ដោយ : បន្ទាយ / បាត់ដំបង : ករណីឃាតកម្មគិតទុកជាមុនដែលឃាតកជាកូនដើមបានសម្លាប់ឪពុកចុងនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបងនោះ ឥឡូវនេះបានទៅដល់ដៃតុលាការកំពូលហើយ បន្ទាប់ពីជនជាប់ចោទនិងម្តាយបានប្តឹងសាទុក្ខពីរឿងនេះ ។
ទោះជាយ៉ាងណាក៏ដោយ គ្រួសារជនរងគ្រោះសង្ឃឹមថា តុលាការកំពូលនឹងផ្តល់យុត្តិធម៌ដដែលដល់គ្រួសាររបស់ខ្លួន ពោលគឺដូចកាលពីនៅសាលាដំបូងនិងសាលាឧទ្ធរណ៍នៅខេត្តបាត់ដំបងដែលបានសម្រេចផ្តន្ទាទោសដាក់គុក អស់មួយជីវិតលើកូនដើមដែលជាឃាតកសម្លាប់ឪពុកដែលបានចិញ្ចឹមបីបាច់ខ្លួនតាំងពីតូច។
បើតាមកូនស្រីជនរងគ្រោះបានអោយដឹងនៅថ្ងៃទី២៤ខែមករាឆ្នាំ២០២៥ថា រឿងក្តីដែលកូនដើមឈ្មោះវណ្ណាវី វជ្ជនៈ ហៅដែន សម្លាប់ឪពុកចុងឈ្មោះហៃ សុភ័ក្ត្រដែលបានចិញ្ចឹមតាំងពីតូចនិងបានបញ្ជូនទៅរៀននៅប្រទេសអូស្ត្រាលីរហូតចេះដឹងមានសញ្ញាបត្រអនុបណ្ឌិត បែរជារមិលគុណ ហើយរៀបចំគម្រោង រួចសម្លាប់ឪពុកខ្លួនដោយចាក់៩កាំបិតពីក្រោយមិនអោយតដៃបាននោះ ជាឃាតកម្មដ៏សាហាវព្រៃផ្សៃ។
ហើយបើសិនជាជនជាប់ចោទ មិនត្រូវបានផ្ទន្ទាទោសដាក់គុកអស់១ជីវិតទេ វាពិតជាបង្ករការភ័យខ្លាចតាមគម្រាមកំហែងស្មារតីនិងជីវិតខ្លួននិងក្រុមគ្រួសារបន្ថែមទៀតជាមិនខាន។
ក្រុមគ្រួសារជនរងគ្រោះ សូមថ្លែងអំណរគុណសមត្ថកិច្ចនគរបាល ក៏ដូចជាតុលាការសាលាដំបូងនិងសាលាឧទ្ធរណ៍នៅបាត់ដំបង ដែលបានចាប់ ហើយផ្តន្ទាទោសជនជាប់ចោទដាកគុកអស់មួយជីវិតនិងអោយចេញសំណងជំងឺចិត្ត៦០០លានរៀល ។
ទោះបីជា តុលាការទាំង២ថ្នាក់(សាលាដំបូងនិងសាលាឧទ្ធរណ៍)បានសម្រេចក្តីដូច្នេះក៏ដោយ ក៏រឿងមិនទាន់ចប់នៅឡើយ ដោយជនជាប់ចោទនិងម្តាយបានបន្តប្តឹងទៅតុលាការកំពូលទៀត ។
ពួកគេនៅតែគឃ្លើននិងចិញ្ចឹមចិត្តមិនទទូលស្គាល់ការពិត ដែលផ្ទុយទាំងស្រុងពីលទ្ធផលស្រាវជ្រាវ ស៊ើបអង្កេត និងវត្ថុតាងនានារបស់សមត្ថកិច្ច ក៏ដូចជាការវិនិច្ឆ័យរបស់តុលាការ។
ហេតុនេះ គ្រួសារជនរងគ្រោះ សូមគោរពស្នើសុំឯកឧត្តមកើត រឹទ្ធិ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តមជីវ កេង ប្រធានតុលាការកំពូល លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការ អមតុលាការកំពូលមេត្តាទទួលពិនិត្យនិងចាត់ការសំណុំរឿងនេះ ដោយផ្តល់យុត្តិធម៌ដូចមុន ដដែល។
