជរដ្ឋាភិបាល។
លោកប្រធានមន្ទីរបញ្ជាក់ថា ការសាងសង់ទំនប់ស្ទាក់នៅប្រភពទឹកមួយនេះពិតជាសំខាន់សម្រាប់ការផ្គត់ផ្គង់ទឹកជូនដល់ប្រជាពលរដ្ឋរស់នៅតំបន់អូរស្មាច់ ហើយកន្លងមកតំបន់នេះប្រឈមនឹងបញ្ហាខ្វះទឹកប្រើប្រាស់។អាជ្ញាធរបានកំណត់ទីតាំងរៀបចំអាងស្តុកទឹកនេះឡើង មានលទ្ធភាពស្តុកទឹកបានប្រមាណជា ៨៥០.០០០ម៉ែត្រត្រីគុណ ធានាបានការផ្គត់ផ្គង់ទឹកប្រើប្រាស់នៅតំបន់អូរស្មាច់ និងតំបន់ផ្អុង ទាំងរដូវប្រាំងនិងវស្សា៕