កីឡា

គ្រូបង្វឹកក្រុមមេនឆេស្ទ័រយូណៃធីត រូបិន អាម៉ូរីម ចាត់ទុកក្រុមរបស់គាត់ថាជា «ក្រុមអន់បំផុត» ក្នុងប្រវត្តិសាស្ត្រក្លិប

ប្រែសម្រួល៖ តារា

គ្រូបង្វឹកក្រុមមេនឆេស្ទ័រយូណៃធីត រូបិន អាម៉ូរីម បានចាត់ទុកក្រុមរបស់គាត់ថាជា «ក្រុមអន់បំផុត» ក្នុងប្រវត្តិសាស្ត្រក្លិប បន្ទាប់ពីបរាជ័យក្នុងការប្រកួតក្របខ័ណ្ឌព្រីមៀរលីគមួយទៀតកាលពីថ្ងៃអាទិត្យ។

ក្រុមយូណៃធីតបានចាញ់ក្រុមប្រ៊ាតុន ៣-១ នៅកីឡដ្ឋាន អូល់ ត្រាហ្វត ដែលជាការបរាជ័យលើកទី១០ ក្នុងរដូវកាលដ៏អាក្រក់មួយនេះ ដែលធ្វើឱ្យក្លិបដ៏ល្បីល្បាញមួយនេះធ្លាក់ទៅលេខ១៣ ក្នុងតារាងពិន្ទុ។

លោក អាម៉ូរីម ដែលបានជំនួសគ្រូបង្វឹកចាស់ អេរិក ធិន ហាក់ កាលពីខែវិច្ឆិកា បានផ្តល់ការវាយតម្លៃដោយស្មោះត្រង់អំពីស្ថានភាពក្រុមរបស់គាត់ក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតថ្ងៃអាទិត្យ។

អាម៉ូរីមបានប្រាប់អ្នកសារព័ត៌មានថា៖ “សូមស្រមៃមើលថានេះជាអ្វីសម្រាប់អ្នកគាំទ្រមេនឆេស្ទ័រយូណៃធីត។ សូមស្រមៃមើលថានេះជាអ្វីសម្រាប់ខ្ញុំ។”

“យើងមានគ្រូបង្វឹកថ្មីម្នាក់ដែលចាញ់ច្រើនជាងគ្រូបង្វឹកមុន។ ខ្ញុំដឹងច្បាស់ពីរឿងនេះ។ ខ្ញុំនឹងមិនផ្លាស់ប្តូរទេ មិនថាមានរឿងអ្វីកើតឡើងក៏ដោយ។ ខ្ញុំដឹងថាយើងអាចជោគជ័យ ប៉ុន្តែយើងត្រូវតែរស់រានមានជីវិតក្នុងពេលនេះ។ ព្រោះខ្ញុំមិនមែនជាមនុស្សឆ្គងទេ ហើយខ្ញុំដឹងថាយើងត្រូវតែរស់រានឥឡូវនេះ។”

“យើងកំពុងក្លាយជាក្រុមអន់បំផុត ប្រហែលជា ក្នុងប្រវត្តិសាស្ត្រមេនឆេស្ទ័រយូណៃធីត។ ខ្ញុំដឹងថាអ្នករាល់គ្នាចង់បានចំណងជើង ប៉ុន្តែខ្ញុំនិយាយបែបនេះព្រោះយើងត្រូវតែទទួលស្គាល់វា និងផ្លាស់ប្តូរវា។ នេះហើយ ចំណងជើងរបស់អ្នក។”

វាអាចស្តាប់ទៅដូចជាការនិយាយលើសការពិត ប៉ុន្តែការវាយតម្លៃយ៉ាងមុតស្រួចរបស់អាម៉ូរីមមិនឆ្ងាយពីការពិតទេ។

ចាប់តាំងពីគាត់ទទួលបានតំណែង បិសាចក្រហម (ឈ្មោះហៅក្រុមមេនឆេស្ទ័រយូណៃធីត) រកបានត្រឹមតែ១១ពិន្ទុប៉ុណ្ណោះពីពិន្ទុដែលអាចរកបាន៣៣ពិន្ទុ ទម្រង់លេងដែលធ្វើឱ្យពួកគេស្ថិតក្នុងផ្លូវឆ្ពោះទៅរកលទ្ធផលអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រព្រីមៀរលីគ — លទ្ធផលអាក្រក់បំផុតបច្ចុប្បន្នគឺការបញ្ចប់នៅលេខ៨កាលពីរដូវកាលមុន។

អ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះទៅទៀត យូណៃធីតបច្ចុប្បន្នស្ថិតនៅជិតតំបន់គ្រោះថ្នាក់ធ្លាក់ទៅលីគក្រោមជាងពួកគេនៅជិតកំពូលតារាង — មេនឆេស្ទ័រយូណៃធីតធ្លាប់ធ្លាក់ទៅលីគក្រោមចុងក្រោយនៅឆ្នាំ១៩៧៤។

