អន្តរជាតិ, uncategorized

អ្នកប្រព្រឹត្តកុបកម្មនៅវិមានសភារាប់រយនាក់ត្រូវបានដោះលែងពីពន្ធនាគារ ក្រោយការលើកលែងទោសទូលំទូលាយរបស់លោក Trump

ប្រែសម្រួល៖ ស-សម្បត្តិ
វ៉ាស៊ីនតោន៖ អ្នកគាំទ្រលោក Donald Trump រាប់រយនាក់ដែលកំពុងជាប់ពន្ធនាគារ ដោយសារការចូលរួមវាយប្រហារវិមានសភាអាមេរិកកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ត្រូវបានដោះលែងកាលពីថ្ងៃអង្គារ (ថ្ងៃទី២១ ខែមករា) បន្ទាប់ពីប្រធានាធិបតីថ្មីបានលើកលែងទោសមនុស្សជាង១,៥០០នាក់ រួមទាំងអ្នកដែលបានវាយប្រហារមន្ត្រីប៉ូលិសផងដែរ។

មន្ទីរពន្ធនាគារសហព័ន្ធបានឱ្យដឹងថា មនុស្ស២១១នាក់ត្រូវបានដោះលែងពីមន្ទីរឃុំឃាំងសហព័ន្ធ បន្ទាប់ពីបទបញ្ជារបស់លោក Trump។

ការលើកលែងទោសទូលំទូលាយរបស់លោក Trump ដែលមានវិសាលភាពធំជាងការរំពឹងទុករបស់សម្ព័ន្ធមិត្តរបស់គាត់ ទទួលបានការថ្កោលទោសពីសំណាក់មន្ត្រីប៉ូលិសដែលបានប្រយុទ្ធប្រឆាំងនឹងហ្វូងមនុស្សចលាចល ក្រុមគ្រួសាររបស់ពួកគេ និងសមាជិកសភា រួមទាំងសមាជិកគណបក្សសាធារណរដ្ឋមួយចំនួនដែលជាគណបក្សរបស់ប្រធានាធិបតីផងដែរ។

យោងតាមការស្ទង់មតិរបស់ Reuters/Ipsos ដែលបានបញ្ចប់នៅថ្ងៃអង្គារ ប្រជាជនអាមេរិកភាគច្រើនមិនគាំទ្រការសម្រេចចិត្តរបស់លោក Trump ទេ។

សេចក្តីសម្រេចនេះក៏ត្រូវបានរិះគន់ដោយសមាគមប៉ូលិសភាតរភាព (FOP) ដែលជាសហជីពប៉ូលិសធំជាងគេនៅសហរដ្ឋអាមេរិក និងធ្លាប់គាំទ្រលោក Trump នៅក្នុងការបោះឆ្នោតឆ្នាំ២០២៤។ FOP និងសមាគមប្រធានប៉ូលិសអន្តរជាតិបានថ្លែងក្នុងសេចក្តីប្រកាសរួមថា ពួកគេ “មានការខកចិត្តយ៉ាងខ្លាំង” ចំពោះការលើកលែងទោសនេះ។

ក្នុងចំណោមអ្នកដែលត្រូវបានដោះលែង មានលោក Stewart Rhodes ដែលជាអតីតមេដឹកនាំក្រុមស្តាំនិយមជ្រុល Oath Keepers ដែលកំពុងជាប់ទោស១៨ឆ្នាំ បន្ទាប់ពីត្រូវបានរកឃើញថាមានទោសក្នុងការរៀបចំផែនការប្រើកម្លាំងដើម្បីរារាំងសភាមិនឱ្យបញ្ជាក់ការបរាជ័យរបស់លោក Trump ក្នុងឆ្នាំ២០២០ ចំពោះលោក Joe Biden៕