ដោយ: ព្រះអង្គខ្មៅ
បាត់ដំបង÷ សំណុំរឿងឃាតកម្មបាញ់ស្រោចជាច្រើនគ្រាប់លើជនរងគ្រោះកាលពី ៣ឆ្នាំមុន សមត្ថកិច្ចកំណត់មុខសញ្ញាឃាត់ខ្លួនបានជនដៃដល់ជាជនទី ៣ម្នាក់ទៀត។
នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលជំនាញខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បានសហការគ្នាអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទម្នាក់ក្រោយការស្រាវជ្រាវជាសម្ងាត់មិនបោះបង់ទោះជាសំណុំរឿងខាងលើបានកន្លងផុតអស់ ៣ឆ្នាំ។
ជនសង្ស័យដែលឃាត់ខ្លួនបានពាក់ព័ន្ធករណីឃាតកម្មនេះមានឈ្មោះគន្ធា វីធួន ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធសំណុំរឿងឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅចំណុចក្រុមទី ១២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ ដោយយកមកផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
គួររម្លឹកថា÷ នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៧ឈានចូលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ត្រង់ចំណុចសួនច្បារមាត់ស្ទឹងសង្កែ ត្រើយខាងលិច ក្បែរវេទិការអុំទូក ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្រុមជនសង្ស័យបានបើករថយន្តមួយគ្រឿងដល់ចំណុចបង្កហេតុបានយកកាំភ្លើងខ្លីបាញ់សំដៅទៅលើក្រុមយុវជនមួយក្រុមទៀតដែលកំពុងអង្គុយលេងជុំគ្នា បណ្តាលឱ្យរងរបួសធ្ងន់-ស្រាល ២នាក់ និងស្លាប់ម្នាក់ពេលបញ្ជូនទៅមន្ទីរពេទ្យ ភ្លាមៗជនសង្ស័យបាននាំគ្នាជិះរថយន្តគេចខ្លួនបាត់ ក្រោយការស្រាវជ្រាវសមត្ថកិច្ចក៏ចុះឃាត់ខ្លួនមុខសញ្ញាបានជាបន្តបន្ទាប់។
ដោយឡែកជនដែលធ្វើសកម្មផ្ទាល់ក្នុងករណីខាងលើដែលទើបឃាត់ខ្លួនបាននេះ ចំពោះមុខកម្លាំងបង្ក្រាបបានកសាងសំណុំរឿងប្រគល់ឲ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ដើម្បីបន្តតាមនីតិវិធី៕