ព័ត៌មានជាតិ

លោកទូតចិនថា៖«ជួយប្រទេសកម្ពុជាគឺជួយប្រទេសចិន»

ដោយ :  បន្ទាយ

បន្ទាយមានជ័យ : លោកវ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាប្រជាមានិតចិន ប្រចាំកម្ពុជាបានថ្លែងថា ជួយប្រទេសនិងប្រជាជនកម្ពុជា គឺជួយប្រទេសនិងប្រជាជនចិន។

លោកទូតថ្លែងដូច្នេះកាលពីព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០២៥  ខណ:អញ្ជើញរួមព្រះរាជដំណើរជាមួយសម្តេចព្រះរាជបុត្រីអនុជ នរោត្តម អារុណរស្មី ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ-សមាជិកព្រឹទ្ធសភា យាង អញ្ជើញក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនិងសម្ពោធដាក់ឲ្យប្រើប្រាស់នូវស្ពានបេតុងមិត្តភាពកម្ពុជា ចិន ដែលជាជំនួយឧបត្ថម្ភរបស់របស់មូលនិធិមុទិតានិងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាឆ្លងស្ទឹងមង្គលបូរីនៅវត្តបុព្វសាលារាមហៅវត្តភគនេស ស្ថិតនៅភូមិអន្សមចេក ឃុំសឿស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ។

លោកម៉េង ហួរ តំណាងមូលនិធិមុទិតាមានប្រសាសន៍ថា:  តាមព្រះរាជតម្រិះសម្តេចព្រះរាជបុត្រីអនុជ នរោត្តម អារុណរស្មី ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ-សមាជិកព្រឹទ្ធសភានិងជាព្រះប្រធានមូលនិធិមុទិតា បានចាត់ឲ្យលោកនិងក្រុមការងារចុះពិនិត្យនិងដំណើរការសាងសង់ស្ពានមិត្តភាពកម្ពុជា ចិន-សឿនេះឡើង គឺដោយសារស្ពានឈើចាស់ឆ្លងស្ទឹងមង្គលបូរីនៅមុខវត្ត បណ្តោយ៣៥ម៉ែត្រគុណ៤,៨ កម្ពស់១០ម៉ែត្រ ទ្រុឌទ្រោមមិនអាចប្រើប្រាស់តទៅទៀតបាន ហើយព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃ គណៈកម្មការ អាចារ្យ ប្រជាពុទ្ធបរិស័ទសំណូមពរទៅព្រះអង្គម្ចាស់ក្សត្រី ដ្បិតបច្ច័យដែលវត្តរកបានមិនអាចគ្រប់គ្រាន់ក្នុងការសាងសង់ ។ ព្រះគ្រូចៅអធិការវត្តបានធ្វើចុតហ្មាយទៅកាលពីថ្ងៃទី០១ខែកក្កដាឆ្នាំ២០២១ មកម្ល៉េះ ។

តមក ក្រុមការងារចុះពិនិត្យ ចុះសិក្សា រកប្រភពថវិកានិងសម្រេចសាងសង់ស្ពានបេតុងថ្មីនៅប្របគ្នាមានបណ្តោយ៤០ម៉ែត្រគុណទទឹង៥,២ម៉ែត្រ កម្ពស់១០ម៉ែត្រ ។ ថ្ងៃទី២៧ខែកុម្ភ:ឆ្នាំ២០២២ បានធ្វើពិធីសែនក្រុងពាលីសាងសង់ ហើយរួចរាល់នៅខែតុលាឆ្នាំ២០២២ ។

លោកម៉េង ហួ បន្តថា : ការសាងសង់នេះ គឺបច្ចេកទេស ប្លង់ស្ថាបត្យកម្ម វិស្វករសាងសង់គឺពីមូលនិធិមុទិតា និងសម្ភារសំណង់ពីស្ថានទូតសាធារណរដ្ឋប្រជាបមានិតចិនប្រចាំកម្ពុជានិងបង្គ្រប់ថ្លៃឈ្នួលជាងបានពីវត្តនិងពុទ្ធបរិស័ទ ។

លោកតាវង្ស លន ប្រធានគណ:កម្មការវត្តវត្តបុព្វសាលារាមហៅវត្តភគនេស

អោយដឹងថា: ស្ពានថ្មីនេះ មានប្រយោជន៍សម្រាប់ប្រជាពលរដ្ឋផ្ទាល់ប្រមាណ១០០០គ្រួសារ ស្មើជាង៦ ០០០នាក់នៃ៣ឃុំគឺឃុំសឿស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ.ឃុំល្វានិងឃុំគោកខ្ពស់ស្រុកបវេលខេត្តបាត់ដំបង ពោលគឺមិនត្រឹមតែព្រះសង្ឃ ពុទ្ធបរិស័ទ ប្រជាកសិករប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអោយលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សបានប្រើប្រាស់ដែលបានផ្តល់នូវភាពងាយស្រួល បង្កើនជីវភាពនិងសុភមង្គលមង្គលរុងរឿង។

