ប្រែសម្រួល៖តារា
គ្រូបង្វឹកក្លិបមេនឆេស្ទ័រស៊ីធី លោក ប៉េប ហ្គាឌីហ្សូឡា បានថ្លែងថា ក្រុមនានាបានផ្លាស់ប្តូរយុទ្ធសាស្ត្រ ដោយសារពួកគេលែងមានការភ័យខ្លាចក្រុមរបស់លោកទៀតហើយ ហើយនេះកំពុងធ្វើឱ្យយុទ្ធនាការ Champions League កាន់តែលំបាក។
ស៊ីធីស្ថិតនៅលំដាប់ទី២៥ ក្នុងតារាង Champions League ដោយនៅខ្វះពីរពិន្ទុទៀតដើម្បីឈានដល់កៅអីការប្រកួតវគ្គ playoff។ លោក ហ្គាឌីហ្សូឡា បានកត់សម្គាល់ឃើញការកើនឡើងនៃក្រុមប្រកួតដែលប្រើប្រាស់យុទ្ធសាស្ត្រការពារតាមខ្លួន។
“ក្រុមទាំងអស់មកកាន់ Etihad ហើយប្រើការការពារខាងក្រោយ” លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ។ “ក្រុមដំបូងដែលខ្ញុំឃើញប្រើយុទ្ធសាស្ត្រការពារតាមខ្លួនគឺ ណៃល វ៉នុក នៅក្លិបកាឌីហ្វ។ ឥឡូវនេះ គ្រប់គ្នាធ្វើបែបនេះ។ គ្រប់ក្រុមដែលមកទីនេះ ប្រើយុទ្ធសាស្ត្រការពារតាមខ្លួន។”
“ពួកគេត្រឹមតែលោតដាក់ (អ្នកចាំទី) អេដឺសុន ឬ ស្តេហ្វាន (អតេហ្គា)។ អ្នកត្រូវតែសម្របខ្លួន ត្រូវតែធ្វើឱ្យប្រសើរជាងមុនជាមួយបាល់ បើមិនដូច្នោះទេ អ្នកនឹងមិនអាចឆ្លងទៅវគ្គបន្ត Champions League បានឡើយ។”
គ្រូបង្វឹកជនជាតិអេស្ប៉ាញរូបនេះ បានថ្លែងថា ទោះបីជាក្រុមរបស់លោកត្រូវបានលេងលើដោយក្រុម Paris St Germain ក្នុងការចាញ់ ៤-២ កាលពីថ្ងៃពុធក្តី បញ្ហារបស់ពួកគេគឺទាក់ទងនឹងការប្រើប្រាស់បាល់ប្រកបដោយប្រសិទ្ធភាព ជាជាងកម្លាំងកាយ។
“ល្បឿនគឺសំខាន់ ប៉ុន្តែប្រឆាំងនឹង PSG យើងរត់ច្រើនជាងពួកគេ” លោកបាននិយាយ។ “បញ្ហារបស់យើងគឺនៅពេលមានបាល់។ នោះជាអ្វីដែលយើងខ្វះខាតនៅរដូវកាលនេះ។”
ក្រុមស៊ីធីបានចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធអេហ្ស៊ីប Omar Marmoush ពីក្លិប Eintracht Frankfurt កាលពីថ្ងៃពុធ បន្ទាប់ពីបានចុះកិច្ចសន្យាជាមួយខ្សែការពារប្រេស៊ីលវ័យ១៩ឆ្នាំ Vitor Reis និងខ្សែការពារអ៊ូសបេគីស្ថាន Abdukodir Khusanov។ ទម្រង់លេងមិនល្អថ្មីៗនេះរបស់ក្រុមស៊ីធី បានធ្វើឱ្យពួកគេឈ្នះបានតែមួយប្រកួតប៉ុណ្ណោះក្នុងចំណោម ១៣ប្រកួត។
ក្រុមស៊ីធីស្ថិតនៅលំដាប់ទី៥ ក្នុងតារាង Premier League ដោយនៅដាច់១២ពិន្ទុពីក្រុមនាំមុខ Liverpool ខណៈពួកគេត្រៀមទទួលក្រុម Chelsea ដែលឈរនៅលំដាប់ទី៤ នៅថ្ងៃសៅរ៍នេះ ដោយនៅខ្វះពីរពិន្ទុពីក្រុមមកពីទីក្រុងឡុងដ៍៕
ប្រភព៖ Reuters