គួរកត់សម្គាល់ផងដែរថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីកើត រឹទ្ធិ ធ្លាប់មានប្រសាសន៍ថា : ករណីឃាតកម្មដ៏សាហាវឃោរឃៅក្នុងយុគសម័យនៃពិភពលោកបច្ចុប្បន្នដែលប្រព្រឹត្តដោយឧក្រឹដ្ឋជន តុលាការមិនត្រឹមតែកាត់ទោសដាក់ពន្ធនាគារជាអតិបរមាប៉ុណ្ណោះទេ ប៉ុន្តែត្រូវសងជម្ងឺចិត្តដល់គ្រួសារនៃជនរងគ្រោះដែលបាត់បង់ជីវិតយ៉ាងច្រើនផងដែរ។
សូមរំលឹកថា ឃាតកម្មកូនដើមសម្លាប់ឪពុកចុងនោះ ប្រព្រឹត្តកាលពីព្រលប់ថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២៣ នៅផ្ទះជនរងគ្រោះនាស្រុកភ្នំព្រឹកខេត្តបាត់ដំបង ។
ហើយត្រូវបានសមត្ថកិច្ចស្រាវជ្រាវ ចាប់ខ្លួនបាន រួចបញ្ជូនទៅតុលាការ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ:១៥៩០ ចុះថ្ងៃទី២១ខែធ្នូឆ្នាំ២០២៣ ។ សាលាដំបូងខេត្តនិងសាលាឧទ្ធរណ៍បានជំនំជម្រះជាបន្តបន្ទាប់ ដោយបានសម្រេចផ្តន្ទាទោសឈ្មោះវណ្ណាវី វជ្ជនៈ ហៅដែន ភេទប្រុស អាយុ៣៦ឆ្នាំដាក់ពន្ធនាគារ ” អស់មួយជីវិត” ពីបទ”ឃាតកម្មគិតទុកជាមុន”.និងសងជំងឺចិត្តចំនួន៦០០លានរៀល ។
សូមរំលឹកផងដែរថា តាមកាមេរ៉ាសុវត្ថិភាពនៅមុនកើតហេតុ បានបង្ហាញអោយឃើញកាន់តែច្បាស់ថា ឃាតកម្មនេះ ពិតជាអំពើគិតទុកជាមុន ដោយជនជាប់ចោទបានធ្វើអំពើព្រហើនកោងកាច ប្រើអាវុធ គម្រាមអាយុជីវិតជនរងគ្រោះ។
លុះដល់ថ្ងៃកើតហេតុ ជនជាប់ចោទបានជិះម៉ូតូពីក្រុងបាត់ដំបង ទៅដល់ផ្ទះជនរងគ្រោះនៅស្រុកភ្នំព្រឹក ដោយទុកម៉ូតូក្រៅរបង រួចបិទគុបភ្លើង ដើម្បីផ្តាច់ចរន្តអគ្គីសនីនិងកាមរ៉ាសុវត្ថិភាពក្នុងផ្ទះ ហើយសម្រុកចូលទៅចាក់នឹងកាំបិតចុងស្រួចលើជនរងគ្រោះពីផ្នែកខាងក្រោយលិចជ្រៅៗជាច្រើនកន្លែងដើម្បីមិនអោយតដៃបាន ។
បន្ទាប់ពីធ្វើសកម្មភាពសម្លាប់រួច ភ្លើងអគ្គីសនីនិងកាមរ៉ាសុវត្ថិភាពបានដំណើរការឡើងវិញ ក៏បានឃើញរូបភាពពីកន្លែងកើតហេតុដែលជនរងគ្រោះស្លាប់មានកៅអីដួល ស្លាកស្នាមឈាម ។
ឆ្លើយតបនឹងបទចោទប្រកាន់នេះ ជនជាប់ចោទវណ្ណាវី វជ្ជនៈ ហៅដែននិងម្តាយគឺអ្នកស្រីថោង ណាវី នៅក្នុងសវនាការកន្លងមក បានលើកឡើងបដិសេធនឹងបទប្រព្រឹត្ត ដោយនិយាយថា នោះជាជម្លោះរវាងខ្លួននិងជនរងគ្រោះហើយស្នើសុំការបន្ធូរបន្ថយទោសផងដែរ ៕