ព័ត៌មានជាតិ

ស្ពាន«អុងកូ»តភ្ជាប់ផ្លូវមាត់ទន្លេរវាងស្រុកកោះសូទិននិងស្រុកអូរាំងឪស្ថាបនារួចរាល់

ដោយ៖ គង់ហេង

កំពង់ចាម៖ ស្ពានបេតុងឈ្មោះ«អុងកូ»ដ៏ថ្មីសន្លាងតភ្ជាប់ផ្លូវបេតុងមាត់ទន្លេរវាងស្រុកកោះសូទិន ខេត្តកំពង់ចាម  និងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានស្ថាបនាហើយរួចរាល់ ១០០ភាគរយ កាលពីចុងឆ្នាំ២០២៤ ស្ថិតក្រោមគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន២ (DRM2)។

នេះបើយោងតាមការឱ្យដឹងក្នុងការអញ្ជើញចុះពិនិត្យសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ស្ថិតក្នុងឃុំពង្រ ស្រុកកោះសូទិន ដឹងនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីថ្ងៃទី១៩ មករា កន្លងទៅនេះ។

សូមបញ្ជាក់ថា ស្ពាន«អុងកូ»ចាស់ក៏ជាស្ពានបេតុងដែរ ប៉ុន្តែមានប្រវែងខ្លី និងតូចចង្អៀត និងចាស់ទ្រុឌទ្រោមបានបាក់ស្រុត ហើយរាជរដ្ឋាភិបាលបានសម្រេចឱ្យក្រសួងអភិវឌ្ឍន៍ជនបទ ស្ថាបនាស្ពានបេតុងថ្មីនេះ ដែលមានទទឹង ៨ ម៉ែត្រ និងបណ្តោយ ៧៣ ម៉ែត្រកាលពីដើមឆ្នាំ២០២៤ និងបានហើយរួចរាល់នៅចុងឆ្នាំ២០២៤នេះ៕