នៅពេលទទួលយកការងារកាលពីឆ្នាំមុន អាម៉ូរីមប្រាកដជាបានដឹងយ៉ាងច្បាស់ថាក្លិបកំពុងជួបការលំបាក — វាបានបន្តធ្វើបានមិនល្អអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ចាប់តាំងពីគ្រូបង្វឹកដ៏ល្បីឈ្មោះ អាឡិច ហ្វឺគូសុន ចូលនិវត្តន៍នៅឆ្នាំ២០១៣។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ — ដែលធ្លាប់ធ្វើឱ្យមនុស្សចាប់អារម្មណ៍ក្នុងអំឡុងពេលដឹកនាំក្លិប ស្ប៉តធីង ក្លិប ដឺ ព័រទុយហ្គាល់ — បានចាប់ផ្តើមធ្វើការភ្លាមៗ ដោយដាក់ឱ្យប្រើប្រាស់ប្រព័ន្ធលេងថ្មីមួយ ដែលត្រូវបាននឹកស្មានថានឹងនាំមកនូវសម័យកាលជោគជ័យថ្មីមួយ។

ប៉ុន្តែទោះបីជាមានសញ្ញាវិជ្ជមានខ្លះក៏ដោយ ភាពផ្ទៀងទាត់នៅតែបន្តជាបញ្ហាធ្ងន់ធ្ងរមួយ ដែលធ្វើឱ្យក្រុមធ្លាក់ចុះទៅកម្រិតថ្មីក្នុងលីគ។

អ្វីដែលប្រហែលជាធ្វើឱ្យអ្នកគាំទ្រកាន់តែខកចិត្តនោះគឺថា កីឡាករយូណៃធីតហាក់ដូចជាអាចលេងបានល្អក្នុងការប្រកួតជាក់លាក់មួយចំនួន។

មុនបុណ្យគ្រីស្ទម៉ាស់ ក្រុមបានយកឈ្នះគូប្រជែងក្នុងតំបន់ មេនឆេស្ទ័រស៊ីធី ២-១ ក្នុងលីគ ហើយថ្មីៗនេះស្មើជាមួយក្រុមនាំមុខលីគ លីវឺភូល ២-២។ កាលពីសប្តាហ៍មុន មេនឆេស្ទ័រយូណៃធីតក៏បានយកឈ្នះក្រុមអាសេណលក្នុងការប្រកួតវគ្គប៉េណាល់ទីនៃពានរង្វាន់ FA Cup ផងដែរ។

ប៉ុន្តែរវាងការលេងល្អទាំងនោះ យូណៃធីតត្រូវបានយកឈ្នះយ៉ាងងាយស្រួលដោយក្រុមដូចជា បូនម៉ាត វូលស៍ និងញូវកាសល។

អាម៉ូរីមបានទទួលស្គាល់យ៉ាងបើកចំហថា កីឡាករមិនទាន់យល់ច្បាស់ពីប្រព័ន្ធលេងថ្មីរបស់គាត់នៅឡើយទេ ប៉ុន្តែគាត់អះអាងថាគាត់នឹងមិនផ្លាស់ប្តូររបៀបរបស់គាត់ទេ ទោះបីជាវានាំឱ្យមានការបរាជ័យបន្ថែមទៀតក្នុងរយៈពេលខ្លីក៏ដោយ។

គាត់បានបន្ថែមថា៖ “ខ្ញុំនឹងមិនផ្លាស់ប្តូររបៀបដែលខ្ញុំមើលឃើញហ្គេមទេ ខ្ញុំច្បាស់លាស់ណាស់។ កីឡាករនឹងរងទុក្ខ អ្នកគាំទ្រនឹងរងទុក្ខ ខ្ញុំសុំទោស។”

ទោះយ៉ាងណា នៅមានពន្លឺសង្ឃឹមមួយសម្រាប់អ្នកគាំទ្រយូណៃធីតក្នុងចំណោមលទ្ធផលដ៏អាក្រក់ទាំងនេះ។

យោងតាម Reuters លើកចុងក្រោយដែលយូណៃធីតចាញ់១០ប្រកួតក្នុងចំណោម២២ប្រកួតដំបូងនៃរដូវកាលលីគគឺនៅរដូវកាល១៩៨៩-៩០។ គ្រូបង្វឹកនៅពេលនោះគឺ ហ្វឺគូសុន វ័យក្មេង គ្រូបង្វឹកដដែលដែលបន្ទាប់មកបានឈ្នះពានលីគ១៣ដងសម្រាប់ក្លិប។

អាម៉ូរីម និងកីឡាកររបស់គាត់មានឱកាសដើម្បីធ្វើឱ្យរដូវកាលរបស់ពួកគេត្រឡប់មកវិញនៅពេលដែលពួកគេជួបក្រុមរេនឆឺស ក្នុងការប្រកួតក្របខណ្ឌ Europa League នៅថ្ងៃព្រហស្បតិ៍៕