អន្តរជាតិ

ត្រីចិញ្ចឹមនៅជប៉ុនមានអារម្មណ៍ល្អឡើងវិញដោយសាររូបថតមនុស្ស និងឯកសណ្ឋានបុគ្គលិក

ប្រែសម្រួល៖ស្រីស្រស់

ត្រីក៏មានអារម្មណ៍ដែរ – យ៉ាងហោចណាស់ក៏ត្រូវបានបង្ហាញតាមរយៈត្រីព្រះអាទិត្យដែលនៅឯកាមួយក្នុងកន្លែងចិញ្ចឹមត្រីនៅប្រទេសជប៉ុន។

អ្នកថែទាំសត្វនៅឯ Kaikyokan ក្នុងក្រុង Shimonoseki ភាគខាងត្បូងមានការព្រួយបារម្ភនៅពេលដែលត្រី Mambo ហាក់ដូចជាឈឺ បន្ទាប់ពីមជ្ឈមណ្ឌលនេះបានបិទទ្វារដើម្បីជួសជុលនៅដើមខែធ្នូ។

បុគ្គលិកបានចាត់វិធានការផ្សេងៗដើម្បីជួយសត្វនេះ ប៉ុន្តេទទួលបានលទ្ធផលតិចតួច។

ពួកគេដំបូងសង្ស័យថាមានប៉ារ៉ាស៊ីត និងបញ្ហារំលាយអាហារ ពេលដែល Mambo ឈប់ស៊ីខ្យងជ្រូក និងចាប់ផ្តើមត្រដុសខ្លួនទៅនឹងអាងអាគ្រីលិក ដូចដែលកាសែត Mainichi Shimbun បានរាយការណ៍។

ប៉ុន្តែការរីកចម្រើនបានកើតឡើងនៅពេលដែលបុគ្គលិកម្នាក់បានស្នើថា ត្រីព្រះអាទិត្យនេះប្រហែលជាឯកោដោយសារខ្វះអ្នកទស្សនា ដូចដែលជលវប្បដ្ឋានបានបង្ហោះនៅលើបណ្តាញសង្គមកាលពីដើមខែនេះ។

ទោះបីជាជឿជាក់ថាមាន “៩៩ ភាគរយ” ថានឹងមិនអាចដំណើរការបាន បុគ្គលិកបានតុបតែងអាងត្រីជាមួយរូបថតមុខមនុស្ស និងឯកសណ្ឋានជលវប្បដ្ឋាន។

រូបភាពដែលចែករំលែកដោយជលវប្បដ្ឋានបង្ហាញពីការកាត់រូបក្បាលដែលបិទនៅលើទ្រុង ជាមួយនឹងឯកសណ្ឋានដែលព្យួរលើដងព្យួរខោអាវ និងរបារ។

វាបានដំណើរការ – សុខភាពរបស់ Mambo បានប្រសើរឡើងនៅថ្ងៃបន្ទាប់តែម្តង។

“ខ្ញុំពិតជាមិនអាចជឿបានទេ ប៉ុន្តេត្រីដែលកំពុងតាំងបង្ហាញនាពេលបច្ចុប្បន្នមានការចង់ដឹងចង់ឃើញ និងតែងតែហែលមកជិតផ្នែកខាងមុខនៃអាងនៅពេលមានអ្នកទស្សនា” នេះបើតាមសម្តីជលវប្បដ្ឋាន ដោយបន្ថែមថាវាអាចទៅរួចដែលការបាត់អ្នកទស្សនាភ្លាមៗពិតជាប៉ះពាល់ដល់សុខភាព។

ដោយសារការសង្កេតបន្ថែម និងការគ្រវីដៃកាន់តែច្រើនពីបុគ្គលិក សុខភាពរបស់ Mambo បានត្រលប់មកធម្មតាវិញ។

នៅមានពេលវេលាខ្លះទៀតមុនពេលត្រីនេះនឹងទទួលបានចរន្តអ្នកទស្សនាជាក់ស្តែងជាទៀងទាត់ ដោយសារមជ្ឈមណ្ឌលនេះគ្រោងនឹងបើកឡើងវិញនៅរដូវក្តៅឆ្នាំនេះ។

  • ត្រី MOLA MOLA

យោងតាមកាសែត Mainichi Shimbun Mambo បានមកដល់ Kaiyokan ពីឆ្នេរខេត្ត Kochi ក្នុងខែកុម្ភៈ ឆ្នាំ២០២៤។ នៅពេលនោះ វាមានប្រវែង ៧៩,៥ សង់ទីម៉ែត្រ និងមានទម្ងន់ប្រមាណ ២៨ គីឡូក្រាម។

វាបានធំធាត់ធំជាងមុនបន្តិច ហើយភេទរបស់ Mambo មិនទាន់ដឹងនៅឡើយទេ បើតាមរបាយការណ៍។

ត្រីព្រះអាទិត្យសមុទ្រ ដែលគេស្គាល់ថាជា mola mola អាចលូតលាស់រហូតដល់ប្រវែង ៣៣៥ សង់ទីម៉ែត្រ និងមានទម្ងន់រហូតដល់ ២,៥ តោន។

យោងតាម National Geographic ត្រីស៊ីសាច់និងរុក្ខជាតិនេះអាចរស់បានរហូតដល់ ១០ ឆ្នាំនៅក្នុងទ្រុង។

ទោះបីជាមានទំហំធំ និងរូបរាងខុសប្រក្រតីក៏ដោយ ត្រីព្រះអាទិត្យមិនគ្រោះថ្នាក់ដល់មនុស្សទេ។ ពួកវាស៊ីខ្យងជ្រូកជាចម្បង ប៉ុន្តែក៏ស៊ីត្រីតូចៗ និងសារាយផងដែរ។

វាត្រូវបានចុះក្នុងបញ្ជីជាប្រភេទងាយរងគ្រោះនៅក្នុងបញ្ជីក្រហមនៃប្រភេទដែលត្រូវការការអភិរក្សរបស់សហភាពអន្តរជាតិដើម្បីការពារធម្មជាតិ (IUCN)៕

ប្រភព៖ CNA/zl