សម្តេចព្រះរាជបុត្រីអនុជ នរោត្តម អារុណរស្មី ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ-សមាជិកព្រឹទ្ធសភានិងជាព្រះប្រធានមូលនិធិមុទិតាមានព្រះសវនីយ៍ថ្លែងអំណរគុណនិងជូននូវពរជ័យជូនលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងសហការីគ្រប់ថ្នាក់ដែលបានទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅ បានរៀបចំកម្មវិធីសំណេះសំណាលនិងសម្ពោធស្ពាននេះដ៏មហោឡារឹកអធឹកអធមមានរបៀបពិធីការដ៏រៀបរយ សក្តិសមកិត្តិយសនិងដែលមានវត្តមានព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃ អាចារ្យ គណៈកម្មការ ប្រជាពុទ្ធបរិស័ទ មន្ត្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង យុវជន យុវនារី កុមារយ៉ាងច្រើន។

ក៏ថ្លែងអំណរគុណឯកអគ្គរដ្ឋទូតចិន ស្ថានទូតនិងរដ្ឋាភិបាលចិនដែលបានផ្តល់ជំនួយសម្រាប់ការកសាងស្ពាននេះ ក៏ដូចជាសមិទ្ធផលនានាដែលកសាងឡើងដោយមូលនិធិមុទិតាកន្លងមកថ្មីៗនេះដូចជា អគារសិក្សាសម្តេចឪ សម្តេចម៉ែ២ខ្នង នៅខេត្តសៀមរាប ,បណ្ណាល័យ១ខ្នងនៅស្រុកគីរីវង្សខេត្តតាកែវ ,អគារស្នាក់នៅសិស្ស និស្សិតនៅខេត្តកំពត ,បានផ្តល់អាហារូបករណ៍ដល់និស្សិតទៅសិក្សានៅប្រទេសចិន និស្សិតបានមកចូលរួមធ្វើពិធីការិនីនិងបកប្រែភាសាផងដែរ,បានឧបត្ថម្ភថវិកាសម្រាប់គ្រឿងនិងសម្លៀកបំពាក់របាំព្រះរាជទ្រព្យជាដើម ។

សម្តេចព្រះរាជបុត្រីអនុជ នរោត្តម អារុណរស្មី មានសវនីយ៍ដោយសូមបួងសួង ឧទ្ទិសមហាកុសល ឧបក្ការ:គុណនេះថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតន:កោដិ ព្រះមហាវីរក្សត្រ សម្តេចឪ សម្តេចតានរោត្ត សីហនុ ,ថ្វាយព្រះពរចំពោះហ្លួងម៉ែ និងព្រះករុណាសម្តេចព្រះបរមវរនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនិងប្រជាជាតិកម្ពុជាយើងផងដែរ។ ជាពិសេសសូមឧទ្ទិសចំពោះចំណងមិត្តភាព សាមគ្គីភាពចំពោះមហាមិត្តថ្នាក់ដឹកនាំនិងប្រជាជនចិនផងដែរ ។

លោកវ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានថ្លែងថា : លោករីករាយនិងកក់ក្តៅក្នុងដំណើរទស្សនកិច្ចលើកដំបូងមកកាន់ខេត្តបន្ទាយមានជ័យនិងបានបន្ថែមនូវជំនួយពីប្រទេសចិនមកដល់ប្រជាជនខេត្តនេះ ។

លោកថ្លែងបន្តថា : ទស្សន:របស់លោកស៊ី ជីនពីង ប្រធានរដ្ឋចិននិងថ្នាក់ដឹកនាំចិនគឺថា យើងជួយប្រទេសនិងប្រជាជនកម្ពុជា គឺជួយប្រទេសនិងប្រជាជនចិន ព្រោះយើងជាមិត្តដែកថែបជាមួយគ្នា ហើយប្រទេសចិនបាននឹងបន្តជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាលើគ្រប់វិស័យ ។ដោយឡែកចំពោះ កែលម្អ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ សង់ស្ពាន ផ្លូវគឺប្រទេសចិនបានជួយសាងសង់ធំៗជាច្រើនរួចមកហើយ ស្ពានមួយតូចនៅទីនេះនឹងបានជួយអោយប្រជាជនមានភាពងាយស្រួល ជីវភាពប្រសើរឡើងនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ។

ហើយសូមឧទ្ទិសសមិទ្ធផលនេះដើម្បីបន្តតភា្ជប់ចំណងមិត្តភាពនិងបេះដូងកម្ពុជា ចិន។

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនដ៏ខ្លីខាងមុខនេះ  លោកទូតចិនក៏បានសូមជូនពរជ័យ ចម្រើនរុងរឿងដល់ថ្នាក់ដឹកនាំនិងប្រជាជនខេត្តបន្ទាយមានជ័យផងដែរ ហើយថានឹងជម្រុញអោយខេត្តមានសក្តានុពលខាងកសិកម្ម ពាណិជ្ជកម្ម  សេវាកម្ម តំបន់ព្រំដែនមួយនេះរឹងរឹតតែរីកចម្រើន ហើយប្រជាជនមានជីវភាពប្រសើរឡើងទៀត។

ក្នុងនោះ ស្ថានទូតនឹងជំរុញអោយខេត្តយូណាននិងខេត្តបន្ទាយមានជ័យបន្តកិច្ចសហប្រតិបត្តិការឡើងវិញដូចជាចុះអនុស្សរណ:យោគយល់គ្នា(MoU)  ជួយឧទ្យានគំរូបច្ចេកទេសនិងកសិកម្មមិត្តភាពបន្ទាយមានជ័យ-យូណាន, ទាក់ទាញអ្នកវិនិយោគមកបង្កើតសហគ្រាសនិងរោងចក្រច្នៃកសិផលជាដើម៕