សន្ដិសុខសង្គម

ស្នងការខេត្តបន្ទាយមានជ័យបង្ហាញលទ្ធផលប្រតិបត្តិការប្រចាំខែនិងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីចិន

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖  លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីប្រជាជនចិន និងវៀតណាម ដល់កងកម្លាំងនគរបាលក្រោមឱវាទ។នេះបើតាមមន្ត្រីនគរបាលបានឲ្យដឹងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរង ផែនការងារសេនាធិការ បានឡើងរាយការណ៍អំពីលទ្ធផលប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៥ (គិតពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥) និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីប្រជាជនចិន និងវៀតណាម។

ជាស្មារតីកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញផែនការយ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំងទាំងអស់ត្រូវពង្រឹងការគ្រប់គ្រងកម្លាំង ការប្រចាំការ២៤ម៉ោង, បន្តផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព, ពង្រឹងការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឲ្យបានល្អ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើងឲ្យមានប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ទោស្នងការ បានជំរុញដល់កម្លាំងទាំងអស់ត្រូវពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា, ពង្រឹងគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេស, ពង្រឹងគ្រប់គ្រងអាវុធគ្រឿងផ្ទុះ ត្រូវទប់ស្កាត់ឲ្យបានការលួចដុតកាំជ្រួច ផាវ ឬគ្រឿងផ្ទុះផ្សេងៗគ្មានច្បាប់អនុញាតក្នុងឱកាសបុណ្យចូលឆ្នាំចិន៕