ប្រែសម្រួល៖ តារា
ទីផ្សារប្រេងបានធ្លាក់ចុះកាលពីថ្ងៃសុក្រ មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានដាក់សម្ពាធទៅលើ OPEC និងប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាមេដឹកនាំជាក់ស្តែង ឱ្យបន្ថយតម្លៃក្នុងការជំរុញទូលំទូលាយដើម្បីបង្កើនផលិតកម្មប្រេងឆៅ។
ថ្លៃប្រេង Brent Crude Futures បានធ្លាក់ចុះ ៥០ សេន នៅត្រឹម ៧៧,៩៥ ដុល្លារក្នុងមួយបារ៉ែល នៅម៉ោង ០០:៤៤ GMT។ ប្រេង U.S. West Texas Intermediate (WTI) បានធ្លាក់ចុះ ៣១ សេន មកនៅត្រឹម ៧៤,៣១ ដុល្លារ។
លោក Trump ក្នុងសុន្ទរកថារបស់លោកកាលពីថ្ងៃព្រហស្បតិ៍នៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស បាននិយាយថា លោកនឹងទាមទារឱ្យអង្គការប្រទេសនាំចេញប្រេង (OPEC) បន្ថយថ្លៃប្រេងឆៅ។
លោក Trump ក៏បាននិយាយថា លោកនឹងស្នើឱ្យទីក្រុងរីយ៉ាដបង្កើនកញ្ចប់វិនិយោគសហរដ្ឋអាមេរិកដល់ ១ ទ្រីលានដុល្លារ កើនពី ៦០០ ប៊ីលានដុល្លារ ដែលទីភ្នាក់ងារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីតបានរាយការណ៍កាលពីពេលមុននៅថ្ងៃនោះ។
ភាពមិនច្បាស់លាស់អំពីគោលនយោបាយពន្ធគយរបស់លោក Trump និងលទ្ធភាពដែលប្រធានាធិបតីទើបចូលកាន់តំណែងថ្មីនឹងជំរុញឱ្យមានការបង្កើនផលិតកម្មប្រេងរបស់សហរដ្ឋអាមេរិក ក៏បានធ្វើឱ្យប៉ះពាល់ដល់ថ្លៃប្រេងនាពេលអនាគតផងដែរ នេះបើតាមការវិភាគ។
ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកដែលកំពុងថយចុះ ដែលបានធ្លាក់ដល់កម្រិតទាបបំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២២ កាលពីសប្តាហ៍មុន យោងតាមរដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាមេរិក បានរក្សាតម្លៃប្រេងមិនឱ្យធ្លាក់ចុះបន្ថែមទៀត។
របាយការណ៍ EIA ដែលចេញផ្សាយយឺតមួយថ្ងៃដោយសារថ្ងៃឈប់សម្រាកនៅសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានឱ្យដឹងថា ស្តុកប្រេងឆៅបានធ្លាក់ចុះ ១ លានបារ៉ែល មកនៅត្រឹម ៤១១,៧ លានបារ៉ែលក្នុងសប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី១៧ ខែមករា ដែលជាការធ្លាក់ចុះជាប់គ្នាជាលើកទី៩៕
ប្រភព៖ Reuters